សេណារីយោ​នៃ​លទ្ធភាព ដែល​កងទ័ព​រំដោះប្រជាជន​ចិន ​(PLA) នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​វាយប្រហារ​ដែនដី​កោះ​តៃវ៉ាន់ ​ដើម្បី​បង្រួបបង្រួម​គ្នា​រវាង​ចិនដីគោក​ និង​កោះ​តៃវ៉ាន់ ត្រូវបាន​បរិ​យាយ​រ៉ាយរ៉ាប់​នៅក្នុង​អត្ថបទ​មួយ​នៃ​ទស្សនាវដ្ដី «​នាវា​និង​កប៉ាល់​​ពាណិជ្ជកម្ម​» ដែលជា​ទស្សនាវដ្ដី​មួយ​បកស្រាយ​អំពី​អានុភាព​របស់​កងទ័ព​ចិន​។​

​នេះ​មិនមែនជា​លើក​ទី​១ ​ទេ ​ដែល​ទស្សនាវដ្ដី​មួយ​នេះ​ ដាក់​ចេញពី​សេណារីយោ​មួយ​កើតឡើង​នៅពេលដែល​កងទ័ព​ PLA របស់​ចិនដីគោក​ធ្វើការ​ប្រយុទ្ធ​សម្រុក​ទៅកាន់​កាប់​កោះ​តៃវ៉ាន់​។​អំឡុង​ខួប ១០០ ឆ្នាំ​នៃ​គណបក្ស​កុ​ម្មុយ​នីស្ត​ចិន ទស្សនាវដ្ដី​នេះ​ថែមទាំង​ចេញ​វីដេអូ​នៃ​ការប្រយុទ្ធ​គ្នា​ដោយ​អម​ជាមួយ​សារ​នយោបាយ​មួយ​ថា​៖ «​យើង​ត្រូវ​ព្រមាន​មនុស្ស​មួយចំនួន​ថា ផ្លូវ​ឆ្ពោះទៅកាន់​តៃវ៉ាន់​ឯករាជ្យ គឺ​មានតែ​ទៅរក​សេចក្ដីស្លាប់​ប៉ុណ្ណោះ​»​។​

​បើតាម​ការតាមដានរ​បស់​សារ​​ព័ត៌មាន​ South China Morning Post ទស្សនាវដ្ដី​យោធា​ចិន​មួយ​នេះ​ចេញផ្សាយ​អំពី​ឈុត​​ឆាកប្រយុទ្ធ​រវាង​ចិនដីគោក និង​តៃវ៉ាន់​ដំបូងបង្អស់​ គឺ​នៅ​ឆ្នាំ ​២០២០ ​ពោលគឺ​នៅពេលដែល​ប្រធានបទ «​តៃវ៉ាន់​ឯករាជ្យ​» ចាប់បាន​លើកយក​មក​និយាយ​នៅក្នុង​ស្រទាប់​អ្នកនយោបាយ​តៃវ៉ាន់​។​

​នៅក្នុង​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​លេខ​ចុងក្រោយ​នេះ ការ​​វាយប្រហារ​ជុំ​ទី​១ ​គឺអាច​ចាប់ផ្ដើម​ដោយ​ការបាញ់​មី​ស៊ី​ល​បាលី​​ស្ទិ​ក ​DF-16 និង​ការបាញ់​មី​ស៊ី​ល​គ្រូ​ស​ពី​លើដី DF-10A ដើម្បី​កម្ទេច​អាកាសយានដ្ឋាន​របស់​កោះ​តៃវ៉ាន់​ហើយ​ព្រមទាំង​កម្ទេច​ប្រព័ន្ធ​ព្រមាន​ការវាយប្រហារជាមុន និង​មូលដ្ឋាន​ទ័ពអាកាស​រប​ស់កោះ​មួយ​នេះ​។​

​ការវាយប្រហារ​ជុំ​ទី​១ ​តាម​ពីក្រោយ​ការពង្រាយ​យន្តហោះ​ចម្បាំង​ពហុ​ជំនាញ​ J-16 ដែល​នឹង​ចេញទៅ​ដើម្បី​កម្ទេច​ព្រលានយន្តហោះ​តូចៗ​ និង​ផ្លូវធំៗ​ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវ​ចេញដំណើរ​សម្រាប់​យន្តហោះ​ចម្បាំង​។​

នៅពេលនោះ​ហើយ ខាង​កងទ័ព PLA មានប្រៀប​ទាំងស្រុង​លើ​សមរភូមិ​ផ្លូវអាកាស​ដែល​អាចជួយ​កាត់បន្ថយ​ភាពគ្រោះថ្នាក់​ដល់​កងទ័ព​ចិនដីគោក​។ បើតាម​អត្ថបទ​នោះ​នៅក្នុង​ដំណាក់កាល​នេះ កងទ័ពជើងគោក PLA នឹង​ឆ្លង​សមុទ្រ​ហើយ​ឡើងលើ​កោះ​តៃវ៉ាន់​ស្រេច​ទៅហើយ​។​

