សមាជិក​ជាន់​ខ្ពស់​ក្រុម​តាលីបង់ ​១ រូប​ និយាយ​ថា ​ស្ត្រី​អាហ្វហ្គានីស្ថាន​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ជាមួយ​បុរស​ឡើយ​ ដោយ​នេះ​ជា​ជំហរ​មួយ​ដែល​នឹង​ហាម​ឃាត់​ស្ត្រី​ពី​ការងារ​ក្នុង​វិស័យ​សំខាន់​ៗ​ដូចជា​ រដ្ឋាភិបាល​ធនាគារ ស្ថាប័ន​ព័ត៌មាន​ ប្រសិន​បើ​អនុវត្ត​ជា​ផ្លូវ​ការ​។

លោក ​វ៉ាហីឌុលឡាហ៍ ហាស៊ីមី​ សមាជិក​ជាន់​ខ្ពស់​ក្រុម​តាលីបង់​ និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ថ្នាក់​ដឹក​នាំ បាន​ប្រាប់​ភា្នក់ងារ​សារព័ត៌មាន​ Reuters ថា​ពួកគេ​គ្រោង​អនុវត្ត​ច្បាប់​សារីយ៉ា​ដ៏​តឹងរ៉ឹង​ ថ្វី​បើ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ដើម្បី​អនុញ្ញាត​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ធ្វើ​ការ​នៅ​កន្លែង​ដែល​ពួកគេ​ចង់​។

«យើង​បាន​ប្រយុទ្ធ​អស់​រយៈ​ពេល​ជិត ៤០ ឆ្នាំ​ ដើម្បី​នាំ​យក​ប្រព័ន្ធ​ច្បាប់​សារីយ៉ា​មក​កាន់​អាហ្វហ្គានីស្ថាន» លោក ​ហាស៊ីមី ​និយាយ​បែប​នេះ ហើយ​បន្ត​ទៀត​ថា​៖ «សារីយ៉ា​មិន​អនុញ្ញាត​ឱ្យ​បុរស​ និង​ស្ត្រី ជួបជុំ​គ្នា ឬ​អង្គុយ​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​ទេ​»។

លោក​បន្ថែម​ថា​៖ «បុរស​និង​ស្ត្រី​មិន​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ទេ។ នោះ​ គឺ​ច្បាស់​ហើយ។ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ការិយាល័យ​របស់​យើង និង​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​របស់​យើង​ទេ​»​។

ចាប់​តាំង​ពី​ចូល​កាន់​អំណាច​ ក្រុម​តាលីបង់​បាន​និយាយថា ​ស្ត្រី​នឹង​អាច​ចូល​ធ្វើ​ការ​ និង​ទទួល​ការ​អប់រំ​តាម​ដែន​កំណត់​របស់​ច្បាប់​សារីយ៉ា​។ ប៉ុន្តែ​គេ​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​ភាព​ជាក់​ស្ដែង​នៃ​ការ​លើក​ឡើង​បែប​នេះ​។ កាល​ពី​ពួកគេ​ចូល​កាន់​អំណាច​ដំបូង​កាល​ពី​ឆ្នាំ​ ១៩៩៦ ដល់​ ២០០១ ក្រុម​តាលីបង់​បាន​ហាមឃាត់​មិន​ឱ្យ​ស្ត្រី​ចូល​ធ្វើ​ការ​ និង​ទទួល​ការ​អប់រំ​។

បញ្ហា​សិទ្ធិស្ត្រី​ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​របស់​សហគមន៍​អន្តរជាតិ ហើយ​អាច​ប៉ះពាល់​ដល់​ការ​ផ្ដល់​ជំនួយ​មក​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​មនុស្សធម៌​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ជំហរ​របស់​លោក​ ហាស៊ីមី​ នឹង​ឆ្លុះ​បញ្ចាំង​គោលនយោបាយ​របស់​រដ្ឋាភិបាល​តាលីបង់​ដែរ​ឬ​ទេ​។ អ្នកនាំពាក្យ​តាលីបង់​បាន​ជំរុញ​ឱ្យ​ស្ត្រី​ត្រឡប់​មក​ធ្វើ​ការ​វិញ ប៉ុន្តែ​មាន​ការ​រាយការណ៍​ជា​ច្រើន​អំពី​ការ​បណ្ដេញ​ស្ត្រី​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​ពួកគេ​ឱ្យ​ទៅ​ទី​លំនៅ​វិញ​ ហើយ​ក៏​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​បាតុកម្ម​គាំទ្រ​សិទ្ធិ​ស្ត្រី​ផង​ដែរ​៕