ចាប់​តាំង​ពីប្រទេស​ចិន បាន​អ​​នុម័​​ត​​វ៉ា​ក់​សាំង​កូ​វីដ ១៩ ចំនួន​ ២ ដំបូង​របស់​ខ្លួន​សម្រាប់​ការ​ប្រើប្រា​ស់​គ្រា​អាសន្ន​រួច​មក​ ប្រទេស​នេះ​បាន​បង្កើន​ផលិតក​ម្ម​រ​បស់​ខ្លួ​ន​យ៉ា​ង​ឆា​ប់រហ័ស ដើម្បី​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​វ៉ាក់​សាំងកា​រ​​ពារ​ជំ​​ងឺ​ដ៏​ធំ​បំ​ផុ​ត​រ​ប​​ស់ពិ​ភ​ព​លោ​ក​។ នេះ​បើតាមការ​​ឱ្យ​ដឹងពីសារព័ត៌មាន​ SCMP។

ក្រៅ​ពី​ការ​ចែក​ចាយ​​​វ៉ា​ក់​សាំ​ង​ដល់​​ប្រ​ជា​ជ​ន​រ​ប​ស់​ខ្លួ​ន​ជាង​ ១ ពាន់​លាន​នាក់​រួច​មក ប្រទេស​ចិន​ បាន​នាំ​ចេញ​វ៉ាក់​សាំង​ជាង​១​​ពាន់​​លាន​ដូស​បន្ថែម​ទៀត និង​បាន​ប៉ាន់​ប្រមាណ​ថា កា​រ​នាំ​ចេ​ញ​វ៉ាក់សាំ​ង​សរុប​របស់​ខ្លួន​ អាច​ឈាន​ដ​ល់ ២ ពាន់លានដូសនៅឆ្នាំនេះ​។​

ប៉ុន្តែ​ការ​បង្កើន​​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ ដើម្បីក្លាយជាតួអង្គ​សំ​​​ខា​ន់​នៅ​ក្នុ​ងទី​ផ្សា​រ​ផលិត​វ៉ាក់សាំង គេ​ឃើញ​មាន​​​ភា​ព​​ច​ម្រូង​ច​ម្រា​ស​​ជាពិសេសលើ​បញ្ហា​ខ្វះ​តម្លាភាពនិង​វិធី​ប្រមូល​ទិន្នន័យ​ពី​ការ​សាក​ល្បង​ដំណាក់​កាលចុ​ង​ក្រោ​យ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រពៃណី ដើ​ម្បី​ធ្វើ​ឱ្យ​វ៉ា​ក់​សាំងការពារ​មេរោគ​អ​ស​ក​ម្មទាំ​ង​មូ​ល (WIV) ជា​កត្តា​ជួយជំ​រុញ​​ឱ្យ​​​ប្រ​ទេ​ស​ចិន​ផលិត​វ៉ាក់សាំង​បាន​ឆាប់​រហ័ស​។ វ៉ាក់សាំង​ទាំង​នេះ ​បាន​ដើរ​តួយ៉ា​ង​សំខាន់​ក្នុង​ការ​កាត់​បន្ថ​យ​ការស្លា​ប់និង​ក​រណីធ្ងន់ធ្ងរប៉ុន្តែវា​មាន​ប្រសិទ្ធ​ភាព​តិច​ជា​ង​អ្នក​ ដែល​ប្រើវ៉ាក់សាំង​​កម្រិត​ខ្ពស់​ ដូ​ច​ជាវ៉ាក់សាំង​ mRNA និងវ៉ា​ក់សាំង​អ​នុ​ប្រូ​តេ​អ៊ីន​។

ដោយ​សារ​ ជម្រើស​នៃ​ការ​ទិញ​យក​ប្រភេទ​វ៉ាក់សាំង​កាន់​តែ​ច្រើន​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​​នេះប្រ​ទេស​ កំពុង​​អភិវឌ្ឍន៍​មួយ​ចំនួនបាន​ងាកទៅរក​អ្នក​ផ្គត់ផ្គង់​ផ្សេង​ទៀតដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ប្រសិទ្ធ​ភាព​របស់​ចិន​ប្រឆាំង​នឹង​វ៉ារ្យ៉ង់ដែល​តា​។​

