​មនុស្ស​ប្រហែល ​៣ ០០០ នាក់​​ ដើរ​ក្បួន​កាល​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​ទី​ក្រុង​កំពង់ផែ ​Iquique ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីលី ​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​វ៉េណេស៊ុយ​អេឡា​ខុសច្បាប់​ដោយ​​បាតុ​ករ​ខ្លះ​វាយ​តប់​​ និង​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ជំរំ​​ជន​អន្តោ​ប្រវេសន៍​ផង​។​

​ក្រុម​បាតុករ​ដង្ហែក្បួន ​ដោយ​ស្រែក​ថា​ «​គ្មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៀត​ឡើយ​»​ និង​ច្រៀង​ចម្រៀង​ប្រចាំ​តំបន់​ក៏​ដូច​ជា​ចម្រៀង​ជាតិ​របស់ស៊ី​លី​ដោយ​ព្រមាន​ថា​ «ស៊ី​លី​ គឺ​ជា​សាធារណរដ្ឋ​មួយ​ដែល​​ត្រូវ​គោរព​»​។ ​ក្រុម​បាតុករ​​ដើរ​ក្បួន​ពីទី​ប្រជុំជន​ចាស់​នៃ​ក្រុង ​Iquique ​ប្រហែល​ ១០ ​ប្លុក​ ឆ្ពោះ​ទៅ​កាន់​សណ្ឋាគារ​និង​អាផាតមិន​នៅ​ជាប់​នឹង​មាត់​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ ហើយ​អ្នក​ជ្រុល​និយម​មួយ​ចំនួន​បាន​ដុត​​បំផ្លាញ​របស់​របរ​មួយ​ចំនួន​ដូច​ជា​តង់​ពូក​កាបូប​ភួយ​ និង​ប្រដាប់​ក្មេង​លេង​នៅ​ជំរំ​ជន​អន្តោ​ប្រវេសន៍​ដែល​គ្មានមនុស្ស​នៅ​។​

ប៉ូលិ​ស​​ចូល​ទៅ​បំបែក​ការ​វាយ​តប់​គ្នា​តូច​តាច​មួយ​ចំនួន​ដែល​ខ្លួន​និយាយ​ថា​​ជន​ជាតិ​ស៊ីលី​ជា​អ្នក​បង្កហេតុ​ ដោយ​​វាយប្រហារ​ជន​អន្តោប្រវេសន៍​វ៉េណេស៊ុយអេឡា​ដែល​រស់​នៅ​តាម​ផ្លូវ​។ ​ក្រុម​អ្នក​សារព័ត៌មាន​ AFP ​​និយាយ​ថា ​ជន​អន្តោ​ប្រវេសន៍​ដើរ​ជុំវិញ​​ក្រុង​តាំង​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ដើម្បី​ព្យាយាម​រក​កន្លែង​ដែល​ខ្លួន​អាច​ធ្វើ​ការ​បោះ​ជំរំ​​។​

​​បាតុកម្ម​នេះ​​កើត​ឡើង​ ១​​ ថ្ងៃ​ បន្ទាប់​ពី​ប៉ូលិស​​ជម្លៀស​ជំរំ​​ជន​អន្តោ​ប្រវេសន៍​​​ក្នុង​ទីលាន​ក្រុង​​​​។​ ជន​​អន្តោ​ប្រវេសន៍​​ទាំង​នេះ​ភាគ​ច្រើន​ក្រីក្រ​​គ្មាន​ឯកសារ​ស្រប​ច្បាប់​ និង​មាន​របរ​មិន​ច្បាស់​លាស់​។​ លោក ​Jose Miguel Carvajal​ អភិបាល​នៃ​តំបន់ ​Tarapaca ​​​និយាយ​ថា​​គ្រួសារ​រាប់​រយ​ ដែល​រស់​នៅ​លើ​ទីលាន ​​កំពុង​ដើរ​នៅ​​ទី​សាធារណៈ​ផ្សេង​ៗ​គ្នា​​ដោយ​ព្យាយាម​ដំ​ឡើង​​តង់​​នៅ​លើ​ឆ្នេរ​ខ្សាច់​ឬ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​របស់​ទីក្រុង​។​

​​ស៊ីលី​ គឺជា​ប្រទេស​អ្នក​មាន​បំផុត​នៅ​អាមេរិកឡាទីន​តាម​ស្តង់ដា​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​​​។ ចំណែក​ឯ​វ៉េណេស៊ុយអេឡា​វិញ​ស្ថិត​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ បង្ខំ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​​ចេញ​ពី​ប្រទេស​​​។ ​អតិផរណា​របស់​ប្រទេស​នេះ ​កើន​ឡើង​ដល់​ ៣​ ពាន់​ភាគរយ​៕

ហួន​ ឌីណា​