សម្រាប់​អ្នក​គិតថា រយៈពេល ៦​ ខែ​ខាងមុខ ស្ថានភាព​កូ​វីដ ​១៩​ នឹងមាន​ពន្លឺ​ឡើងវិញ​ក្រោយពី​បាន​ព្យាករ​ហើយ​នោះ​អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​សន្និដ្ឋាន​ជា​បណ្ដោះ​អាសន្ន​ថា ស្ថានភាព​នឹងមិន​ងាយ​ប្រសើរ​ឡើងវិញ​ក្នុង​រយៈពេល ៦​ ខែ​ខាងមុខ​ទេ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bloomberg​។​

​វិបត្តិ​នេះ​បណ្ដាលឱ្យ​ពិភព​លោក​ព្រួយបារម្ភ​ឥតឈប់ឈរ​ហើយ​វា​នឹង​កើត​ឡើងវិញ​គ្រប់ពេល​ប្រសិនបើ​មិន​មានការ​ប្រុង​ប្រយ័ត្ន​។ អ្នកជំនាញ​ស្ទើរតែ​គ្រប់គ្នា សុទ្ធតែ​យល់ស្រប​ថា មនុស្ស​គ្រប់គ្នា​នឹង​នៅតែ​អាច​ឆ្លង​មេរោគ បើទោះជា​ចាក់​វ៉ាក់សាំង​ហើយ​ក្ដី​។​ ការ​​រីក​រាលដាល​ជា​បន្តបន្ទាប់​បណ្ដាលឱ្យ​មេរោគ​នេះ បង្កើតជា​វ៉ា​រ្យ៉​ង់​ថ្មីៗ ដែល​កាន់តែ​បង្ក​គ្រោះថ្នាក់​សាហាវ​ជាង​វ៉ា​រ្យ៉​ង់​មុនៗ​ទៀត​។

​ទោះជា​យ៉ាងណាក្ដី​ពិភពលោក​កំពុង​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ទីកន្លែង ដើម្បី​ប្រណាំង​គ្នា​នឹង​រលក​ថ្មី និង​វ៉ា​រ្យ៉​ង់​ដែល​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់​។ ទោះយ៉ាងណា ការរីក​រាលដាល​នេះ នឹងមិន​ងាយ​ចប់​ទេ ដរាបណា​ការចាក់​វ៉ាក់សាំង មិនបាន​ចែកចាយ​គ្រប់ផ្នែក​ទាំង​អស់នៃ​ពិភពលោក​។

​លោក Michael Osterholm នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​គោលនយោបាយ​ជំងឺឆ្លង​នៅ សាកលវិទ្យាល័យ​មី​នី​សូ​តា នៅ​ទី​​ក្រុង​មីន​នៀ​ប៉ូលិស និង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយថា​៖ «​ខ្ញុំ​ឃើញ​ការកើនឡើង​ករណី​ទាំង​នេះ ​បន្ត​កើត​មាននៅ​ទូទាំង​ពិភព​លោក ប៉ុន្តែ​ករណី​ទាំងនេះ​នឹង​ធ្លាក់ចុះ​នៅពេល​ណាមួយ ហើយអាច​នឹង​កើន​ឡើងវិញ​ជាខ្លាំង​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​ឆ្នាំនេះ​»​។​

​ខណៈពេលដែល​មនុស្ស​រា​ប់​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភព​​លោក​មិនទាន់​ទទួលបាន​វ៉ាក់សាំង ការផ្ទុះ​ឡើង​ករណី​ឆ្លង​នៅតែ​បន្តនៅក្នុង​សាលារៀន កន្លែង​ដឹកជញ្ជូន​សាធារណៈ និង​នៅ​កន្លែងធ្វើការ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​ នៅពេលដែល​ប្រទេស​នានា​ចាប់​​ផ្ដើម​បើក​សេដ្ឋកិច្ច​ឡើងវិញ​។

​ទោះបីជា​អត្រា​នៃ​ការ​ចែកចាយ​វ៉ាក់សាំង កើនឡើង​ក៏ដោយ ក៏​មនុស្ស​មួយចំនួន ត្រូវ​ទទួលរង​នឹង​ការឆ្លង​មេរោគ​ដែរ រួមមាន​ដូចជា ទារក​ទើបនឹង​កើត​មនុស្ស​ដែល​មិន​ចាក់ ឬ​មិនអាច​ចាក់​វ៉ាក់សាំង​បាន ហើយ​អ្នក​ដែល​ទទួល​វ៉ាក់សាំង​ហើយក៏​នៅតែ​ឆ្លង ដោយសារ​កម្រិត​ប្រសិទ្ធភាព​នៃ​ការការពារ​របស់​វ៉ាក់សាំង​ធ្លាក់ចុះ​ក្នុង​រយៈពេល​វែង​។​

