​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ លោក​ នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​សៅរ៍​ បាន​ប្រ​ឈម​នឹង​ការប្រឆាំង​ចំពោះ​ភាពស្របច្បាប់​របស់លោក​នៅពេលដែល​លោក​បានចូលរួម​ជំនួប​កំពូល​ក្នុង​តំបន់​ជា​ដំណើរទស្សនកិច្ច​លើកដំបូង​របស់លោក​នៅ​ក្រៅប្រទេស ចាប់តាំងពី​អាមេរិកចោទ​ប្រកាន់​លោក​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

​លោក​ ម៉ា​ឌូ​រ៉ូ បានដឹង​យ៉ាងច្បាស់​នៅ​នាទីចុងក្រោយ​នៅក្នុង​កិច្ចប្រជុំ​រយៈពេល​​ ១​ ថ្ងៃ​ នៃ​សហគមន៍​មាន​សមាជិក​៣៣​ប្រទេស​នៃ​បណ្តា​រដ្ឋ​អាមេរិក​ឡាទីន និង​ការី​ប៊ី​ន ឬ CELAC​។​

​កាលពី​ខែមីនា ​ឆ្នាំ​ ២០២០ ក្រសួង​យុ​ត្តិ​​ធម៌​អាមេរិក បាន​ចោទប្រកាន់​លោក ​ម៉ា​ឌូ​រ៉ូ ពីបទ​ឧក្រិដ្ឋកម្ម​រួមទាំង​ «​ភេរវកម្ម​ណា​កូ​» ការជួញដូរ​គ្រឿងញៀន និង​ការ​កាន់កាប់​អាវុធ និង​បាន​ផ្តល់ប្រាក់​ចំនួន ​១៥​ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ឈានដល់​ការចាប់ខ្លួន​លោក​។​

​ការចោទប្រកាន់​នោះ បានកើត​ឡើង​នៅពេលដែល​រដ្ឋការ​រប​ស់លោក ​ដូ​ណា​ល់ ត្រាំ បានធ្វើ​ការងារ ដើម្បី​ជួយ​មេដឹកនាំ​ប្រឆាំង​លោក​ ចួន ហ្គៃ​ដូ ឱ្យ​ឡើងកាន់​អំណាច​។​

​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ ដែល​តាម​ធម្មតា​ធ្វើដំណើរ​ទៅ​ប្រទេស​គុយបា​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ ឬ​ទៅ​បណ្តា​ប្រទេស​នៅ​តំបន់​ការី​ប៊ី​ន បាន​ចៀសវាង​ការចាកចេញ​ពី​ប្រទេស​របស់លោក​ បន្ទាប់ពីរ​ង្វាន់​សម្រាប់​ការចាប់ខ្លួន​លោក​ត្រូវ​បានប្រកាស ហើយ​ការធ្វើដំណើរ​របស់លោក​ទៅកាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង ចាប់តាំងពី​ពេលនោះ​មក​។​

​ប្រទេស​ជាង ​៥០ ​ដឹកនាំ​ដោយ​អាមេរិក ទទួលស្គាល់​លោក ​ហ្គៃ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ស្របច្បាប់​របស់​វ៉េ​ណេ​​ស៊ុយ​អេ​ឡា​។ លោក ​ហ្គៃ​ដូ បានប្រកាស​ខ្លួនឯង​ថា ជា​ប្រធានាធិបតី​បណ្តោះអាសន្ន នៅក្នុង​ឆ្នាំ​ ២០១៩ បន្ទាប់ពី​លោក ​ម៉ា​ឌូ​រ៉ូ​ បាន​អះអាងថា បាន​ជាប់ឆ្នោត​ជាថ្មី​នៅក្នុង​ការបោះឆ្នោត​មួយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការលួចបន្លំ​សន្លឹកឆ្នោត​នោះ​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សៅរ៍ ​ប្រ​ធានា​​ធិបតី​អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​ ៥០​ នោះបាន​និយាយថា វត្តមាន​របស់​ពួកគេ​នៅក្នុង​ជំនួប​កំពូល​នេះ​មិន​មានន័យថា ពួកគេ​ទទួលស្គាល់​ម៉ា​ឌូ​រ៉ូ ជា​ប្រធានាធិបតី​នោះទេ​។​

