កាល​ពី​ថ្ងៃ​សៅរ៍​​ ទី​ ១៨​ កញ្ញា ​សហរដ្ឋអាមរិក​បានប្រកាស​ជម្លៀស​​ជន​អន្តោប្រវេសន៍​ជន​ជាតិ​ហៃទី​ខុស​ច្បាប់​ចេញ​ពី​ព្រំដែន​របស់​ខ្លួន​។ ​កំណើន​អន្តោប្រវេស៍​ជន​ជាតិ​ហៃទី​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​គួរ​ឱ្យ​​កត់​សម្គាល់​កាល​ពី​សប្តាហ៍​មុន​។​

សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ជើង​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ហៃទី​ បន្ទាប់​ពី​ប្រទេស​នេះ ​ត្រូវ​បាន​រង​គ្រោះ​ធម្មជាតិ​ដោយ​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ខែ​សីហា​។ ប៉ុន្តែ​ការ​កើន​ឡើង​ភ្លាមៗ​នៃ​ជន​ចំណាក​ស្រុក​ហៃទី​ប្រមាណជាង​​ ១៤ ០០០ នាក់ ធ្វើ​ដំណើរ​មក​កាន់​អាមេរិក​ក្នុង​រយៈ​ពេល ​១​ សប្តាហ៍​ចុង​ក្រោយ​នេះ នៅតំបន់ ​Del Rio ខាងត្បូងភាគខាងលិចនៃ​រដ្ឋតិចសាស។

លោក​ Marsha​ Espinosa ​ជំនួយ​ការ​លេខាធិការ​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​នៃ​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា​៖ «យើង​បាន​បញ្ជាក់​ជា​ថ្មី​ថា​ព្រំដែន​របស់​យើង​មិន​ទាន់​បើក​ទេ​ ហើយ​អ្នក​​ទាំង​អស់​គ្នា​មិន​គួរ​ធ្វើ​ដំណើរ​ដោយ​គ្រោះ​ថ្នាក់​បែប​នេះ​ទេ​»។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ញូវយ៉កថាមស៍​។

តាម​ការ​រាយការណ៍​របស់​ប្រភព​ដដែល​ រដ្ឋបាល​លោក​ Biden បាន​បញ្ជាឱ្យ​​មាន​ជើង​ហោះ​ហើរ​ចំនួន​ ៤ ​​លើក ​ក្នុង​ ១​ ថ្ងៃ​ សម្រាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ហៃទី​វិញ​។

ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​ហៃទី​មក​កាន់​អាមរិក ​បាន​ចាប់​ផ្តើម​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃ​ដិន​ បាន​ចូល​កាន់​តំណែង​ ដោយ​លោក​បាន​ចាប់​ផ្តើមធ្វើ​កំណែ​ទម្រង់​នូវ​គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹង​រ៉ឹង​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​​ដូណាល់ ត្រាំ​។ ការ​ធ្វើ​កំណែ​ទម្រង់​នូវ​គោល​នយោបាយ​អន្តោប្រវេសន៍ ​ក្រោយ​ពី​លោក​បៃ​ដិន​ចូល​កាន់​តំណែង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាមេរិក​នឹង​ទទួល​ស្វាគមន៍​ជន​ចំណាក​ស្រុក​ក្នុង​ប្រទេស​នេះ​។

លោក​ Guerline M. Jozef​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ហៃទី​ដែល​ធ្វើ​ការ​ជា​មួយ​ជន​ចំណាក​ស្រុក​បាន​និយាយ​ថា​ ព័ត៌មាន​ក្លែង​ក្លាយ​ ព័ត៌មាន​មិន​ត្រឹម​ត្រូវ ​និង​ការ​យល់​ច្រឡំ​អាច​បង្កើតឱ្យ​​មាន​ក្តី​សង្ឃឹម​ខុស​បាន​។

