ជន​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ​៦​ នាក់ ដែល​បាន​រត់គេចខ្លួន​ចេញពី​គុក​មាន​សន្តិសុខ​យាមកាម​យ៉ាង​តឹងរ៉ឹង​របស់អ៊ី​ស្រា​អែល​​តាមផ្លូវ​រូង​ក្រោម​ដី​ដែល​ជីក​នៅក្រោម​អាងទឹក​មួយ ​ត្រូវបាន​ចាប់ឃុំខ្លួន​យកមក​វិញ បន្ទាប់ពី​កងទ័ពបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ចាប់បាន​អ្នកទោស​ ២ ​នាក់​ចុងក្រោយ​។​

​អ្នកទោស​ដែល​ត្រូវបាន​ឃុំខ្លួន​ពីបទ​ការវាយប្រហារ​ប្រឆាំងនឹង​រដ្ឋ​ជ្វី​ហ្វ បាន​ក្លាយជា​វីរបុរស​ក្នុងចំណោម​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​នៅពេលដែល​របាយ​ការណ៍​ជាច្រើន​បាន​លេចចេញ​ថា ពួកគេបាន​ប្រើ​ឧបករណ៍​ជា​មូលដ្ឋាន​មាន​ដូច​ស្លាបព្រា​ជាដើម​។​

​កងកម្លាំង​សន្តិសុខ​របស់​អ៊ី​ស្រា​អែល​ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ចាប់​ពួកគេ​រួមទាំង​យន្តហោះដ្រូន​បើក​ពីលើ​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​តាមផ្លូវ និង​បេសកកម្ម​កងទ័ព​ទៅកាន់​ទីក្រុង Jenin នៅក្នុង​តំបន់​វេស​ប៊ែ​ង​ ដែល​កាន់កាប់​ដោយ​អ៊ី​ស្រា​អែល​​។

​ការ​តាម​ចាប់ខ្លួន​ពួកគេ​មាន​រយៈពេល ​១៤ ​ថ្ងៃ​ ដោយ​អ្នក​លួច​រត់​ ៤ ​នាក់​ដំបូង ​ត្រូវបាន​ចាប់ខ្លួន​មកវិញ​កាលពី​សប្តាហ៍​មុន​។​

​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែល​​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នៅសល់ ​២ ​នាក់​ចុងក្រោយ​បានប្រគល់​ខ្លួន​ក្រោយពី​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងសន្តិសុខ​ដែល​បានធ្វើ​សកម្មភាព​ភ្លាមៗ ដោយ​ពឹង​ផ្អែកលើ​ការស៊ើបអង្កេត​យ៉ាងច្បាស់​លាស់​។​

​លោក Ayham Kamamji មាន​អាយុ​ ៣៥ ​ឆ្នាំ និង​លោក Munadel Infeiat អាយុ​ ២៦ ​ឆ្នាំ គឺជា​សមាជិក​នៃ​ក្រុម​ជី​ហាដ​អ៊ិ​ស្លាម ជា​ចលនា​អ៊ិ​ស្លាម​ប៉ា​ឡេ​ស្ទី​ន​ប្រដាប់អាវុធ​។

​ក្រុម​ជី​ហាដ​អ៊ិ​ស្លាម បាន​ស្វាគមន៍​វីរ​​បុរស​របស់ខ្លួន បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ជាថ្មី ដោយបាន​ប្តេជ្ញា​ថា ប្រជាជនប៉ា​ឡេ​ស្ទី​ន​មិន​ប្រគល់​ខ្លួនជាការ​ឆ្លើយ​​តប​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ និង​ការឈ្លានពាន​របស់​អ៊ី​ស្រា​អែល​​នោះទេ​។

​សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ពបានឱ្យដឹងថា គេ​ទាំង​ ​២ ​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​កិច្ចប្រតិបត្តិការ​រួមរ​បស់​កងទ័ព​ជា​មួយ​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​នៅក្នុង​ទីក្រុង Jenin ហើយ​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​សួរចម្លើយ​។​

