កាល​ពី​ថ្ងៃ​ចន្ទ ទី​២០ កញ្ញា​ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប ​បាន​សម្ដែង​ការ​គាំទ្រ​ និង​សាមគ្គីភាព​ជាមួយ​នឹង​ប្រទេស​បារាំង​ នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ដើម្បី​ពិភាក្សា​ពី​ការ​សម្រេច​ចិត្ត​របស់​អូស្ត្រាលី​លុប​ចោល​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ក្នុង​តម្លៃ ៤០ពាន់​លាន​ដុល្លារ​ជា​មួយ​ក្រុង​ប៉ារីស ដើម្បី​ជ្រើសរើស​ជម្រើស​អាមេរិក និង​អង់គ្លេស​វិញ​។

ថ្លែង​បន្ទាប់​កិច្ចប្រជុំ​បិទ​ទ្វារ​នៅ​ខាង​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក ​ចូសេប បូ​រេល​ បាន​និយាយ​ថា​៖​ «កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ច្រើន ការ​សម្រប​សម្រួល​កាន់​តែ​ច្រើន ការ​បែក​ខ្ញែក​កាន់​តែ​តិច​ គឺ​សំខាន់​សម្រាប់​ការ​សម្រេច​បាន​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​មាន​ស្ថិរភាព និង​សន្តិភាព»​។

កាល​ពី​សប្ដាហ៍​មុន ​អូស្ត្រាលី​បាន​ប្រកាស​លុប​ចោល​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ដើរ​ដោយ​ឥន្ធនៈ​ម៉ាស៊ូត​ពី​បារាំង​ ដើម្បី​ចាប់​ផ្ដើម​សាងសង់​នាវា​មុជទឹក​ខ្លួន​ឯង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ​ចែក​រំលែក​ដោយ​អាមេរិក និង​អង់គ្លេស​ បន្ទាប់​ពី​បាន​ធ្វើ​ភាព​ជា​ដៃ​គូ​សន្តិសុខ​ជា​មួយ​ប្រទេស​ទាំង​នោះ​ក្រោម​ឈ្មោះAUKUS​។

ការ​សម្រេច​ចិត្ត​នេះ​ បាន​ធ្វើ​ឱ្យ​ប្រទេស​បារាំង​ខឹង​សម្បា ហើយ​កាល​ពី​ថ្ងៃ​ចន្ទ ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក​ហ្សង់-អ៊ីវ ឡឺ ដ្រីអង់ បាន​ចោទ​ប្រកាន់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ថា ​បន្ត​និន្នាការ​នយោបាយ​របស់​អ្នក​កាន់​តំណែង​លោក​ដូណាល់ ត្រាំ​ ដូចជា​ «ឯកតោភាគី​និយម មិន​អាច​ទាយ​ទុក​ជា​មុន​បាន ឃោរឃៅ និង​មិន​គោរព​ដៃគូ​»​។

«យើង​ជា​សម្ព័ន្ធមិត្ត យើង​និយាយ​គ្នា ហើយ​កុំ​លាក់​យុទ្ធសាស្ត្រ​លម្អិត​ផ្សេង​ៗ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​មាន​វិបត្តិ​ទំនុក​ចិត្ត​» លោក​ឡឺ ដ្រីអង់ ​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ដូច្នេះ​អ្វី​ៗ​ទាំង​អស់​ ត្រូវ​ការ​ការ​បំភ្លឺ និង​ការ​ពន្យល់ វា​អាច​ត្រូវ​ការ​ពេល​វេលា​»។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ឆាល មីសែល​ បាន​និយាយ​ថា ​លោក​ពិបាក​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​អូស្ត្រាលី អង់គ្លេស និង​អាមេរិក​។

លោក​និយាយ​នៅ​ទីក្រុង​ញូវយ៉ក​ថា​៖ «ហេតុអ្វី? ពី​ព្រោះ​ជា​មួយ​រដ្ឋបាល​ថ្មី​របស់ចូ បៃដិន អាមេរិក​ត្រឡប់​​មក​វិញ​ហើយ​។ នេះ​គឺ​ជា​សារ​ប្រវត្តិសាស្ត្រ​ដែល​ផ្ញើ​ដោយ​រដ្ឋបាល​ថ្មី​នេះ ហើយ​ឥឡូវ​នេះ​យើង​មាន​សំណួរ​។ តើ​វា​មាន​ន័យ​យ៉ាង​ដូចម្ដេច – អាមេរិក​ត្រឡប់​​មក​វិញ​ហើយ តើ​អាមេរិកត្រឡប់​​មក​វិញ​នៅ​អាមេរិក ឬ​នៅ​កន្លែង​ផ្សេង​ទៀត​? យើង​មិន​ដឹង​ទេ​»។

លោក​និយាយ​ថា​ប្រសិន​បើ​ចិន​ជា​ការ​ផ្តោត​សំខាន់​សម្រាប់​វ៉ាស៊ីនតោន​នោះ​វា​ពិត​ជា​«ចម្លែក​ខ្លាំង​ណាស់​» សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​សហការ​ជាមួយ​អូស្ត្រាលី និង​អង់គ្លេស​ ដោយ​និយាយ​ថា ​ការ​សម្រេច​ចិត្ត​នេះ​អាច​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​អាត្លង់ទិក​​ទ​ន់​ខ្សោយ​។

មន្ត្រី​ជាន់​ខ្ពស់ មក​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភីតសបឺគ​រដ្ឋ​ផេនស៊ីលវ៉ានី​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​នេះ សម្រាប់​កិច្ច​ប្រជុំ​បើក​សម្ពោធ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​អាមេរិក-សហភាព​អឺរ៉ុប ដែល​ទើប​បង្កើត​ថ្មី ប៉ុន្តែ​លោក​មីសែល​បាន​និយាយ​ថា ​សមាជិក​សហភាព​អឺរ៉ុប​ខ្លះ ​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ពន្យារ​ពេល​កិច្ច​ប្រជុំ​នេះ​៕