ការិយាល័យ​​ស៊ើប​​អង្កេត​​សហព័ន្ធ​​ (FBI)​ បញ្ជាក់​ថា​ សាក​សព​ដែល​ខ្លួន​រក​ឃើញ​នៅ​ឧទ្យាន​ជាតិ​រដ្ឋ​វីយ៉ូមីង​ (Wyoming) ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍មុន​ គឺ​ជា​សាកសព​របស់ស្រ្តី​អ្ន​ក​សរសេរ​ប្លុក​​​ដែល​បាត់​ខ្លួន​ឈ្មោះ​ Gabby​ Petito​ ដោយ​សមត្ថកិច្ច​​ធ្វើ​ការ​សន្និដ្ឋាន​ដំបូង​ថា​ ការ​ស្លាប់​របស់​នាង​ គឺ​ជា​អំពើ​ឃាតកម្ម​ ប៉ុន្តែ​មិន​​បញ្ជាក់​ថា ​​ស្លាប់​ដោយ​របៀប​ណា​នោះ​ទេ​។​

ការិយាល័យ FBI​ នៅ​​ក្រុង ​Denver ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter​ ថា​៖​ «​អ្នក​ធ្វើ​សព​វិភាគ​វេជ្ជ​បណ្ឌិត​​ Brent ​Blue​ នៃ​សង្កាត់ ​Teton​ បញ្ជាក់​ថា​ ឆ្អឹង​ដែល​រក​ឃើញ​ទាំង​នោះ​ គឺ​ជា​របស់​នាង ​Gabrielle Venora Petito ​ហើយ​ការ​សន្និដ្ឋាន​ដំបូង​នៃ​ការ​ស្លាប់​នេះ​ គឺ​ជា​អំពើ​ឃាតកម្ម​»​។​

នាង​ Petito​ អាយុ​ ២២ ​ឆ្នាំ​ បាត់​ខ្លួន​បន្ទាប់​ពី​ទៅ​ទស្សនា​ឧទ្យានជាតិ​ Grand Teton ​រដ្ឋ​វីយ៉ូ​មីង​ ជាមួយ​គូ​ដណ្តឹង​របស់​នាង​ឈ្មោះ ​Brian Laundrie​ អាយុ​ ២៣​ ឆ្នាំ​។​ បច្ចុប្បន្ន​ ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​លោក ​Laundrie​​ដោយ​លោក​ គឺ​ជា​មុខ​សញ្ញា​គោលដៅ​​ក្នុង​ករណី​នេះ​ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ណា​មួយ​ឡើយ​។​

ទាំង ២ ​នាក់​គូ​ដណ្តឹង​ ​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​សប្តាហ៍ ​មុន​ពេល​ដែល​លោក​ Laundrie​​ ត្រឡប់​មក​ផ្ទះ​វិញ​នៅ​រដ្ឋហ្វ្លរីដា​តែ​ម្នាក់​ឯង​ ជាមួយ​រថយន្ត​ស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១ ​ខែ​កញ្ញា។​ លោក​មិន​បាន​ទាក់​ទង​ប៉ូលិ​ស​ ឬ​គ្រួសារ​របស់​នាង​ Petito ​នៅ​ពេល​លោក​ត្រឡប់​មក​វិញ​នោះ​ទេ​។​ ១០ ថ្ងៃ​ក្រោយ​ គ្រួសារ​របស់​នាង ​Petito ក៏​​រាយការណ៍​ថា​ អំពី​ការ​បាត់​ខ្លួ​ន​​​របស់​នាង​។​

គ្រួសារ​លោក ​Laundrie ​រាយការណ៍​ថា ​លោក​​បាត់​ខ្លួន​កាល​ពី​ចុង​សប្តាហ៍​មុន​បន្ទាប់​ពី​​លោក​ទៅដើរកម្សាន្ត​​ឡើង​ភ្នំ​កាល​​ពី​​ថ្ងៃ​​ទី​​​ ១៤ ​​ខែ​​កញ្ញា ​ហើយ​មិន​ដែល​ត្រឡប់​មក​វិញនោះ​​ទេ​។​ ជន​សង្ស័យ​ម្នាក់​នេះ​ ក៏​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​ស៊ើប​អង្កេត​មុន​ពេល​បាត់​ខ្លួន​ដែរ​៕

ហួន​ ឌីណា​