លោក​ស្រី​ អ៊ុងសាន ​ស៊ូជី ​អតីត​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ាច្រាន​ចោល​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា លោក​ស្រី​មិន​គាំទ្រ​នឹង​ការ​ប្រកាស​ «សង្គ្រាម​ការពារ​ប្រជាជន» របស់​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​ NUG ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​យោធា​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Khin​ Maung Zaw​ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ស្រី​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រោយ​ពី​ខាង NUG ​ប្រកូក​ប្រកាស​ឱ្យ​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​យោធាមាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា​ លោក​ស្រី ​ស៊ូជី ​មិន​គាំទ្រ​លើ​វិធីសាស្ត្រ​នេះ​ទេហើយ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​វិធី​សាស្ត្រ​បែប​អ​ហិង្សា​ និង​ប្រកប​ដោយ​សន្តិវិធី​។

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ថា លោក​​ស្រី​ច្រាន​ចោល​លើ​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ ហើយ​សុំ​មិន​អត្ថា​ធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឡើយ។​ ជាមួយ​គ្នា​នេះ សារ​ព័ត៌មាន​មីយ៉ាន់ម៉ា Irrawaddy បាន​ចុះ​ផ្សាយ​ថា​លោក​ស្រី​មិន​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ។

«នៅ​ពេល​យើង​ប្រាប់​គាត់​អំពី​ព័ត៌មាន​នោះ [សំដៅ​លើ​ពាក្យ​ចចាម​អារ៉ាម]​ លោក​ស្រី​ក៏​បាន​សួរ​ថា "តើ​ប្រជាជន​ជឿ​ដែរ​ទេ?” ហើយ​បន្ថែម​ថា "ខ្ញុំ​មិន​ដែល​និយាយ​ពាក្យ​ណា​ដែល​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ»។

លោក​ស្រី​ ស៊ូជី កំពុង​រង​ការ​ចោទ​ប្រកាន់​រហូត​ដល់​ទៅ ១១ បទ​ល្មើស​ហើយ​អាច​ប្រឈម​មុខ​នឹង​ពន្ធនាគារ​សរុប​អាច​ដល់​ទៅ ១០០ ឆ្នាំ​ឯណោះ៕

ហ៊ីម រដ្ឋា