ក្រុមអ្នកវិភាគ​គិតថា ក្រុង​ប៉េកាំង​ទំនងជា​នឹង​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន ​ដើម្បី​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ និង​ចាត់វិធានការ​ការ​ទូត​ប្រឆាំង​សហរដ្ឋអាមេរិក ប្រសិនបើ​អាមេរិក​យល់ព្រម​ផ្លាស់ប្ដូរ​ឈ្មោះ​ការិយាល័យ​ការទូត​របស់​កោះ​នេះ​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​វិធានការ​នេះ​ទំនងជា​នឹងមាន​កំណត់​។​

​មានការ​រាយការណ៍​ថា រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃ​ដិ​ន គឺ​កំពុង​ពិ​ចារ​ណា​សំណើ​របស់​កោះ​តៃវ៉ាន់​ឱ្យ​ផ្លាស់ប្ដូរ​ឈ្មោះ​ទីស្នាក់ការ​បេសកកម្ម​កា​រទូ​តរបស់​ខ្លួន​ពី «​ការិយាល័យ​តំណាង​សេដ្ឋ​កិច្ច និង​វប្បធម៌​តៃប៉ិ​» (TECRO) ឱ្យទៅជា «​ការិយាល័យ​តំណាង​តៃវ៉ាន់​» ដែល​អាច​ក្រុង​ប៉េកាំង​ចាត់ទុកថា​ជាការ​ប្រ​មាថ ប្រសិនបើ​អាមេរិក​បំពេញ​សំណើ​នេះ​។​

​ចិន​បានធ្វើ​ការតវ៉ា​ទៅកាន់​អាមេរិក ​ហើយ​ជំរុញឱ្យមាន​ការ​គោរព​គោលការណ៍​ចិន​តែមួយ ដែល​កំណត់ឱ្យ​រដ្ឋ​បរទេស​ជ្រើស​រើស​រវាង​ទីក្រុង​ប៉េកាំង និង​តៃប៉ិ​ ដើម្បី​បង្កើត​ចំណង​ការទូត​ផ្លូវការ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​​ទទួលស្គាល់​ទ្វេដង​ឡើយ​។​

​គោលការណ៍​ចិន​តែមួយ គឺជា​លទ្ធផល​ផ្ទាល់​នៃ​សង្គ្រាម​​ស៊ីវិល​ចិន ដែល​បញ្ចប់​នៅ​ឆ្នាំ ១៩៤៩ ដោយ​បក្ស​កុម្មុយនីស្ត​ចូលកាន់​អំណាច​នៅ​ចិន​ដី​-​គោក ហើយ​រដ្ឋាភិបាល​សា​-​ធារ​ណ​រដ្ឋ​ភៀសខ្លួន​ទៅ​កោះ​តៃវ៉ាន់​។ កាលពី​ឆ្នាំ​ ១៩៧៩ អាមេរិក​បាន​ផ្លាស់​ការទទួល​​ស្គាល់​ផ្លូវការ​មក​រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង ហើយ​កាត់ផ្ដាច់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​។ ប៉ុន្តែ​អាមេរិក​បាន​រក្សា​ទំនាក់ទំនង​ក្រៅផ្លូវការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​កោះ​តៃវ៉ាន់ តាមរយៈ​កា​រិ​យា​ល័យ TECRO ហើយ​បាន​បន្ត​ការផ្គត់ផ្គង់​អាវុធ​ទំនើបៗ​រហូតមកដល់​សព្វថ្ងៃ​។​

​លោក​ យូ កាង អតីត​វរ​សេ​នី​យ៍​ឯក​កងទ័ព​រំដោះប្រជាជន​​ចិន បាន​ប្រាប់​សារព័ត៌មាន The South China Morning Post ​ថា ក្រុង​ប៉េកាំង​នៅមាន​ជំហរ​រក្សា​សិទ្ធិ​ប្រើប្រាស់​កម្លាំង​ ដើម្បី​នាំ​កោះ​តៃវ៉ាន់​មកក្រោម​ការគ្រប់គ្រង​វិញ ដូច្នេះ​សម្ពាធ​យោធា​លើ​កោះ​នេះ​នឹង​កើនឡើង​។​

