ការ​ស្លាប់​របស់​គ្រូ​បង្រៀន​ថ្នាក់​មតេយ្យ​នៅ​ទី​ក្រុង​ឡុង​ដ៍​ ចក្រភព​អង់គ្លេស ​​បាន​ធ្វើឱ្យ​ប្រជាជន​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច​នៅ​តាម​ទី​សាធារណៈ។

កញ្ញា​ Sabina Nessa​ អាយុ​ ២៨​ ឆ្នាំ​ជា​គ្រូ​បង្រៀន​ត្រូវ​បាន​រក​ឃើញ​សាកសព​នៅ​ក្នុង​ឧទ្យាន​ឯ​ទី​ក្រុង​ឡុងដ៍​កាល​ពី​សប្តាហ៍​មុន​។ កញ្ញា​ Nessa ​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់នាង​​ក្នុង​គោល​បំណង​ទៅ​ជួប​ជុំ​មិត្តភក្តិ​កាល​ពី​ម៉ោង​ប្រហែល​ ៨ និង​ ៣០ នាទី​យប់ ​ថ្ងៃ​ទី​ ១៧​ កញ្ញា​។​

សាក​សព​របស់​កញ្ញា​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​​ឧទ្យាន​សាធារណៈ​មួយ​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍​ ​ដែល​កន្លែង​នោះ​ប្រើពេល​តែ ៥​ នាទី​ពី​ផ្ទះ​របស់​នា​ង​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ប៉ូលិស​​ដែល​ត្រូវ​បាន​សារព័ត៌មាន​ CNN ​ស្រង់​សម្តី។​

អ្នក​ស្រី​ Jebina Yasmin Islam ដែល​ត្រូវ​ជា​ប្អូន​​ស្រី​របស់​កញ្ញា Nessa បាន​ប្រៀប​ការ​បាត់​បង់​បង​ស្រី​របស់​អ្ន​ក​ស្រី​ដូច​ជា​ការ​ជាប់​គាំង​ក្នុង​សុបិន​អាក្រក់​មួយ​ដែល​អ្នក​ស្រី​មិន​អាច​ចេញ​ទៅ​ពិភព​ខាង​ក្រៅ​រួច​។

អ្នក​ស្រី​ Jebina Yasmin Islam បាន​និយាយ​ថា​៖«យើង​បាន​បាត់​បង់​បង​ស្រី​ដ៏​ល្អ​ម្នាក់​តែ​មួយ​ប៉​ព្រិច​ភ្នែក​។ នាង​បាន​ចាក​ចេញ​ពី​ពិភពលោក​នេះ​លឿន​ពេក​ហើយ​។ នាង​មិន​អាច​ប្រារព្ធ​ថ្ងៃ​ខួប​កំណើត​អាយុ​ ២៩​ ឆ្នាំ ​របស់​នាង​នៅ​ខែ​ក្រោយ​ទេ​»។

អ្នក​ស្រី​បាន​បន្ត​និយាយ​ទៀត​ថា​ Sabina ស្រឡាញ់​គ្រួសារ​របស់​នាង​ណាស់​។ អ្នក​​ស្រី​បាន​បាត់​បង់​បង​ស្រី​ ឪពុក​ម្តាយ​របស់​អ្នក​ស្រី​បាន​បាត់​បង់​កូន​ស្រី​ និង​កូន​ស្រី​របស់​​អ្នក​ស្រី​ បាន​បាត់​បង់​ម្តាយ​មីង​ម្នាក់​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​។

ការ​ស្លាប់​របស់​កញ្ញា​ Nessa បាន​បង្ក​ឱ្យ​​មាន​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​អំពី​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​ចក្រភព​អង់គ្លេស​។ កញ្ញា​ Nessa ​ត្រូវ​បាន​គេ​គិត​ថា​ត្រូវ​បាន​ជន​បង្ករ​ធ្វើ​ឃាត​ក្នុង​រយៈ​ពេល​ខ្លី​ដែល​កញ្ញា​ កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឧទ្យាន​នា​ពេល​នោះ​ដោយ​សាក​សព​របស់​កញ្ញា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រសៀល​ថ្ងៃ​ បន្ទាប់​ក្រោយ​ពី​មាន​ការ​បាត់​ដំណឹង​របស់​កញ្ញា​។​

លោក​ស្រី​ Jamie Klingler ​ដែល​ជា​សហ​ស្ថាបនិក​ម្នាក់​នៃ​ក្រុម​យុទ្ធនាការ​ Reclaim These Streets ​បាន​ប្រាប់​ CNN​ ថា​ ការ​ស្លាប់​របស់​កញ្ញា​ Nessa ជា​វដ្ត​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ ហើយ​សកម្មភាព​នេះ​ជា​រឿង​ដែល​តក់ស្លុត​មួយ​។​

​ក្រុម​យុទ្ធនាការ​ Reclaim These Streets ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​មាន​អំពើ​ឃាតកម្ម​លើ​អ្នក​នាង ​Sarah Everard​ អាយុ​ ៣៣​ ឆ្នាំ ​កាល​ពី​ខែ​មីនា​។ អ្នក​ស្រី​ Everard បាន​បាត់​ខ្លួន​បន្ទាប់​អ្នក​ស្រី ​បាន​ចាក​ចេញ​ពី​ផ្ទះ​មិត្តភក្តិ​នៅកាល​ពី​ថ្ងៃ​ទី​ ៣ ​មីនា​។ ការ​បាត់​ខ្លួន​របស់​អ្នក​ស្រី​ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង​ពេញ​បណ្តាញ​សង្គម​ពី​ស្ត្រី​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​អំពី​ការ​រំលោភ​បំពាន​ និង​ការ​យាយី​ផ្លូវ​ភេទ​។

ការ​ស្ទង់​មតិ​មួយបាន​រក​ឃើញ​ថា​ ស្ត្រី ​២ ​នាក់ ​ក្នុង​ចំណោម​ស្ត្រី​៣​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៦​ ទៅ​ ៣៤​ ឆ្នាំ​ បាន​ជួប​ប្រទះ​ការ​យាយី​ក្នុង​ទម្រង់​ផ្សេង​គ្នាៗ​ក្នុង​រយៈ​ពេល​ ១២​ ខែ​ចុង​ក្រោយ​។ស្ត្រី​ម្នាក់​ក្នុង​ចំណោម ២ ​នាក់ ​មាន​អារម្មណ៍​ថា ​ខ្លួន​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ដើរ​តែ​ម្នាក់​ឯង​បន្ទាប់​ពី​មេឃ​ងងឹត​នៅ​តាម​ផ្លូវ​ស្ងាត់​ក្បែរ​ផ្ទះ​របស់​ពួក​គេ​ឡើយ​៕