​លោក Mario Abdo Benitez នៃ​ប្រ​ទេស​ប៉ា​រ៉ា​ហ្គា​យ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​មេដឹកនាំ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ​ថា មិនមាន​ការ​ផ្លាស់ប្តូរ​ជំហរ​រដ្ឋាភិបាល​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​គិតថា វា​គឺជា​រឿង​មួយ​ដែល​ត្រូវ​និយាយ​ឱ្យបាន​ដឹង​ទាំងអស់គ្នា​។ ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​លោក​ ហ្គៃ​ដូ ប្រកាស​ខ្លួនឯង​ថា ជា​ប្រធានាធិបតី​។​

​លោក​ប្រធានាធិបតី​ប៉ា​រ៉ា​ហ្គា​យ ​Luis Lacalle បាន​និយាយថា នៅ​វ៉េ​ណេ​ស៊ុយ​​អេ​ឡា​ «​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ទេ​...​ការគាបសង្កត់​ត្រូវបាន​គេ​ប្រើ​ ដើម្បី​បង្ក្រាប​ការតវ៉ា និង​អ្នកប្រឆាំង​ត្រូវ​ជាប់គុក​»​។​

​លោក​ ម៉ា​ឌូ​រ៉ូ ដែលជា​ជន​ឆ្វេងនិយម និង​ជា​អតីត​អ្នកបើក​រថយន្តក្រុង​ដែល ត្រូវបាន​ជ្រើសរើស​ដោយ​លោក ហ៊ូ​ហ្គោ ឆា​វេស បាន​ឆ្លើយតប​ដោយ​ប្រឆាំង​ជំទាស់​ប្រធានាធិបតី​ទាំង ​២ ​រូបនេះ ដើម្បី​ជជែក​ដេញដោល​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់លោក និង​នៅ​អា​​មេ​រិ​ក​ឡាទីន​ទាំងមូល​។​

​លោក​ ម៉ា​ឌូ​រ៉ូ បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​ទាំង ​២​ ថា​៖ «​កំណត់​កាលបរិច្ឆេទ​ទីកន្លែង និង​ពេលវេលា​»។​

​លោក​បាន​អញ្ជើញ​មេ​ដឹក​ទាំងនោះ​ឱ្យមក​ប្រទេស​របស់លោក ហើយ​សង្កេតមើល​ការបោះឆ្នោត​ក្រុង​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា ដែល​គណបក្សប្រឆាំងបាន​និយាយថា ខ្លួន​នឹងចូលរួម បន្ទាប់ពី​បានធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​រយៈ​ពេល ​៣​ ឆ្នាំ​។​

​លោក ​ម៉ា​ឌូ​រ៉ូ បាន​និយាយថា​៖ «​មក​មើល​ជន​ផ្តាច់ការ​ ម៉ា​ឌូ​រ៉ូ និង​របៀប​ដែល​លោក​រៀបចំ​ការបោះឆ្នោត​»​។

​នៅក្នុង​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចប្រជុំ​នោះ ប្រទេស​ខ្លះ បាន​អំពាវនាវ​ឱ្យមាន​លទ្ធភាព​ស្មើគ្នា​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ជំងឺ​កូ​វីដ ​១៩ និង​ការបង្កើត​មូលនិធិ​ក្នុង​តំបន់ ដើម្បី​ជួយ​ប្រទេស​នានា​ក្នុងការ​ដោះស្រាយ​គ្រោះមហន្តរាយធម្មជាតិ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយសារការប្រែប្រួល​អាកាសធាតុ​៕