ទោះ​ជា​មាន​ការ​ជម្លៀស​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​យ៉ាង​ណា កាល​ពី​ខែ​ឧសភា​​រដ្ឋបាលលោក​ បៃដិន​​​ បាន​ផ្តល់​នូវ​ការ​ការពារ​បណ្តោះ​អាសន្ន​ទៅ​ដល់​ប្រជាជន​ហៃទី​ចំនួន​ជាង ១​ ម៉ឺន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​រួច​ហើយ​។ ប៉ុន្តែ​ប្រជាជន​ហៃទី​ជា​ច្រើន​​នាក់​បាន​ព្យាយាម​ឆ្លង​ដែន​ចូល​ទៅ​ទឹក​ដី​អាមេរិក​ ទោះ​បី​ជា​ពួក​គេ​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​ស្នាក់​នៅ​លើ​ទឹក​ដី​អាមេរិក ​ក្រោម​កម្មវិធី​ជន​អន្តោប្រវេសន៍​នេះ​ក៏​ដោយ​។

លោក​ Roberto Velasco ​ប្រធាន​មន្រ្តី​អាមេរិក​ខាង​ជើង​នៅ​ក្រសួង​ការ​បរទេស​ម៉ិកស៊ិកបាន​និយាយ​ថា​ ប្រទេស​ម៉ិកស៊ិក​ កំពុង​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​នេះ​ដោយ​ប្រជាជន​ហៃទី​ធ្វើ​ដំណើរ​តាម​ប្រទេស​ប្រេស៊ីល​ និង​ឈីលី ​ដើម្បី​ចូល​ទៅកាន់​សហរដ្ឋ​អាមេរិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​ ២០១០​ នៅ​ប្រទេស​ហៃទី​ ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​ឆ្ពោះ​ទៅ​ប្រទេស​ស៊ី​លី​ និង​ប្រេស៊ីល​ ដើម្បី​ស្វែង​រក​ការងារ​នៅ​ក្នុង​ប្រទេស​មហា​អំណាច​នានា ​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​។

ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​​ហៃទី​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​ ដែល​ជា​ប្រទេស​ធំ​បំផុត​របស់​ទ្វីប​អាមេរិក​ខាង​ត្បូង​បាន​ចាប់​ផ្តើម​កើន​ឡើង​នៅ​ឆ្នាំ​ ២០១១​ ដែល​មាន​ប្រជាជន​ហៃទី​ប្រមាណ​ជិត ២ ​ម៉ឺន​នាក់ ​ក្នុង​ឆ្នាំ ២០១៨​ ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​នេះ​។

ប៉ុន្តែ​ដោយ​សារ​ជំងឺ​រាតត្បាត​កូវីដ​បាន​វាយ​លុក​ប្រទេស​ប្រេស៊ីល​ ចាប់​តាំង​ពី​ឆ្នាំ​ទៅ​​ និង​សេដ្ឋកិច្ច​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ដទៃ​ទៀត​បាន​ធ្វើ​ឱ្យ​​ឱកាស​ទទួល​បាន​ការងារ​ត្រូវ​បាន​ធ្លាក់​ចុះ​។ ប្រជាជន​ហៃទី​ប្រមាណ​

៥០០​ នាក់​ប៉ុណ្ណោះ ​ដែល​ទទួល​បាន​ការងារ​ស្រប​ច្បាប់​នៅ​ប្រេស៊ីល​ក្នុង​រយៈ​ពេល​ ៥​ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ទិន្នន័យ​កាល​ពី​ឆ្នាំ​ ២០១៩​ ដោយ​មាន​ប្រជាជន​ហៃទី​ប្រហែល​ ២ ពាន់​នាក់​​​ទទួល​បាន​ការងារ​ធ្វើ​។ ទិន្នន័យ​នេះ​យោង​តាម​ស្ថិតិ​ចំណាក​ស្រុក​ចុង​ក្រោយ​របស់​ប្រេស៊ីល​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​សារព័ត៌មានញូវ​​យ៉ក​ថាមស៍​៕