​ដោយឡែក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ស្ថានភាព​នឹង​កាន់​តែ​ពិបាក​គឺថា ប្រសិនបើ​វ៉ា​រ្យ៉​ង់​ដែល​ធន់​នឹង​វ៉ាក់សាំង នោះ​នឹង​មានការ​វិ​វ​ឌ្ឍ​នូវ​វ៉ា​រ្យ៉​ង់​ថ្មី​ជានិច្ច បើទោះជា ការវិវឌ្ឍ​នេះ​មិនមែនជា​ហានិភ័យ​តែ​១​គត់ ដែល​យើង​នឹងត្រូវ​ជួប​ប្រទះ​នៅ​ថ្ងៃ​ខាងមុខ​ក៏ដោយ​។

​លោក Osterholm បាន​បន្តថា​៖ «​យើង​នឹង​ពន្លឺ​ខ្លះៗ យ៉ាងហោចណាស់​ក៏ ​១​ ឆ្នាំ​ខាងមុខនេះ ​នៅពេលដែល​ពិភពលោក​ទទួលបាន​វ៉ា​ក់​សាំង​ការពារ​កាន់តែច្រើន​។ ប៉ុន្តែ​បញ្ហា គឺថា ​យើង​មិនទាន់​ដឹង​ថាព​ន្លឹ​ទាំងនោះ​ស្ថិតនៅ​ចម្ងាយ​ប៉ុនណា​ពី​យើង​។ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​អាចប្រាប់ថា​នេះ គឺជា​ភ្លើង​ឆេះ​ព្រៃ កូ​រ៉ូ​ណា ដែល​នឹងមិន​ឈប់​រហូតដល់​វា​បាន​ឆ្លង​គ្រប់គ្នា​»​។​

​យោងតាម លោកស្រី Lone Simonsen អ្នកជំនាញ​រោគ​រា​ត​​ត្បា​ត និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សុខភាព​ប្រជាជននៅ​សាកលវិទ្យាល័យ Roskilde នៅ​ប្រទេស​ដា​ណឺ​ម៉ាក​បានបង្ហាញ​ពី​កំណត់ត្រា​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុនផ្តាសាយ​ទាំង ៥ ក្នុង​រយៈ​ពេល ​១៣០ ​ឆ្នាំ ចុងក្រោយ​នេះ​។​

​លោកស្រីបាន​និយាយថា ការ​ផ្ទុះឡើង​នៃ​ជំងឺ​ផ្តាសាយ​ជា​សកល​មាន​រយៈពេល​យូរ​បំផុត​នោះ គឺ​រយៈពេល ៥ ឆ្នាំ ដែល​ភាគច្រើន មាន​រលក​នៃ​ការឆ្លង​ពី ២ ទៅ​ ៤ ​ក្នុង​រយៈពេល​ជា​មធ្យម ២ ឬ ៣​ ឆ្នាំ​។

ទោះយ៉ាងណា វិបត្តិ​កូ​វីដ​កំពុង​ក្លាយទៅជា​ប្រភេទ​ជំងឺ​រាតត្បាត ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន​ខណៈ ដែល​ឆ្នាំ​ទី​២ ​របស់​វាបាននិងកំពុង​ជួប​​ប្រទះ​នូវ​រលក​ទី​៣ បន្តទៀត​ដែលជា​សញ្ញា​បង្ហាញថា ជំងឺ​នេះ​នឹង​គ្មាន​ទីបញ្ចប់​ងាយៗ​នោះឡើយ​។​

​បើ​យោងតាម​ប្រវត្តិសាស្ត្រ ដែល​បាន​កត់ត្រា​ពីមុនៗ​មក​មេរោគ​នឹង​កាន់តែ​ធូរស្រាល​ជាង​មុន​ទៅដោយ​ស្វ័យប្រវត្តិ​។ បើទោះបីជា​ការវិវឌ្ឍរ​បស់​វីរុស មិនមែន​តែងតែ​ធ្ងន់ធ្ងរ​ជាង​វីរុស​ជំនាន់​មុន​ក៏ដោយ​ជំងឺ​រា​ត​​ត្បា​ត​អាច​បណ្តាល​ឱ្យស្លាប់​កាន់តែច្រើន​ក្នុងអំឡុងពេល​វា​រាតត្បាត ព្រោះ​វីរុសកំពុង​សម្រប​ខ្លួន​ទៅនឹង​មជ្ឈដ្ឋាន​ថ្មី​។​