ក្រុម​អ្នក​ជំនាញ​បាននិយាយថា តួនាទី​របស់​ប្រទេស​ចិ​ន​ ដែល​ជា​អ្នក​ផ្តល់​វ៉ាក់​សាំង​កំពូល​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​មិន​ផ្លាស់​ប្តូរ​ទេ​នា​ពេលអនាគត​ ប៉ុន្តែ​ការ​ខិត​ខំ​របស់​ខ្លួន​ ដើម្បី​ក្លាយ​ជា​ប្រទេស​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ដ៏​សំ​ខា​ន់ដោយ​ប្រើ​ប​ច្ចេ​ក​វិទ្យា​ទំ​នើ​ប​ជា​ងមុ​​នដូចជា mRNA នឹង​អាស្រ័យ​លើ​របៀបដែល​គេ​តេស្ត​បេក្ខជ​ន ថ្មីនិងផ្ទៀ​ង​ផ្ទា​ត់​ទិន្នន័យ​។

ប្រទេស​នានា​ បាន​ស្វះ​ស្វែង​រក​វ៉ាក់សាំងពី​ប្រទេសចិន​នៅ​​ឆមាស​ទី​១ ​ឆ្នាំនេះ ដោយ​សារ​បណ្តាប្រ​ទេស​លោក​ខាង​លិ​ច​ផ្តោ​ត​​លើ​ត​ម្រូ​វ​កា​រ​ក្នុ​ង​ស្រុក​​រ​ប​ស់​ពួ​ក​គេ​នៅ​ក្នុង​អ្វីដែ​ល​អ​ង្គកា​​រសុ​ខ​​ភា​ព​ពិ​ភ​ពលោក (WHO) ចាត់ទុកថា ជា​វ៉ាក់​សាំង​ជាតិ​និ​យម។ប៉ុន្តែក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ អ្នក​ទិញ​វ៉ាក់​សាំង​អសកម្ម ​Sinopham ចិន រួមមាន​ អារ៉ាប់រួមនិងបារ៉ែន បានចាប់ផ្តើម​ប្រើវ៉ាក់សាំង​ពី​ប្រទេស​ផ្សេងធ្វើ​ជា​ដូស​ជំនួយ​វិញ​ ក្រោយ​មាន​បារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​ការ​វាយ​លុក​របស់​ចិន​ប្រឆាំង​នឹង​វ៉ារ្យ៉ង់​ដែលតា។

តួយ៉ាង ប្រទេ​ស​ថៃ ​កំពុ​​ង​លា​យ​ដូ​ស Sinovac ជាមួ​យថ្នាំ AstraZeneca ឯអាហ្រ្វិក​ខាង​ត្បូង​ បាន​បដិសេធ​ដូស​ស៊ីណូ​​វ៉ាក់​ចំនួន ២,៥ លានដូ​ស ដែល​បា​ន​ចែ​ក​ចាយដោយអង្គការ Covax ផងដែរ។

ប៉ុន្តែ​ទោះ​យ៉ាងណាក្ដី អ្នកជំនាញ​បា​ន​និ​យាយ​ថា បើទោះបីជា​គ​ម្លា​ត​នៃ​កា​រ​ផ្គ​ត់​ផ្គ​ង់​របស់​ពិភព​លោក​នៅតែ​មា​ន​ក្ដី វ៉ាក់​សាំ​ង​អ​ស​ក​ម្ម​រ​បស់​ចិ​ន​នឹ​ង​បន្តក្លាយជាប្រភពសំខាន់​នៃ​វ៉ា​ក់សាំ​ង​កា​រ​ពា​រ​ជំងឺ​កូ​វីដ ១៩ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ​ន៍​។

លោក Huang Yanzhong នាយកមជ្ឈមណ្ឌ​​ល​សិក្សា​​សុខ​ភា​ព​ស​ក​ល​នៅសា​ក​លវិទ្យាល័យ ​Seton Hall ក្នុងរដ្ឋ New Jersey បាន​និយាយថា​ វ៉ាក់សាំង​ចិន​នឹង​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ ជាពិសេស​ប្រសិន​បើ​ បស្ចិមប្រទេស​ខ្លះ​សម្រេច​ចិត្ត​ផ្តល់​វ៉ាក់សាំង mRNA ធ្វើ​ជា​ដូស​ជំនួយ​ដល់​ប្រជាជន​។