​នៅ​ដំណាក់កាល​ចុងក្រោយ​កងទ័ព​កាំជ្រួច PLA នឹងធ្វើ​ការ​បាញ់កាំភ្លើង​ធំ​ទៅកាន់​គោលដៅ​កងទ័ពជើងគោក​របស់​តៃវ៉ាន់​ ខណៈ​កងទ័ពអាកាស​របស់​ចិនដីគោក​ហោះ​ទៅ​តម្រួត​លើ​ដែនអាកាស​ ដែលមាន​រយៈ​ចម្ងាយ​ ២ ​ពាន់​គីឡូម៉ែត្រ ​ពី​កោះ​តៃវ៉ាន់​ក្នុង​គោលបំណង​ស្កាត់​ និង​បញ្ឈប់​រាល់​ជំនួយ​យោធា​ណាមួយ​មកកាន់​កោះ​តៃវ៉ាន់​។​

​យ៉ាងណាក៏ដោយ សេណា​រី​យោ​របស់​ទស្សនាវដ្ដី​មួយ​លើក​ណា​ក៏​ដូច​លើក​ណា​ដែរ​ដោយ​មិនបាន​ធ្វើការ​ព្យាករ​ទុកជាមុន​អំពី​លទ្ធភាព​នៃ​ការ​វាយបក​ទៅវិញ​ពី​សំណាក់​កងទ័ព​តៃវ៉ាន់ កងទ័ព​សហរដ្ឋអាមេរិក ឬ​កងទ័ព​សម្ព័ន្ធមិត្ត​នោះឡើយ​។​

​យ៉ាងណាមិញ​អតីត​គ្រូបង្វឹក ​១ ​រូប ​នៅ​កងទ័ព PLA លោក Song Zhongping បាន​យល់​ឃើញថា រាល់​សកម្មភាព​ប្រ​ដាប់​អាវុធ​ណាមួយ​ប្រឆាំងនឹង​តៃវ៉ាន់​អាច​នឹង​បង្ក​ជា​ស្ថានការណ៍​ស្មុគស្មាញ​។​

«​យើង​មិនអាច​មើល​ស្ថានភាព​ដ៏​ប្រទាក់ក្រឡា​មួយ​នេះ​ក្នុង​ផ្លូវ​ដ៏​ងាយស្រួល​បាន​នោះទេ​។ អ្នក​អត្ថាធិប្បាយ​ខ្លះ​បកស្រាយ​ក្នុងនាម​ជា​គំនិត​ផ្ទាល់ខ្លួន​ ហើយ​អាច​ចាត់ទុកជា​ឯកសារយោង​ដើម្បី​សិក្សា​បន្ថែម​ប៉ុណ្ណោះ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​លោក Song ប្រាប់​សារព័ត៌មាន SCMP​។​

​ចំណែកឯ​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​គម្រោង​ ២០៤៩ ដែលជា​ការស្រាវជ្រាវរ​ប​ស់លោក​ Ian Easton បានឱ្យដឹងថា ចិន​ដី​​គោក​ត្រូវការ​កងទ័ពជើងគោក​យ៉ាងតិច​ ២ ​លាន​នាក់ ដើម្បី​ឆ្លង​ឡើងទៅ​ដល់​កោះ​តៃវ៉ាន់​ហើយ​យកជ័យ​ជម្នះ​បាន​។​

​យ៉ាងណាក៏ដោយ​លោក Easton បាន​ហៅ​សង្គ្រាម​នេះ​ថា​ជា​សោកនាដកម្ម​ដែល​មិនអាច​ស្រមៃ​ចេញ​ដោយ​សង្គ្រាម​អាច​នឹង​ផ្ទុះ​ធំ​ជាជាង​អ្វីដែល​ធ្លាប់​កើតមានឡើង​។ បើ​យោងតាម​ការស្រាវជ្រាវ​នេះ​សង្គ្រាម​ដែល​ស្រដៀង​នឹង​ប្រតិបត្តិ​ការ​យោធា​នេះ​ គឺ​សមរភូមិ D-Day ដែលជា​ពេល​ក្រុម​សម្ព័ន្ធមិត្ត វាយបក​កងទ័ព​អាល្លឺម៉ង់ Nazi នៅ​ឆ្នេរសមុទ្រ​បារាំង Normandy ឆ្នាំ ​១៩៤៤៕

​ហ៊ីម រដ្ឋា​