​អាសយដ្ឋាន​សារ​អេឡិចត្រូនិក (email) របស់​អ្នកបកប្រែ​ជន​​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់រយ​នាក់ ដែល​ធ្វើការ​ជាមួយ​កងកម្លាំង​យោ​ធា​អង់គ្លេស រួមទាំង​ខ្លះ​ដែល​កំពុង​លាក់ខ្លួន​ពី​ក្រុម​តា​លី​បង់​ត្រូវបាន​ចែកចាយ​ជា​សាធារណៈ​ បន្ទាប់ពី​មានការ​បែកធ្លាយ​ទិន្នន័យ​ពី​ក្រសួងការពារជាតិ​អង់គ្លេស​។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ការ​បែកធ្លាយ​នេះ ដែល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកបកប្រែ​ជាង ២៦០ នាក់ ​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​នៅក្នុង​សារ​អ៊ី​មែ​ល​ដោយ​ក្រសួង​ការ​ពារ​ជាតិ​ប្ដេជ្ញា​ថា ​នឹង​ជួយ​ជម្លៀស​ពួកគេ​មក​ចក្រភព​អង់គ្លេស​។​

​អ្នកបកប្រែ​ ១ ​​រូប ​ដែល​បានទទួល​សារ​នេះ​បាន​ប្រាប់​សារ​ព័ត៌មាន​ BBC ​ថា កំហុស​នេះ​អាច​បង្ក​ហានិភ័យ​ដល់​ជីវិត​អ្នកបកប្រែ​ធ្វើការ​ឱ្យ​អង់គ្លេស​ទាំងអស់​ជា​ពិ​-​សេស​អ្នក​មិនទាន់​អាច​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​កំពុង​លាក់ខ្លួន​ពី​ក្រុម​តា​លី​បង់​។​

​អ្នកបកប្រែ​រូបនេះ​និយាយថា​៖ «​អ្នកបកប្រែ​ខ្លះ​មិនបាន​កត់សម្គាល់​ពី​កំហុស​នេះ​ទេ ហើយ​ពួកគេ​បាន​ឆ្លើយតប​ទៅនឹង​អ៊ី​មែ​ល​ទាំងអស់​រួចទៅហើយ ហើយ​ពួកគេ បាន​ពន្យល់​ពី​ស្ថានភាព​របស់​ពួកគេ​ដែល​គ្រោះថ្នាក់​ខ្លាំង​»​។​

​អាសយដ្ឋានអ៊ីមែ​ល​ខ្លះ​បានបង្ហាញ​ឈ្មោះ​ពិត និង​រូបភាព​របស់​បុគ្គល​ទាំងនោះ​។​

​ក្នុង​អ៊ីមែ​ល​ខាងលើ ក្រសួង​បាន​ប្រាប់​អ្នកបកប្រែ​ថា ក្រសួង​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជួយ​ពួកគេ​ភៀសខ្លួន​មក​អង់គ្លេស ប៉ុន្តែ​ព្រមាន​ថា ពួកគេ​មិនគួរ​ចាក​ចេញពី​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ​ទេ​ប្រសិនបើ​មិនមាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ដូច្នេះ​។​

​ប្រមាណ ៣០​​ នាទី​ ក្រោយមក​ក្រសួង​បាន​ផ្ញើ​សារ​អ៊ីមែ​ល​ ១​ ទៀត ណែនាំ​អ្នកទទួល​សារ​មុន​ឱ្យ​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​អ៊ីមែ​ល​របស់​ពួក​គេ បន្ទាប់ពី​រកឃើញ​កំហុស​។​

​កាលពី​ថ្ងៃ​អង្គារ ទី​ ២១ កញ្ញា​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ​បេន វ៉​ល​ឡេស បាន​និយាយថា កំហុស​របស់​ក្រុមការងារ​គោល​នយោបាយ​ជំនួយការ​ផ្លាស់ប្ដូរ​លំនៅ​អា​ហ្វ​ហ្គា​នី​ស្ថាន (ARAP) គឺ ​«​មិនអាច​ទទួលយកបាន​ទេ​»​។​

​លោក ​វ៉​ល​ឡេស បាន​ប្រាប់​សភា​អង់គ្លេស​ថា​៖ «​ខ្ញុំ​សូម​អភ័យ​​ទោស​ចំពោះ​ជនជាតិ​អា​ហ្វ​ហ្គា​នី​​ស្ថាន​ ដែល​រង​ផលប៉ះពាល់​ដោយ​ការ​បែកធ្លាយ​ទិន្នន័យ​នេះ និង​អ្នក​​ណា​ដែល​យើង​កំពុងធ្វើការ​ជាមួយ ដើម្បី​ធ្វើការ​ណែនាំ​សន្តិសុខ​»​។​

​លោក​និយាយថា មន្ត្រី​ម្នាក់​ត្រូវបាន​ព្យួរការងារ ខណៈពេលដែល​ក្រសួង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​​អង្កេត​លើ​ឧបទ្ទវ​ហេតុនេះ ដែល​លោក​បាន​និយាយថា​បាន​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ២៦០ ​នាក់ ដែល​នៅ​លាក់ខ្លួន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​បន្ថែមទៀតថា​៖ «​ដំណើរ​ការ​សម្រាប់​គ្រប់គ្រង​ទិន្នន័យ​ និង​ដំណើរការ​ឆ្លើយឆ្លង​ត្រូវបានផ្លាស់ប្ដូរ​រួចហើយ​»​។​

​ប៉ុន្តែ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​លោក ចននី មឺ​ស៊ើ​រ បាន​ចោទ​ក្រសួង​នេះ​ថា​បានធ្វើការ​«​ធ្វេសប្រហែស​ដោយ​ឧក្រិដ្ឋ​​កម្ម​» ហើយ​បាន​និយាយថា កំហុស​របស់​ពួកគេ​គឺ​កំពុង​ «​ជះ​​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​មនុស្ស​ដែល​នៅក្នុង​ប្រទេស​»​។​

​លោកនាយក​រដ្ឋមន្ត្រី ​បូរី​ស ច​ន​សុន នៅ​ដើមខែ​នេះ បាន​និយាយថា មនុស្ស ៣១១ នាក់​ ​ដែលមាន​សិទ្ធិ​ទទួលបាន​ការតាំង​លំនៅ​ថ្មី​នៅ​ចក្រភព អង់គ្លេស​ក្រោម​គម្រោង ARAP ដូចជា​អ្នកបកប្រែ​ធ្វើ​ការឱ្យ​កងកម្លាំង​អង់គ្លេស ត្រូវបាន​ទុកចោល​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​បើទោះបីជា​ក្រុម​តា​លី​បង់​បានធ្វើ​ការប្ដេជ្ញា​ថា​ មិន​ធ្វើការ​សងសឹក​ទៅលើ​សមាជិក​កងកម្លាំង​សន្តិសុខ​របស់​របប​មុន និង​ជំនួយការ​របស់​កងក​ម្លាំ​ង​បរទេស​ក៏ដោយ​ក៏មាន​ការរាយការណ៍​ជាច្រើន​អំពី​ការ​សម្លាប់​ធ្វើឃាត​ទៅលើ​អតីត​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាពិសេស​អ្នកបកប្រែ​ឱ្យ​កងកម្លាំង​បរទេស​៕