អូស្ត្រាលី ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិកចង​ជា​សម្ព័ន្ធ​មិត្ត​យោធា​ត្រីភាគីដែល​ហៅ​កាត់​ថា AUKUS កាល​ពី​សប្ដាហ៍​មុន។

​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី AUKUS ចុះ​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​ បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិកនិង​ចក្រភពអង់គ្លេស​នឹង​សហការ​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​អូស្ត្រាលី​ផលិត​បាន​នូវ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរឱ្យ​បាន​កាន់​តែ​ឆាប់។

ក្រៅ​ពី​ផ្ដល់​នូវ​នាវា​មុជទឹក​ប្រភេទ​នេះប្រទេស​ទាំង​ ៣ នេះ​ បាន​សន្យា​គ្នា​ក្នុង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផលប្រយោជន៍​ផ្នែក​យោធា និង​សន្តិសុខក៏​ដូច​ជា​លើក​កម្ពស់​ការ​ចែក​រំលែក​ព័ត៌មាននិង​បច្ចេកវិទ្យា។ប្រទេស​ទាំង ​៣ ក៏​ប្ដេជ្ញា​ជាមួយ​គ្នា​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​លើ​វិទ្យាសាស្ត្របច្ចេកវិទ្យា ឧស្សាហកម្មនិង​ចង្វាក់​ផលិតកម្ម​បម្រើ​ការ​ឱ្យ​វិស័យ​យោធា និង​សន្តិសុខ។

ជាមួយ​នឹង​ការ​បង្កើត​ AUKUS លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​តាម​ប្រព័ន្ធ​វីដេអូ​ថាសម្ព័ន្ធមិត្ត​ AUKUS ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​រក្សា​សន្តិសុខនិង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកហើយ​យល់​ថា ភាព​ជា​ដៃគូ​នេះ​នឹង​មិន​ឃុំ​គ្រង ឬគំរាមកំហែង​ដល់​ភាគី​ណា​មួយ​នោះ​ទេ។

លោក ម៉ូរីសុន​ ក៏​បាន​បន្ថែម​ថា AUKUS នេះ​នឹង​ជួយ​ពង្រឹង​នូវ​ទំនាក់ទំនង​ជាមួយ​ភាគី​នានា​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយ​រាប់បញ្ចូល​ទាំង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬហៅ​កាត់​ថា អាស៊ាន​ផង​ដែរ។

ខណៈ​អូស្ត្រាលី​នឹង​ទទួល​បាន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ក៏​បាន​សង្កត់​ធ្ងន់​ថា៖​ «អូស្ត្រាលី​នឹង​មិន​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ ឬបង្កើត​នូវ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​នោះ​ទេ»។

ប្រទេស​ដែល​មាន​សិទ្ធិ​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​ស្រប​ច្បាប់ ​គឺ​មាន​តែ​ប្រទេស​មហាអំណាច​ចំនួន ​៥ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ប្រទេស​ទាំង​នោះ​មាន​ដូច​ជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និង​ចិន។

ថ្លែង​នៅ​ក្នុង​សន្និសីទ​រួម​នោះ​ថាលោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​បាន​បន្ត​សង្កត់​ធ្ងន់​ថា «នាវា​មុជ​ទឹក​នេះនឹង​ដំណើរ​ការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរតែ​មិនមាន​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ»។

បន្ថែម​ពី​នាយករដ្ឋមន្ត្រី​ទាំង ​២ ​រូប លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) ក៏​បន្ថែម​ថា ៖​«AUKUS នឹង​ធ្វើ​បច្ចុប្បន្នភាព និង​ពង្រឹង​សមត្ថភាព​រួម​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​គំរាមកំហែង​នៅ​សតវត្ស​រ៍ទី២១ ដូច​នឹង​អ្វី​ដែល​ប្រទេស​ទាំង ៣ ធ្លាប់​រួម​ដៃ​គ្នា​កាល​ពី​សតវត្ស​រ៍ទី២០»។

