​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៌​នេះ​ ប្រធាន​រដ្ឋអាជ្ញា​ហៃ​ទី​កំពុង​ស្វែងរក​ការ​-​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ហៃ​ទី លោក ​Ariel Henry ​ទាក់ទង​នឹង​ឃាតកម្ម​ប្រធានាធិបតី​ហៃ​ទី លោក ​Jovenel Moise​។ ​ប្រធាន​រដ្ឋអាជ្ញា​ចោទ​នាយករដ្ឋមន្ត្រី​រូប​នោះ​ថា បាន​ទាក់ទង​ជាមួយ​ជនសង្ស័យ​ដែល​ធ្វើឃាត​លោក Moise ដែល​ត្រូវបាន​សម្លាប់​កាលពី​ខែកក្កដា ឆ្នាំនេះ​។​

​លោក Bed-Ford Claude​ រដ្ឋអាជ្ញា​សហព័ន្ធ​បាន​សុំឱ្យ​ចៅ​​ក្រម​ស៊ើបអង្កេត​ករណី​ឃាតកម្ម​របស់ លោក Moise ដើម្បី​ចោទ​​ប្រកាន់​លោក ​Henry ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ​ ដោយ​លោក Henry បានធ្វើការ​ទាក់​​ទង​ជាមួយ​ជនសង្ស័យ​តាមរយៈ​ការហៅ​ទូរស័ព្ទ​។ លោក Claude ​ក៏បាន​ស្នើសុំ​ការហាមឃាត់​លោក Henry ក្នុងការ​ធ្វើដំណើរ​ចេញពី​ប្រទេស​ហៃ​ទី ផងដែរ​។​

​បន្ទាប់ពី​លោក Henry​ទទួល​-​រង​ការប្រកាន់​ទាក់ទង​នឹង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ប្រ​ធានា​​ធិបតី​ខ្លួន​លោក​ក៏បាន​ធ្វើការ​ប​ដិ​សេធ​ការចោទប្រកាន់​នេះ​។ លោក Henry​ បាន​និយាយ​ផង​ដែរ​ថា ការចោទប្រកាន់​មកលើ​រូបលោក​ គឺជា​យុទ្ធសាស្ត្រ​បង្វែរ​ទិសដៅ​ក្នុង​គោលបំណង​បង្កើត​ការភាន់ច្រឡំ​។ នេះ​បើ​យោងតាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន Aljazeera។​

​តាម​ការ​ស្រង់​សម្តី​របស់​ប្រភព​ដដែល​លោក Henry កាលពី​ថ្ងៃទី ១១ កញ្ញា ​បាន​បន្ត​និយាយថា​៖ «​ជនល្មើស មេគំនិត និង​អ្នក​ផ្សំ​គំនិត​ទៅលើ​រឿង​ឃាតកម្ម​ប្រ​ធានា​ធិបតី​ហៃ​ទី​លោក Jovenel Moise នឹងត្រូវ​បានកំណត់​អត្ត​​សញ្ញាណ​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​យកមក​កាត់ទោស និង​ផ្តន្ទាទោស​តាមច្បាប់​»​។​

​ការិយាល័យ​ការពារ​ពលរដ្ឋ​ហៃ​ទី​បានទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​របស់ខ្លួន​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​បានជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​លោក Moise​។ ការិយាល័យ​នេះ​ក៏​ជំរុញ​លោក Henry បង្ហាញខ្លួន​នៅក្នុង​ការិយាល័យ​របស់​ព្រះ​រាជអាជ្ញា​តាម​ការស្នើសុំ​ដើម្បី​បំភ្លឺ​ទៅលើ​ការចោទប្រកាន់​នេះ​។​

​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌​មាន New York Times លោក Pierre Esperance សកម្មជន​សិទ្ធិមនុស្ស​ហៃ​ទី​ដែល​កំពុង​ស៊ើប​​អង្កេត​ដោយ​ឯករាជ្យ​អំពី​ឃាតកម្ម​របស់លោក Moise​​ ​បាន​និយាយថា​៖«​ពួកគេ​កំពុង​ប្រយុទ្ធ​ដើម្បី​អំណាច ហើយ​សត្រូវ​របស់ Henry កំពុង​ប្រើ​ប្រព័ន្ធតុលាការ​ប្រឆាំងនឹង​លោក​»​។

​លោក Henry​ និង ​Joseph Badio​ធ្លាប់​បម្រើការ​នៅ​ក្រសួងយុត្តិធម៌​ហៃ​ទី និង​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​។ លោក Badio ​ត្រូវបាន​បណ្តេញ​ចេញពី​កា​ងារ​កាលពី​ខែឧសភា​ក្រោយពី​ទទួលរង​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ក្រមសីលធម៌​។​

​តាម​ការបញ្ជាក់​របស់​លោក Claude អតីតមន្ត្រី​បម្រើការ​នៅ​ក្រសួងយុត្តិធម៌​ទាំង​ ២ លោក Henry និង​លោក Badio​ បានធ្វើ​ការទំនាក់ទំនងគ្នា​តាមរយៈ​ការ​​ហៅ​ទូរស័ព្ទ​អំឡុង​ម៉ោង​ ៤:០៣ ដល់ ៤:២០ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃទី​ ៧ កក្កដា​។ លោក Claude បាន​និយាយថា នៅពេលនោះ​លោក Badio កំពុងស្ថិត​ក្នុង​គេហដ្ឋាន​របស់លោក Moise។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រ​ធានា​ធិបតី​ហៃ​ទី​ត្រូវបាន​ធ្វើឃាត​នៅក្នុង​គេហដ្ឋាន​របស់លោក​កាលពី​ព្រឹក​ថ្ងៃទី​ ​៧ កក្កដា​។

​នៅក្នុង​ករណី​ឃាត​កម្មនេះ​មាន​ជនសង្ស័យ​ជាង ​៤០​ នាក់​ ដែល​ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​អតីត​ទាហាន​កូ​ឡុំ​ប៊ី​ ១៨​ នាក់ និង​ជនជាតិ​អាមេរិក​-​ហៃ​ទី ​៣ ​នាក់​ ត្រូវបាន​ចាប់ខ្លួន​។ អាជ្ញាធរ​នៅតែ​ស្វែងរក​ជនសង្ស័យ​បន្ថែមទៀត​រួមទាំង​លោក ​Badio និង​អតីត​សមាជិក​ព្រឹទ្ធសភា​ហៃ​ទី​៕​