កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ១៤ កញ្ញា​ ប្រជាជន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុម​តាលីបង់​នៅ​ទីក្រុង​កានដាហា​ភាគ​ខាង​ត្បូង​ប្រទេស​ បន្ទាប់​ពី​ក្រុម​នេះ ​បាន​បញ្ជា​ឱ្យ​ប្រជាជន​ទាំង​នេះ​ ចាក​ចេញ​ពី​គេហដ្ឋាន​របស់​ពួកគេ​នៅ​សហគមន៍​អតីត​យុទ្ធជន​មួយ​។ នេះ​បើ​តាម​ការ​រាយការណ៍​សារព័ត៌មាន​ក្នុង​ស្រុក​អាហ្វហ្គានីស្ថាន​។

បាតុករ​បាន​ប្រមូល​ផ្ដុំ​នៅ​ពី​មុខ​វិមាន​អភិបាល​ បន្ទាប់​ពី​គ្រួសារ​អតីត​យុទ្ធជន​ប្រមាណ​ជាង​ ៣ ០០០ គ្រួសារ ​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាក​ចេញ​ពី​គេហដ្ឋាន​របស់​ពួកគេ​។ គ្រួសារ​ទាំង​នេះ ដែល​ខ្លះ​បាន​រស់​នៅ​គេហដ្ឋាន​បច្ចុប្បន្ន​ជាង​ ៣០ ឆ្នាំ​មក​ហើយ​ ត្រូវ​បាន​ផ្ដល់​រយៈ​ពេល៣​ថ្ងៃ​ដើម្បី​ចាក​ចេញ​។

អ្នក​នាំ​ពាក្យ​តាលីបង់​ មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​រាយការណ៍​ទាំង​នេះ​ទេ​។

ការ​ធ្វើ​បាតុកម្ម​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោយ​ពី​ក្រុម​តាលីបង់​ចូល​កាន់​អំណាច​កាល​ពី​ខែ​មុន ហើយ​តែងតែ​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ដោយ​ពេល​ខ្លះ​បាន​ឈាន​ដល់​ការ​បាត់បង់​ជីវិត​។ ប៉ុន្តែ​​គ្មាន​ការ​រាយការណ៍​អំពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​បាតុកម្ម​ខាង​លើ​នេះ​ទេ​។

មេដឹកនាំ​តាលីបង់​បាន​ប្ដេជ្ញា​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ ប៉ុន្តែ​បាន​ប្រកាស​ថា​ការ​រៀប​ចំ​បាតុកម្ម​ណា​មួយ​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​ពួកគេ​។ អង្គការ​សហប្រជាជាតិ​បាន​កត់​សម្គាល់​ថា​ ការ​ឆ្លើយ​តប​របស់​តាលីបង់​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​ គឺ​កាន់​តែ​មាន​ហិង្សា​៕