លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov កាលពីថ្ងៃសៅរ៍ បានអំពាវនាវដល់អាមេរិកមានចំណាត់ការសកម្មថែមទៀត ដើម្បីបន្តការចរចាដែលជាប់គាំងនោះ ដោយមានបំណងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។
លោក Lavrov បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា៖ «វាពិតជាច្បាស់ណាស់ថា ពួកគេគួរតែសកម្មជាងពេលមុនក្នុងការដោះស្រាយបញ្ហាទាំងអស់ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ»។
លោក Lavrov បានបន្ថែមថា លោកសង្ឃឹមថា ការចរចានៅទីក្រុងវីយែននៅក្នុងចំណោមប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន បារំាង អង់គ្លេស និងអាល្លឺម៉ង់ នឹងចាប់ផ្តើម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កិច្ចចរចាដែលត្រូវបានសម្របសម្រួលដោយអឺរ៉ុប ស្វះស្វែងរកការវិលត្រឡប់របស់អាមេរិកទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានបោះបង់ចោលដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ និងការវិលត្រឡប់អ៊ីរ៉ង់ទៅអនុវត្តលក្ខខណ្ឌកិច្ចព្រមព្រៀងឱ្យបានពេញលេញ។
លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ ២០១៨ ដោយបានដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន បានដកជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។
ចាប់តាំងពីពេលនោះមក ទីក្រុងតេអេរ៉ង់ក៏ បានដកខ្លួនចេញពីលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងនេះ។
លោក Lavrov បាននិយាយថា អ៊ីរ៉ង់លែងគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដោយសារអាមេរិក បានដកខ្លួនចេញ៕