លើស​ពី​នេះ​ទៅ​ទៀតសហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើ​ការ​ជាមួយសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅកាត់​ថា​​អាស៊ានក៏​ដូច​ជា​ប្រទេស​ដែល​ជា​សមាជិក​កិច្ចសន្ទនា​សន្តិសុខ​ចតុភាគី (Quad) រួម​មាន​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ព្រម​ទាំង​សម្ព័ន្ធមិត្ត និង​ដៃគូ​នានា​ជុំ​វិញ​ពិភពលោក ដើម្បី​បង្កើត​បរិយាកាស​សន្តិភាព និង​រក្សា​ឱ្យ​បាន​នូវ «តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ប្រកប​ដោយ​សេរី​ និង​បើកចំហ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ជា​ច្រើន ដែល​រួម​ទាំង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​សហរដ្ឋអាមេរិក សម្ដែង​នូវ​ភាព​មិន​សូវ​ស្វាគមន៍​នឹង​ការ​បង្កើត​សម្ព័ន្ធមិត្ត​ត្រីភាគី AUKUS។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន លោក ZhaoLijian អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិនបាន​ហៅ សម្ព័ន្ធមិត្ត​នេះ​ថា «ខ្វះការទទួល​ខុសត្រូវ» ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​តំបន់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ព្រម​ទាំង​អុជអាល​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ផ្នែក​អាវុធ។ លោក Zhao ក៏​បាន​បន្ថែម​ថា ៖​«ប្រទេស​ពាក់ព័ន្ធ​គួរ​តែ​បោះបង់​នូវ​ស្មារតី​យក​ឈ្នះ​-ចាញ់​ តាម​បែប​សង្គ្រាម​ត្រជាក់ ដែល​គំនិត​នេះ​មាន​ភាព​ចាស់​គំរឹល និង​ហួស​សម័យ​ហើយ»។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ប្រទេស​បារាំង ហាក់​បី​ដូច​ជា​មិន​សូវ​សប្បាយចិត្ត​នឹង​ការ​បង្កើត​សម្ព័ន្ធមិត្ត AUKUS។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បារាំង​បាន​ដក​ទូត​របស់​ខ្លួន​នៅ​អាមេរិក និង​នៅ​អូស្ត្រាលី​មក​ស្រុក​របស់​ខ្លួន​វិញ។ ១ ថ្ងៃ​ក្រោយ​មក រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drianបាន​សម្ដែង​ការ​សោកស្ដាយ ដែល​អូស្ត្រាលី និង​អាមេរិក​បាន​ «កុហក បោកប្រាស់ និង​រំលោភ​លើ​សេចក្ដីទុកចិត្ត» របស់​បារាំង។

តាម​ពិត​ទៅ បារាំង​ និង​អូស្ត្រាលី​ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ ដោយ​អូស្ត្រាលី បាន​ជ្រើសរើស​ឱ្យ​ក្រុមហ៊ុន​នាវា​បារាំង ឱ្យ​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ចំនួន ១២ គ្រឿង ហើយ​កុងត្រា​នេះ​មាន​តម្លៃ​សរុប​ប្រមាណ ៣៦,៦ ប៊ីលាន​ដុល្លារ។

យ៉ាងណាមិញ ខាង​បារាំង​ទើប​តែ​បាន​ដឹង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​នឹង​សម្ព័ន្ធ AUKUS ប្រកាស​ជា​ផ្លូវការ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ AFP ដែល​ដក​ស្រង់​សម្ដី​របស់​អ្នក​ការទូត​បារាំង ​១ ​រូប។

ជាមួយ​នឹង​រឿង​នេះ​ដែរ លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​បាន​ជម្រាប​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពី​ខែ​មិថុនា​មក​ម្ល៉េះ​ ពាក់ព័ន្ធ​នឹង​រឿង​នេះ។

ចំណែក​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ មាន​ការ​យល់​ឃើញ​ខុស​ៗ​គ្នា​ លើ​ការ​បង្កើត​សម្ព័ន្ធ AUKUS។

ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ឥណ្ឌូនេស៊ី​តាមដាន​ ដោយ​មាន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ទទួល​យក​នាវា​មុជទឹក​នេះ។ ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ សម្ដែង​ពី​ការ​ព្រួយបារម្ភ​ពី​ការ​ប្រណាំងប្រជែង​អានុភាព​យោធា​នៅ​ក្នុង​តំបន់ ហើយ​ក៏​អំពាវនាវ​ឱ្យ​អូស្ត្រាលី​បំពេញ​កាតព្វកិច្ច ក្នុង​ការ​លុបបំបាត់​នុយក្លេអ៊ែរ។

ចំណែក​ឯ​ប្រទេស​សិង្ហបុរី​វិញ ហាក់​បី​ដូច​ជា​ស្វាគមន៍​នឹង​ការ​បង្កើត AUKUS។ តាម​រយៈ​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋមន្ត្រី លី សៀនឡុង (Lee HsienLoong) និង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ូរីសុន សិង្ហបុរី​បង្ហាញ​ក្ដី​សង្ឃឹម​ថា AUKUS នឹង​ជួយ​រួម​ចំណែក​ដោយ​ស្ថាបនា ទៅ​លើ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ហើយ​ក៏​ជួយ​បំពេញ​បន្ថែម​ដល់​យន្តការ​នានា​នៅ​តំបន់​ ដែល​មាន​ស្រាប់​ផង​ដែរ៕

ហ៊ីម រដ្ឋា