គណបក្ស​សេរីនិយម​របស់​នាយក​រដ្ឋមន្ត្រី​កាណាដា ទទួល​បាន​ជ័យជម្នះ​ការបោះឆ្នោត​ថ្មី​នៅ​ប្រទេស​នេះ ​ក្រោយពី​លោក​បាន​អំពាវនាវ​ឱ្យមាន​ការបោះ​ឆ្នោត​មុន​កាលកំណត់​។​

​លទ្ធផល​បោះឆ្នោត​នៅ​ប្រទេសកាណាដា​ បាន​បង្ហាញថា គណ​បក្ស​សេរីនិយម​ទទួលបាន​ ១៥៧ អាសនៈ បើ​ប្រៀបធៀប​ទៅនឹង​គណបក្ស​អភិរក្ស​ដោយ​ទទួល​បាន​អាសនៈ​ចំនួន ១២២​។ អាសនៈ​ដែល​នៅ​សេសសល់​នៅក្នុង​សភា​នឹងត្រូវ​បាន​កាន់​-​កាប់​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ថ្មី និង​គណបក្ស​ផ្តាច់ខ្លួន ​Bloc Quebecois​ ដែលមាន​មូលដ្ឋាន​នៅ​កេ​បិ​ច​។​

​នាយករដ្ឋមន្ត្រី​កាណាដា លោក ​Justin Trudeau បាន​ប្រាប់​អ្នកគាំទ្រ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ ​កាលពី​ព្រឹក​ថ្ងៃទី ​២១​ កញ្ញានេះ​ថា​៖ «​ប្រជាជន​កា​​ណា​ដា​ កំពុង​បញ្ជូន​រដ្ឋបាល​លោក​ឱ្យ​ត្រឡប់​ទៅធ្វើ​ការ​ដោយមាន​អាណត្តិ​ច្បាស់លាស់ ដើម្បីឱ្យ​ប្រទេស​កាណាដា​ អាច​ឆ្លង​ផុតពី​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ និង​ធ្វើឱ្យ​ប្រទេស​កាណាដា​ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះ​ត្រចង់​»៕