​លោក យូ និយាយថា​៖ «​ប្រាកដ​ណាស់​យើង​នឹងមិន​លើក​លែងឱ្យ​តៃវ៉ាន់​ពី​ការដាក់ទណ្ឌកម្ម​ទេ ប្រសិនបើ​ពួកគេ​ផ្លាស់ប្តូរ​ឈ្មោះ​បេសកកម្ម ពី​​ព្រោះ​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់​បាន​ផ្តួចផ្តើម​វា​តាមរយៈ​ការ​-​បញ្ចុះបញ្ចូល និង​ការ​ផ្សព្វ​ផ្សាយ យ៉ាងខ្លាំង ដើម្បី​បំពេញតម្រូវការ និង​សម្របសម្រួល​បរិយាកាស​ប្រឆាំង​ចិន​នៅ​វ៉ាស៊ីនតោន​»​។

​កាលពី​ថ្ងៃ​សុក្រ ទី​ ១៧ ក្រ​សួង​ការពារជាតិ​តៃវ៉ាន់​បាន​រាយការណ៍​ថា យន្តហោះ​យោ​ធា​ចិនដីគោក​ចំនួន ១០​ គ្រឿង ​បាន​ហោះចូល​ដែន​ការពារ​អាកាស​របស់​កោះ​នេះ​។ តៃវ៉ាន់ ដែល​នៅ​ថ្ងៃ​ដដែល​បានបញ្ចប់​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំបាន​និយាយថា យន្តហោះ​យោធា​ចិន​យ៉ាងហោចណាស់ ២៥​ គ្រឿង បាន​ហោះចូល​តំបន់​សមយុទ្ធ​ចាប់តាំងពី​ការចាប់​ផ្ដើម​។​

​វិធានការ​បន្ថែមទៀត ​ដែល​ចិនដីគោក​អាចអនុវត្ត រួមមាន​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជុំវិញ​កោះ​នោះ និង​ការបង្កើន​ចំនួន និង​ភាព​ញឹកញាប់​នៃ​បេសកកម្ម​កងទ័ពអាកាស​ឆ្លង​​កាត់​ខ្សែបន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​អាច​ហោះចូល​កាន់តែ​ជ្រៅ​ក្នុង​ដែន​អា​កាស​តៃវ៉ាន់​។​

​ប៉ុន្តែ​លោក យូ និយាយថា​៖ «​យើង​មិន​ទំនង​នឹង​ចូលទៅ​ដែនអាកាស​ទេពី​ព្រោះ​គោល​ដៅ​របស់​យើង​ គឺ​ដាក់​ពួកគេ​ក្រោម​សម្ពាធ​ផ្លូវចិត្ត មិនមែន​ដើម្បី​ចាប់ផ្ដើម​សង្គ្រាម​ឥឡូវនេះ​ទេ​»​។​

​ប្រសិនបើ​អាមេរិក​យល់ព្រម​នឹង​សំណើ​ប្ដូរ​ឈ្មោះ​របស់​តៃវ៉ាន់ ចិន​ក៏​អាច​ចាត់វិធានការ​ការទូត​ប្រឆាំងនឹង​អាមេរិក​ដោយ​ការព្យួរ​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​បញ្ហា​នានា ដូចជា​លើ​ការដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​ក្រុម​តា​លី​បង់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​យើង​អាច​មើលទៅ​ការដក​ឯកអគ្គរដ្ឋទូត​ចិន​ចេញពី​ប្រ​ទេស​លី​ទុយ​អា​នី ​កាលពី​ខែ​មុន បន្ទាប់ពី​ប្រទេស​នេះ បាន​អនុ​ញ្ញាត​ឱ្យ​កោះ​តៃវ៉ាន់​បើក​ស្ថាន​ទូត​នៅក្នុង​ទឹកដី​របស់ខ្លួន​ដោយ​ប្រើ​ឈ្មោះ​តៃវ៉ាន់​។ ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​គិតថា ចិន​នឹងមិន​ដក​ឯកអគ្គរដ្ឋទូត​ចេញពី​អាមេរិក​ទេ ដោយសារ​មេ​ដឹក​នាំ​ចិន​មិន​ចង់​ធ្វើឱ្យ​ខូចខាត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ខណៈពេលដែល​សមាជ​ទី​២០ ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​កាន់​តែ​ខិតជិត​៕