កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​នេះ​ ឧត្ដមសេនីយ៍​កំពូល​របស់​អាមេរិក ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ មាន​អស្ថិរភាព​ផ្លូវ​ចិត្ត​ ហើយ​បាន​ចាត់​គ្រប់​វិធានការ​ ដើម្បី​បង្ការ​ការ​ផ្ទុះ​សង្គ្រាម​ជាមួយ​​ចិន​។ នេះ​បើ​តាម​ការ​លើក​ឡើងនៅ​ក្នុង​​សៀវភៅ​ចេញ​ថ្មី​មួយ​ដោយ​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ប៊ប វូដវឺដ និង​រ៉ូប៊ឺត កូស្តា​។

សម្រង់​នៃ​សៀវភៅ​ ដែល​នៅ​មិន​ទាន់​ចេញ​ផ្សាយ​ទាំង​មូល​មាន​ចំណងជើង​​ថា​ «គ្រោះ​ថ្នាក់​» (Peril) ត្រូវ​បាន​ចុះ​ផ្សាយ​ដំបូង​ដោយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ និង​ទូរទស្សន៍ CNN។ សៀវភៅ​នេះ បាន​បង្ហាញ​ប្រធាន​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​ប្រដាប់​អាវុធ​អាមេរិក​ លោក​នាយ​ឧត្ដមសេនីយ៍​ ម៉ាក មីលលី​ ជា​អ្នក​រៀប​ចំ​ចលនា​ទប់ទល់​នឹង​សកម្មភាព​របស់​លោក​ត្រាំ​ នៅ​ក្រសួង​ការពារ​ជាតិ​ និង​សហគមន៍​ចារកម្ម​អាមេរិក​។

សៀវភៅ​នេះ ​លើកឡើង​ថា ​លោក​ មីលលី បាន​បញ្ជា​ឱ្យ​ជំនួយ​ការ​ទាំង​អស់​ជូន​ដល់​លោក​ផ្ទាល់​ ហើយ​ពន្យារ​គ្រប់​សកម្មភាព​របស់​ពួកគេ​ ប្រសិន​បាន​លោក ​ត្រាំ​ ធ្វើ​ការ​បញ្ជា​ឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​។

ពួកគេ​លើកឡើង​ថា ​លោក​ មីលលី​ បាន​ជួប​ជា​មួយ​នឹង​នាយក​ CIA លោក​ស្រី ​ជីណា ហាស្ពែល​ និង​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​លោក​ ផល ណាកាសូនី​ ដើម្បី​ពិភាក្សា​តម្រូវ​ការ​នៃ​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា ​លោក​ ត្រាំ​ អាច​ធ្វើ​សកម្មភាព​មិន​សម​ហេតុផល​។

លោក​ មីលលី បាន​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​នាយ​សេនាធិការ​កង​ទ័ព​ចិន​លោក​នាយ​ឧត្ដមសេនីយ៍​លី ហ្សូឆឹង​ចំនួន ​២ លើក​ នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា មុន​ពេល​ការ​បរាជ័យ​របស់​លោក​ត្រាំ​ក្នុង​ការ​បោះឆ្នោត​ និង​នៅ​ថ្ងៃ​ទី​ ៨ មករា​ ២ ​ថ្ងៃ​ បន្ទាប់​ពី​អ្នក​គាំទ្រ​របស់​លោក ​ត្រាំ ​ធ្វើ​កុបកម្ម​វាយ​លុក​ចូល​វិមាន​កាពីតូល​។ ក្នុង​ការ​ហៅ​ទាំង​នេះ​ លោក​មីលលី​ បាន​ធ្វើ​ការ​ធានា​ថា​ ជំហរ​ប្រឆាំង​ចិន​របស់​លោក​ ត្រាំ​ នឹង​មិន​បង្ក​ឱ្យ​មាន​សកម្មភាព​យោធា​ទេ​។

«ឧត្ដមសេនីយ៍លី​ ខ្ញុំ​ចង់​ធានា​ដល់​លោក​ថា ​រដ្ឋាភិបាល​អាមេរិក​មាន​ស្ថិរភាព​ ហើយ​អ្វី​ៗ​គ្រប់​យ៉ាង​នឹង​មិន​អី​ទេ​» លោក​ មីលលី​ ប្រាប់​លោក​លី​កាល​ពី​ខែ​តុលា​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​នឹង​មិន​វាយ​ប្រហារ​ ឬ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​អ្នក​ឡើយ​»​។ ២ ខែ​ក្រោយ​មក​លោក​មីលលី​ បាន​ទាក់ទង​ទៅ​លោក​លី​ម្ដង​ទៀត​ដោយ​និយាយ​ថា​៖ «យើង​មាន​ស្ថិរភាព ១០០ ភាគ​រយ​។ អ្វី​ៗ​មិន​អី​ទេ​។ ប៉ុន្តែ​លទ្ធិ​ប្រជាធិបតេយ្យ​ពេល​ខ្លះ​អាច​មាន​ភាព​ច្របូក​ច្របល់​»​។

ដើម្បី​ធ្វើ​ការ​ធានា​បន្ថែម​ទៀត​លោក ​មីលលី​ បាន​បញ្ជា​ឱ្យ​ពន្យារ​ពេល​ការ​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដែល​អាច​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង​ខឹង​សម្បាបន្ថែម​ទៀត​៕