ចិនបានបញ្ចប់លំហាត់សមយុទ្ធលើប្រតិបត្តិការរក្សាសន្តិភាពកាលពីថ្ងៃពុធ សប្ដាហ៍នេះ ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីប្រទេសម៉ុងហ្គោលី ប៉ាគីស្ថាន និងប្រទេសថៃជាដើម។
លំហាត់សមយុទ្ធនេះត្រូវបានផ្ដល់ឈ្មោះថា «សមយុទ្ធជោគវាសនារួមឆ្នាំ ២០២១» ដែលជាការហាត់សមយោធាបែបពហុប្រទេសលើកដំបូងបង្អស់ដែលរៀបចំដោយប្រទេសចិន សម្រាប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
ការហាត់សមនេះ មានការចូលរួមពីទាហានសរុបចំនួន ១ ពាន់នាក់ ហើយចាប់ផ្ដើមពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ដែលធ្វើឡើងនៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA) នាឯស្រុក Queshan ខេត្ត Henan ដែលស្ថិតនៅភាគកណ្ដាលប្រទេសចិន។
ក្រសួងការពារជាតិចិនបានចាត់ទុកថា ការធ្វើសមយុទ្ធនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរំឭកខួប ៥០ ឆ្នាំ នៃការទទួលបានអាសនៈអង្គការសហប្រជាជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។
ចិនដែលដឹកនាំដោយគណបក្សកុម្មុយនីស្តទទួលបានកៅអីនៅស្ថាប័នពិភពលោកកាលពីឆ្នាំ ១៩៧១ ក្រោយពីអាសនៈនេះកាន់កាប់ដោយរដ្ឋាភិបាលសាធារណៈចិន ឬគេច្រើនតែស្គាល់ថា តៃវ៉ាន់ អស់ជិត ៣០ ឆ្នាំ ចាប់តាំងឆ្នាំ ១៩៤៥។
អំឡុងពេលធ្វើសមយុទ្ធនេះដែរចិនបានបង្ហាញនូវបរិក្ខារយោធាទំនើបៗរបស់ខ្លួនដែលមានដូចជា យន្តហ្រោះដូន និងមនុស្សយន្តសម្អាតមីនជាដើម។
កងទ័ពទាំងអស់ បានចូលរួមនៅក្នុងការហាត់សមនេះបានពាក់មួក និងអាវអមជាមួយនឹងនិមិត្តសញ្ញាអង្គការសហប្រជាជាតិ ខណៈសម្ភារប្រើប្រាស់នានាក៏បានបិទស្លាកអង្គការនេះដូចគ្នាដែរ។
«សមយុទ្ធជោគវាសនារួមឆ្នាំ ២០២១ ជាការគូសបញ្ជាក់ជំហររបស់ចិនក្នុងនាមជាអ្នកការពារដ៏ស្មោះស្ម័គ្រនូវសន្តិភាពពិភពលោក និងសណ្ដាប់ធ្នាប់អន្តរជាតិ»។នេះជាការលើកឡើងរបស់លោក Lu Jianxin ដែលជាអ្នកជំនាញយោធាចិនប្រាប់ទៅកាន់អ្នកកាសែតនៅក្នុងកន្លែងធ្វើសមយុទ្ធនោះ។
ការហាត់សមធ្វើឡើងជាមួយលំហាត់ជាច្រើនផ្សេងៗគ្នាដោយក្នុងនោះដែរមានការធ្វើត្រាប់ទៅនឹងឧបទ្ទវហេតុមួយនៅប្រទេសម៉ាលី កាលពីឆ្នាំ ២០១៦ ដោយកាលនោះកងទ័ពមួកខៀវចិន ត្រូវបានទទួលរងការវាយប្រហារដោយក្រុមភេរវកម្មជាប់ពាក់ព័ន្ធនឹងក្រុមអាល់កៃដា។
ជាមួយគ្នានោះដែរ សេណារីយោផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពមួកខៀវ និងភេរវជន ក៏ដូចជាសេណារីយោ ដែលទាហានរក្សាសន្តិភាពត្រូវការពារជនស៊ីវិលអំឡុងពេលការ-ប៉ះទង្គិចគ្នា។
បន្ថែមពីលើការហ្វឹកហាត់នូវលំហាត់ផ្សេងៗគ្នា កងទ័ពបរទេសក៏បានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ និងឧបករណ៍ថ្មីៗរបស់ចិនផងដែរ។
ទាក់ទិននឹងរឿងនេះដែរ លោក Collin Koh អ្នកស្រាវជ្រាវផ្នែកវិស័យការពារជាតិនៃសាលាសិក្សាអន្តរជាតិ S. Rajaratnam ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា៖ «ការប្រើប្រាស់ឧបករណ៍ចិនដោយកងទ័ពបរទេសអាចជាសញ្ញាមួយបង្ហាញថា ចិនអួតពីអានុភាពឧបករណ៍របស់ខ្លួន ហើយក៏អាចជាយុទ្ធសាស្ត្រស្វែងរកទីផ្សាររបស់ចិនក្នុងការលក់ឧបករណ៍ទាំងនោះឱ្យយោធាបរទេស»។ នេះបើតាមការលើកឡើងរបស់លោកប្រាប់សារព័ត៌មាន Reuters។
លំហាត់សមយុទ្ធនេះក៏ធ្វើឡើង បន្ទាប់ពីអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានកាលពីខែសីហាកន្លងទៅ។
លោក Wei Dongxu អ្នកជំនាញយោធាចិន ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំងបានប្រាប់សារព័ត៌មាន Global Times ថា ការធ្វើសមយុទ្ធនេះបង្ហាញពីការទទួលខុសត្រូវ និងសមត្ថភាពរបស់ចិនក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការដកទ័ពរបស់អាមេរិក បានបង្កជាបញ្ហានានា ដែលរាប់បញ្ចូលទាំងការវាយប្រហារពីក្រុមភេរវកម្ម ហើយអាចរាលដាលទៅកាន់ប្រទេសជិតខាងក្នុងតំបន់។ នេះបើតាមការបន្ថែមរបស់លោក Wei។
ក្នុងមួយរយៈចុងក្រោយនេះចិនកំពុងលេចមុខលេចមាត់យ៉ាងខ្លាំងនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មហាអំណាចជំនាន់ថ្មីមួយនេះ បានបញ្ជូនកងទ័ពច្រើនជាងគេចំណោមប្រទេសមហាអំណាចទាំង ៥ លើពិភពលោកឱ្យបម្រើការរក្សាសន្តិភាពនៅប្រទេសដែលមានជម្លោះ។
គិតចាប់ពីឆ្នាំ ១៩៩០ មក ចិនបញ្ជូនកងទ័ព ៥ ម៉ឺននាក់ ក្នុងការចូលរួមក្នុងប្រតិបត្តិការកងទ័ពមួកខៀវចំនួន ២៥ បេសកកម្មជុំវិញពិភពលោក។ ក្នុងឆ្នាំ ២០២១ នេះ ទាហានចិនប្រមាណ២ ពាន់នាក់ កំពុងតែបំពេញបេសកកម្មដែលច្រើននៅប្រទេសតំបន់អ្រាហ្វិក ដូចជាស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាដើម៕
ហ៊ីម រដ្ឋា