ប្រជាជន​ហៃទី​ដែល​សហរដ្ឋអាមេរិក​​បញ្ជូន​ទៅ​ប្រទេស​ហៃទី​វិញ ​ត្រូវ​ចាប់​ផ្តើម​ជីវិត​របស់​ខ្លួន​ថ្មី​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​។​ ជន​អន្តោប្រវេសន៍​ហៃទី​​ដែល​បាន​ធ្វើ​ដំណើរ​​ទៅ​ព្រំ​ដែន​សហរដ្ឋអាមេរិក​ដោយ​ខុស​ច្បាប់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​​ខ្លួន​វិញ ​ទោះ​បី​ជា​ពួក​គេបាន​ចាក​ចេញ​ពី​ទី​កន្លែង​កំណើត​ ដើម្បី​សាង​​ជីវិត​ថ្មី​នៅ​ប្រទេស​ដទៃ​ ដើម្បី​ចៀសវាង​ភាព​លំបាក​ក្នុង​ប្រទេស​កំណើត​ក្ដី​​។​

ជន​អន្តោប្រវេសន៍​ហៃទី​ដែល​ត្រូវ​បាន​អាមេរិក​បញ្ដេញ​ចេញ​ ភាគ​ច្រើន​ជា​អ្នក​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​ហៃ ទី​តាំង​ពី​យូរ​ណាស់​មក​ហើយ​​។​ អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ហៃទី​វិញ​ ត្រូវ​ចាប់​ផ្តើម​ជីវិត​របស់​ខ្លួន​ពី​ចំណុច​សូន្យទៅដោយសារ​ពួក​គេ​បាន​លក់​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ដែល​រក​បាន​នៅ​លើ​ទឹក​ដី​បរទេស ​ដើម្បី​មាន​ប្រាក់​ក្នុង​ការ​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​។

លោក​ Nicodeme Vyles អាយុ​ ៤៥​ ឆ្នាំ ​ជា​ជន​អន្តោប្រវេសន៍​មួយ​ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍ជាង​ ១០ ម៉ឺន​នាក់​ទៀត​បាន​និយាយថា​៖ «ខ្ញុំ​គិត​ថា​ សហរដ្ឋអាមេរិក​ជា​ប្រទេស​ធំ​មួយ​ដែល​មាន​ច្បាប់​។ ពួក​គេ​បាន​ធ្វើ​បាប​យើង​[ជនអន្តោប្រវេសន៍]​យ៉ាង​ខ្លាំង​»។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ New York Times។

តាម​ការ​ស្រង់​របស់​ប្រភព​ដដែល​ លោក​ Vyles បាន​បន្ត​និយាយ​ថា​ លោក​មិន​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់ងារ​អន្តោប្រវេសន៍​ទេ​។ លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​រស់​នៅ​របស់​លោក​ក្រោយ​ពី​ត្រូវ​បាន​សហរដ្ឋអានេរិក​បញ្ជូន​លោក​មក​ហៃទី​វិញ​។ ​លោក​បាន​ចាក​ចេញ​ពីប្រទេស​ហៃទី​មក​តាំង​​លំនៅ​លើ​ទឹក​ដី​ប្រទេស​ប៉ាណាម៉ា​ តាំង​ពី​ឆ្នាំ ​២០០៣​ ដោយ​ប្រកប​របរ​ជា​ជាង​ដែក​និង​ជាង​ឈើ​។​

ចំណែក​លោក ​Aminadel Glezil​ អាយុ​ ៣១​ ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​ហៃទី​កាល​ពី​ថ្ងៃ​ទី​ ១៩ កញ្ញា​ បាន​និយាយ​ថា ​អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​ប្រទេស​ហៃទី​ អ្ន​ក​ទាំង​នោះ​ មិន​បាន​ចាត់​ទុក​លោក​​ជា​មនុស្ស​ទេ​។

លោក​ Glezil បាន​និយាយ​ថា​ លោក​បាន​លក់​ផ្ទះ​របស់​លោក​នៅ​ទី​ក្រុង​ Paine ​ប្រទេស​ស៊ី​លី ​រួម​ជា​មួយ​គ្រឿង​សង្ហារិម ​និង​ឡាន​ទាំង​អស់​របស់​លោក​ ធ្វើ​ដំណើរ​ជា​មួយ​ប្រពន្ធ​ និង​កូន​ ២ នាក់​ដើម្បី​ទៅ​ព្រំដែន​អាមេរិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សហរដ្ឋអាមេរិក​បាន​សម្រេច​បញ្ជូន​ជនអន្តោប្រវេសន៍​ហៃទី​ខុស​ច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​ ក្រោយ​ពី​កំណើន​ជន​អន្តោប្រវេសន៍​ បាន​កើន​ឡើង​កាល​ពី​សប្តាហ៍​មុន​មក​ទឹក​ដី​សហរដ្ឋ​អាមេរិក​។​

​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​Alejandro N. Mayorkas ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ពង្រីក​ការ​ការពារ​ដល់​ជនជាតិ​ហៃទី​ដែល​បាន​មក​ដល់​ប្រទេស​នេះ​មុន​ថ្ងៃ​ទី​ ២៩​ កក្កដា អ្នក​ដែល​មក​ដល់​អាមេរិក​ពេល​នេះ​នឹង​មិន​ត្រូវ​បាន​ទទួល​ការ​ការពារ​ឡើយ​។

លោក​ Mayorkas​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ Del Rio ​រដ្ឋតិចសាសថា​៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ជន​ជាតិ​ហៃទី​ ដែល​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដោយ​សារ​ពួក​គេ​ទទួល​បាន​ព័ត៌មាន​មិន​ពិត​»។ ​

លោក​បាន​បន្ត​និយាយ​ថា​ ជន​អន្តោប្រវេសន៍​ហៃទី​ បាន​ទទួល​ព័ត៌មាន​មិន​ពិត​ដែល​ថា ​​ព្រំដែន​ត្រូវ​បាន​បើក។លោក​បាន​និយាយ​ថា​៖ «ការ​ព្យាយាម​ចូល​ទឹក​ដី​អាមេរិក​ដោយ​ខុស​ច្បាប់​ គឺ​មិន​សម​នឹង​តម្លៃ​ថវិកាដែល​ពួក​គេ​បាន​ចំណាយ»៕