របាយការណ៍​មួយ​របស់​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​អាច​បង្ខំ​ឱ្យ​មនុស្ស​ជាង​ ២០០ លាន​នាក់​ ជម្លៀស​ទី​លំនៅ​ក្នុង​រយៈ៣ទសវត្សរ៍​ខាង​មុខ និង​បង្កើត​ចំណុច​ក្តៅ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ បើ​សិន​គ្មាន​ការ​ចាត់​វិធានការ ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​របស់​ពិភពលោក​ និង​តភ្ជាប់​គម្លាត​នៃ​ការ​អភិវឌ្ឍ​។

ផ្នែក​ទី២ នៃ​របាយការណ៍​ហ្គ្រោនស្វែល​ (Groundswell) ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​ ១៣ កញ្ញា បាន​ពិនិត្យ​មើល​របៀប​ដែល​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដូចជា​កង្វះ​ខាត​ទឹក ការ​ថយ​ចុះ​ផលិតភាព​ដំណាំ និង​ការ​កើន​ឡើង​នូវ​កម្ពស់​ទឹក​សមុទ្រ អាច​បង្ក​ឱ្យ​មាន​ «ជន​ចំណាក​ស្រុក​អាកាស​ធាតុ​» រាប់​លាន​នាក់​នៅ​ឆ្នាំ ២០៥០ ក្រោម​សេណារីយោ៣​ផ្សេង​គ្នា​ដែល​កម្រិត​ខុស​ៗ​គ្នា​នៃ​សកម្មភាព​អាកាសធាតុ​ និង​ការ​អភិវឌ្ឍ​។

ក្នុង​សេណារីយោ​អាក្រក់​បំផុត​ ដែល​មាន​កម្រិត​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ខ្ពស់​ និង​មាន​ការ​អភិវឌ្ឍ​មិន​ស្មើ​ភាព​គ្នា​ របាយការណ៍​នេះ​ព្យាករ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​ ២១៦លាន​នាក់​នឹង​ត្រូវ​បង្ខំ​ឱ្យ​ជម្លៀស​ចេញ​ពី​លំនៅ​របស់​ពួកគេ​ នៅ​តាម​បណ្ដា​ប្រទេស​នៃ​តំបន់​ចំនួន​ ៦ ដែល​ត្រូវ​បាន​វិភាគ គឺ​តំបន់​អាមេរិក​ឡាតាំង​ តំបន់​អាហ្វ្រិក​ខាង​ជើង​ តំបន់​អាហ្វ្រិក​ក្រោម​សាហារ៉ា​ តំបន់​អឺរ៉ុប​ខាង​កើត-អាស៊ី​កណ្ដាល​ តំបន់​អាស៊ី​ខាង​ត្បូង​ និង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​។ ក្នុង​សេណារីយោ​នេះ​ តំបន់​អាហ្វ្រិក​ក្រោម​សាហារ៉ា​នឹង​មាន​ជន​ចំណាក​ស្រុក​អាកាស​ច្រើន​ជាង​គេ​ ប្រមាណ​ ៨៦ លាន​នាក់​ ខណៈ​ពេល​ដែល​តំបន់​អាហ្វ្រិក​ខាង​ជើង​នឹង​មាន​សមាមាត្រ​ជន​ចំណាក​ស្រុក​អាកាសធាតុ​ខ្ពស់​ជាង​គេ ដោយ​ប្រមាណ​ ៩ ភាគរយ​នៃ​ប្រជាជន​សរុប​នឹង​ក្លាយ​ជា​ជន​ចំណាក​ស្រុក​អាកាស​ធាតុ​។

នៅ​ក្នុង​សេណារីយោ សុទិដ្ឋិនិយម​បំផុត ដែល​មាន​កម្រិត​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ទាប និង​មាន​ការ​អភិវឌ្ឍ​ស្មើ​ភាព​គ្នា​ប្រកប​ដោយ​និរន្តរភាព​ គេ​នៅ​តែ​ព្យាករ​ថា​មនុស្ស​ ៤០ លាន​នាក់ ​នឹង​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន​របស់​ខ្លួន​។

របាយការណ៍​មិន​បាន​ពិនិត្យ​ទៅ​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ទេ​ ហើយ​ក៏​មិន​បាន​ពិនិត្យ​ទៅ​លើ​ការ​ចំណាក​ស្រុក​ឆ្លង​ព្រំដែន​អន្តរជាតិ​ផង​ដែរ​។

យ៉ាង​ណា​មិញ​អ្នក​និពន្ធ​របាយការណ៍ ​បាន​ណែនាំ​ឱ្យ​បណ្ដា​ប្រទេស​ជុំវិញ​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បី​សម្រេច «ការ​បញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​ នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ដើម្បី​មាន​ឱកាស​កំណត់​ការ​កើន​កម្ដៅ​ផែនដី​ឱ្យ​នៅ​ត្រឹម​ ១,៥ អង្សា​សេ» និង​ធ្វើ​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​តាម​គោលការណ៍​របស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​៕