​អ្នកស្រាវជ្រាវ​ខ្លះ បាន​និយាយថា វីរុស​ SARS-CoV-2 បាន​ស៊ាំ​ជាមួយនឹង​វ៉ាក់សាំង​ជំនា​ន់ទី​១ រួចទៅហើយ​។ ការសិក្សា​មួយ​ពី​ប្រទេស​ជប៉ុន ដែល​មិនទាន់​ត្រូវបាន​បោះពុម្ពផ្សាយ ឬ​ត្រូវបាន​គេ​ពិនិត្យមើល​ឡើងវិញ​ហើយ​នោះ បាន​បង្ហាញថា ការវិវឌ្ឍ​នៃ​វីរុសដែល​អាច​បង្ក​គ្រោះថ្នាក់​ជាងគេ​គឺ វ៉ា​រ្យ៉​ង់​ដែល​តា ត្រូវបាន​គេ​ប្រើ​ធ្វើជា​ទិន្នន័យ​មូលដ្ឋាន​ជាស​កល ដើម្បី​តាមដាន​ការវិវឌ្ឍ​ទាំងនេះ​។ របាយការណ៍​នៃ​ការឆ្លង​មេរោគ​បច្ចុប្បន្ន​បង្ហាញថា តាមរយៈ​ការ​​ចាក់​វ៉ាក់សាំង ឬ​ការឆ្លង​លើ​មនុស្ស​ចាក់​វ៉ាក់សាំង​ហើយ មិនមាន​បង្កឱ្យមាន​អត្រា​ស្លាប់​ខ្ពស់​មិន​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ទេ​រហូតមក​ដល់ពេលនេះ​។​

​លោកស្រី Kanta Subbarao នាយិកា​មជ្ឈមណ្ឌល​សហ​ការ និង​ស្រាវជ្រាវ​នៅ​អង្គការ​សុខភាព​ពិ​ភព​លោក (WHO)​ ស្តីពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅឯ​វិទ្យាស្ថាន Peter Doherty សម្រាប់​ការឆ្លង​មេរោគ និង​អភ័យឯកសិទ្ធិ​នៅ​ទីក្រុង​មែ​ល​ប៊​ន​ បាន​មានប្រសាសន៍ថា​៖ «​ដរាប​​ណា​នៅមាន​សត្វ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​លទ្ធភាព​ដែល​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅតែ​អាច​កើតឡើង​នាពេល​អនាគត​។ តែ​ហា​និ​ភ័យ​ដែល​យើង​ត្រូវ​ប្រឈមមុខ​នៅពេលនេះ គឺថា​យើង​កំពុងមាន​បញ្ហា​មួយ​ដែល​មិនទាន់​ដោះស្រាយ​រួច​ផង​ហើយ​យើង​ត្រូវ​ប្រឈម​នឹង​បញ្ហា​កើតឡើង​មួយទៀត​»​។​

​តែ​អ្វីដែល​ហាក់ដូចជា​ច្បាស់​គឺថា ជំងឺ​រាតត្បាត​នឹងមិន​បញ្ចប់​ក្នុង​រយៈពេល​ ៦​ ខែ​នេះ​ទេ​។ អ្នកជំនាញ​ជាទូទៅ​យល់ស្រប​ថា ការផ្ទុះ​ឡើង​នាពេល​បច្ចុប្បន្ននេះ​នឹង​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​ប្រហែលជា ៩០-៩៥ ភាគរយ​នៃ​ប្រជាជន​ពិភពលោក មាន​ភាពស៊ាំ​មួយកម្រិត​នៃ​ការ​ឆ្លង​ដោយសារ​ការទទួលបាន​វ៉ា​ក់​សាំង ឬ​ការឆ្លង​ពីមុន​ហើយ​។​ ប៉ុន្តែ អ្វី​សំខាន់​ដែល​យើង​ត្រូវធ្វើ​នៅពេល​បច្ចុប្បន្ន​នោះ​ គឺ​ការ​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​គ្រប់ទិសទី​សិន​៕​