​សេចក្តីថ្លែងការណ៍​នោះបាន ឱ្យដឹងទៀតថា បុរស​ ២​ នាក់​ផ្សេងទៀត​ ដែល​តាម​ការសង្ស័យ បាន​ជួយ​អ្នក​លួច​រត់​ជាច្រើន​នាក់ ក៏​ត្រូវបាន​ចាប់ឃុំខ្លួនមកវិញ​ដែរ​។​

​លោក Taleb Abo Jaafar ដែល​មានផ្ទះ​នៅក្នុង​ទីក្រុង Jenin ជាទី​ដែល​អ្នក​លួច​រត់ ​២ ​នាក់ ​ត្រូវបាន​រកឃើញ​នោះ បាន​និយាយថា លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​ផ្ទះ​ត្រូវបាន​គេ​ដាក់​ខ្សែ​ព័ទ្ធ​ទាំង​កណ្តាល​យប់នោះ​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​ AFP​ ថា​៖ «​មានការ​បាញ់​នៅ​ជុំវិញ​ផ្ទះ​នោះ​។ ខ្ញុំ​បាន​ចេញមកក្រៅ​ដើម្បី​មើលថា តើ​អ្វី​បានកើត​ឡើង​? ខ្ញុំ​បាន​បើកទ្វារ​ហើយ​សម្លឹងមើល​ទៅតាម​ផ្លូវមាន​កងកម្លាំង​ជាច្រើន​នៅ​ខាងក្រៅ ហើយ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ឱ្យចូល​ទៅក្នុង​ផ្ទះ​វិញ​»​។

​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធាន​សន្តិសុខអ៊ី​ស្រា​អែល​​លោកនាយក​​រដ្ឋមន្ត្រី ណា​ហ្វ​តា​លី បេន​និ​ត បាន​ចាត់​ទុក​ការ​លួច​រត់​ចេញពី​គុក​ថា​ ជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​។​

​លោក​បាន​បន្ថែមថា​៖ «​អ្នក​ទាំងអស់គ្នា (​ប្រធាន​សន្តិសុខ​) ត្រូវ​នៅ​ជាមួយ​កងកម្លាំង​ចម្រុះ រហូតដល់​បេសកកម្ម​នេះ​ចប់សព្វគ្រប់ ដោយបាន​ប្តេជ្ញា​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា ស្ថាប័ន​សន្តិសុខ​នឹង​កែតម្រូវ​អ្វីដែល​ចាំបាច់ ធ្វើយ៉ាងណា​ឱ្យបាន​ល្អ​​ប្រសើរឡើង​»​។​

​អ្នក​លួច​រត់​ទាំង​ ៦ ​នាក់​នោះ គឺជា​សមា​​ជិ​ក​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដោយ​តុលាការ​អ៊ី​ស្រា​អែល​​ពី​ការរៀបចំ​ផែន ឬ​វាយ​ប្រហារ​ប្រឆាំង​អ៊ី​ស្រា​អែល​​។​

​អ្នកស្រុកបាន​និយាយថា ប៉ា​ឡេ​ស្ទី​ន​នៅក្នុង​ទីក្រុង Jenin បាន​ប៉ះទង្គិច​ជា​-​មួយ​កងទ័ព​អ៊ី​ស្រា​អែល​ ​ខណៈ​ពួកគេ​បាន​វាយប្រហារ​ទីក្រុង​នេះ​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ ចំណែក​យោធា​អ៊ី​ស្រា​អែល​បាន​និយាយថា ការប៉ះទង្គិច​បានកើត​ឡើង ខណៈ​កងកម្លាំង​បាន​ដកចេញ ដោយ​អ្នកស្រុក​បាន​គប់​ដុំថ្ម និង​គ្រឿងផ្ទុះ​ទៅលើ​កងទ័ព ដែល​បាន​ឆ្លើយតប​វិញ ដោយ​ការបាញ់​គ្រាប់​ពិត​៕​