ប្រទេស​ម៉ាឡេស៊ី​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ភាព​ជា​ដៃ​គូ​សន្តិសុខ​របស់​ប្រទេស​អូស្ត្រាលី​ ចក្រភពអង់គ្លេស​ និង​សហរដ្ឋអាមេរិក ​(AUKUS) ដែល​អាច​បង្ក​ឱ្យ​​មាន​ការ​ប្រកួត​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ។

ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ (PMO) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «ភាព​ជា​ដៃ​គូ​នេះ​នឹង​បង្ក​ឱ្យ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​​ធ្វើ​​សកម្មភាពបន្ថែម​បែប​​នេះ​នៅ​ក្នុង​តំបន់​ ជា​ពិសេស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​» ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា​៖ «ក្នុង​នាម​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​ ម៉ាឡេស៊ី​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​ការ​រក្សា​អាស៊ាន​ជា​តំបន់​សន្តិភាព​សេរីភាព​ និងអព្យាក្រឹតភាព ​(ZOFPAN)»។

នៅ​ក្នុង​ភាព​ជា​ដៃ​គូ​នោះ​ ប្រទេស​អូស្ត្រាលី​នឹង​សាង​សង់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន​ ៨ ​គ្រឿង​។ ភាព​ជា​ដៃ​គូ​របស់​ភាគី​ទាំង​៣​បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​យោធា ដើម្បី​ទទួល​បាន​កង​នាវា​មុជទឹក​នុយក្លេអ៊ែរ​ និង​នាវា​កាំ​ជ្រួច​មីស៊ីល​។

ប្រទេស​ចិន ​ក៏​បាន​ថ្កោល​ទោស​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ជា​ការ​គំរាម​កំហែង​ដោយ​មិន​​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លាំង​ចំពោះ​ស្ថិរភាព​នៅ​ក្នុង​តំបន់​។ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​បារាំង​ខឹង​សម្បា​ផង​ដែរ​ដោយ​ខ្លួន​​បាន​កំពុង​ចរចា​លក់​នាវា​មុជ​ទឹក​ទៅឱ្យ​ប្រទេស​អូស្ត្រាលី​៕