មន្រ្តី​ម៉ាលី​​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ អតីត​វរ​សេនីយ៍ឯកកង​ទ័ព​រ៉្វាន់ដា​លោក​ Théoneste Bagosora​​ ដែល​ត្រូវ​បាន​​ផ្តន្ទា​ទោស​ចំពោះ​តួនាទី​របស់​លោក​​​​ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​ឆ្នាំ​១៩៩៤ ​​​​បាន​ស្លាប់​​​​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាលី​ក្នុង​អាយុ​ ៨០​ ឆ្នាំ​ដោយ​សារ​បញ្ហា​បេះដូង​។​

​អតីត​អ្នក​នយោបាយ​រូប​នេះ​គឺ​ជា​ឥស្សរជន​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​រ៉្វាន់ដា​នៅ​ពេល​មាន​ការ​សម្លាប់​រង្គាល​។​ លោក​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​​ ផ្តន្ទាទោស​​ឱ្យ​ជាប់​ពន្ធនាគារ​អស់​១ ​ជីវិត​ប៉ុន្តែ​ក្រោយ​មក​​កាត់​បន្ថយ​មក​ត្រឹម​ ៣៥ឆ្នាំ​វិញ​។​

​មនុស្ស​ជាង​៨សែន​នាក់​ ដែល​ភាគ​ច្រើន​ជា​ក្រុម​ជន​ជាតិ​Tutsi​ត្រូវ​បាន​សម្លាប់​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​នៃប្រ​ល័យ​ពូជ​សាសន៍​។​ការ​សម្លាប់​រង្គាល​​ចាប់​ផ្តើម​បន្ទាប់​ពី​យន្តហោះ​ដែល​ដឹក​ប្រធានាធិបតី​រ៉្វាន់ដា​នា​ពេល​នោះ​លោក​Juvenal Habyarimana​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ថ្ងៃ​ទី​៦ ​ខែ​មេសា​ឆ្នាំ១៩៩៤ ​ដោយ​​សម្លាប់​មនុស្ស​ទាំង​អស់នៅ​​លើយន្តហោះ​។​២​ឆ្នាំ​ក្រោយ​មក​លោក​Bagosora​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កាមេរូន​ជា​កន្លែង​ដែល​លោក​ភៀស​ខ្លួន​ទៅ​បន្ទាប់​ពី​រណសិរ្ស​រំដោះ​ជាតិ​ស្នេហា​ជាតិ​របស់​លោក​Paul Kagame​ឡើង​កាន់​អំណាច​។​

​កាល​ពី​ឆ្នាំ​ ២០០៨ ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​សម្រាប់​រ្វ៉ាន់ដា​ ​រក​ឃើញ​ថា​លោក​មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ពី​បទ​រៀប​ចំ​ឃាតកម្ម​លើ​ឥស្សរជន​នយោបាយ​មួយ​ចំនួន​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្រ្តី​AgatheUwilingiyimana​។​​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​លោក​Bagosora​​អះ​អាង​ថា​ លោក​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​ឃោសនា​ដោយ​រដ្ឋាភិបាល​​បច្ចុប្បន្ន​របស់​រ្វាន់ដា​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​Tutsi​ភាគ​ច្រើន​។​

​កាល​ពី​ដើម​ឆ្នាំ​នេះ​ តុលាការ​​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ដោះ​លែង​ឱ្យ​​ឆាប់​របស់​លោក​ ​ដោយ​បន្ត​ឱ្យ​លោក​ត្រូវ​អនុវត្ត​ទោស​រហូត​ដល់​អាយុ​៨៩​ឆ្នាំ​។​ លោក​ជាប់​ពន្ធនាគារ​Koulikoro​​របស់​ម៉ាលី​រួម​ជាមួយ​អ្នក​ផ្សេង​​ទៀត​ដែល​ត្រូវ​​ផ្តន្ទាទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​រ៉្វាន់ដា​ដូច​គ្នា​៕

ហួន ​ឌីណា​