រហូត​មកដ​ល់​ពេ​ល​នេះ ប្រជាជន​ ១ ភាគ ​៣ នៅ​លើ​ពិភពលោក ទទួល​បាន​វ៉ាក់សាំង​ពេញ​លេញ​ហើយ ប៉ុន្តែ​ចំ​នួន​អ្នកទទួលវ៉ាក់សាំងដដែល​នេះ បាន​​ធ្លា​​ក់ចុះ​​ដល់ ១ ភាគរយ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​។​

ប្រទេស​ចិន​ បានផ្តោត​ការយ​ក​ចិ​ត្ត​ទុ​ក​ដាក់​ប​ន្ថែមលើ​ពាណិជ្ជកម្ម​ទ្វេភាគី​ ជាពិសេស​ដល់​ប្រទេស​ជិត​ខាង​ ដែល​ជា​យុទ្ធសាស្ត្រក្នុង​ការ​ចែក​ចាយ​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដោយ​ការធ្វើ​បរិច្ចាគ​ជា​ចំណែកតូ​ចមួ​យ​នៃ​កា​រនាំ​ចេ​ញវ៉ា​ក់​សាំ​ង​ស​រុ​ប​រប​ស់​ខ្លួ​ន​។

យោងតាម​កា​រ​ស្ទ​ង់​មតិដែល​មា​ន​មូ​ល​ដ្ឋា​ននៅ​ទី​ក្រុ​ង​ប៉េ​កាំ​ង​ ប្រទេ​​​​​ស​ចិ​ន​ បានលក់វ៉ាក់សាំង​បាន​ ១,២៤ ពាន់​លា​ន​ដូ​ស​ ទៅ​ទី​ផ្សា​រ​ក្រៅ​ប្រទេស បើគិត​ត្រឹម​ខែ​កញ្ញា ខណៈ​​វ៉ាក់សាំង​ដែលបានបរិច្ចា​គ​មាន​ចំនួន​ត្រឹម​ ៦៦ លានដូស​ប៉ុណ្ណោះ​។ ប្រទេសចិ​ន បាន​ស​​ន្យា​ថា​នឹង​បរិច្ចាគវ៉ាក់សាំង​ ១០០ លានដូស ដល់​មជ្ឍមណ្ឌល ​Covax នៅចុងឆ្នាំនេះ។

អ្នក​ជំនាញ​ បានលើកឡើងថា វ៉ាក់សាំង​អ​នុ​ក្រុ​ម​ប្រូ​តេ​អ៊ី​ន​នៅ​តែ​មា​នស​​ក្តា​នុពលដើម្បី​ក្លាយ​ជា​ជម្រើស​ដ៏​សំខាន់​សម្រាប់​ប្រ​ទេ​សកំពុ​ង​អភិវឌ្ឍន៍​។

លោក John Moore សាស្រ្តាចារ្យអតិ​សុខុ​ម​ជី​វ​វិទ្យានិ​ង​ប្រ​ព័​ន្ធ​ភា​ព​ស៊ាំ​នៅ​ម​ហាវិ​ទ្យាល័យវេជ្ជសាស្ត្រ Weill Cornell នៅទីក្រុងញូវយ៉កបាននិ​យាយថា វ៉ាក់សាំង​ប្រូតេអ៊ីន​ អាច​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ ព្រោះវ៉ាក់សាំង​ប្រភេទ​នេះ​ អាច​ដឹក​ជ​ញ្ជូន​បានក្នុង​សីតុណ្ហភាព ​៤ អង្សារសេ​ ដោយ​មិន​​ចាំ​បាច់​​ត្រូវ​ការ​ក​ន្លែ​ង​ផ្ទុក​ត្រ​ជាក់ពិសេស​។

ទោះយ៉ាងណាក្ដី ប្រទេស​ចិន បច្ចុប្បន្ន​កំពុងអភិវឌ្ឍន៍​វ៉ាក់​សាំង​យ៉ាង​សកម្ម​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ទាំង​នេះ​ រួម​ទាំ​ង​វ៉ា​ក់​សាំង mRNA និងវ៉ាក់សាំងប្រូ​តេ​អ៊ីន​ផងដែរ​៕