វ៉ាក់សាំង Covaxin របស់​ក្រុមហ៊ុន Bharat Biotech នៃ​ប្រទេស​ឥណ្ឌា ​ត្រូវគេ​ចាត់ទុកថា​ បរាជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៅ​ប្រទេស​ឥណ្ឌា ដោយ​យោងតាម​មូលហេតុ​មួយចំនួន​ដូចជា ដំណើរការ​ស្មុគស្មាញ​អង្គភាព​ផលិត​រប៉ាត់រប៉ាយ កង្វះ​តំបន់​សុវត្ថិភាព និង​កង្វះ​បុគ្គលិក​ដែលមាន​ជំនាញ​ជាដើម​។ នេះ​បើតាម​ការឱ្យ​ដឹង​ពីសារ​ព័ត៌មាន​ឥណ្ឌា News18​។

​កាលពីដើមឆ្នាំ​ ២០២១ នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា Bharat Biotech ​លោក​វេជ្ជបណ្ឌិត Krishna Ella បាន​និយាយ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​ថា ក្រុមហ៊ុន​លោកមានបំណង​ផលិត​វ៉ាក់សាំង​ចំនួន​ ៧០០ ​លាន​ដូ​ស ​ក្នុង​ឆ្នាំ ​២០២១​។​

​ទន្ទឹមនឹងនេះ វ៉ាក់សាំង Covaxin ​ដែលជា​វ៉ាក់សាំង​ផលិត​ក្នុងប្រទេស​ដំបូងបង្អស់ ត្រូវបាន​គេ​ចាត់ទុកថា ដើរតួ​យ៉ាងសំខាន់​នៅក្នុង​យុទ្ធនាការ​វ៉ាក់សាំង​ដ៏​ធំ​របស់​ប្រទេស​នេះ​។ ផ្ទុយទៅវិញ​វ៉ាក់សាំង Covishield ​ដែល​បង្កើតឡើង​ដោយសា​​កល​វិទ្យាល័យ Oxford ​របស់​ចក្រភព​អង់​គ្លេ​ស និង​វ៉ាក់សាំង​ AstraZeneca ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​បាន​ក្លាយជា​ឆ្អឹងខ្នង​សំខាន់​ក្នុង​យុទ្ធនាការ​វ៉ាក់សាំង​នេះ​ទៅវិញ​។ នេះ​ក៏ដោយ​សារ​វ៉ាក់សាំង ​Covaxin ​មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​ឥណ្ឌា​ហើយ​ស្តុក​ក៏មាន​កំណត់​ដែរ​។

​ក្រសួងសុខាភិបាល​សហ​ជីព ក៏​ធ្លាប់បាន​ជូនដំណឹង​ដល់​តុលាការ​កំពូល​ថា ដំបូងបង្អស់​ក្រុមហ៊ុន​ Bharat Biotech បាន​ផលិត​វ៉ាក់សាំង​ចំនួន ៩០ ០០០​ ដូ​ស​ជា​រៀងរាល់ខែ និង​បាន​បង្កើន​ផលិតភាព​ដល់​ទៅ ២ ​លាន​ដូ​ស​ ត្រឹម​ខែឧសភា​។ ​ប៉ុន្តែ ក្រោយមក​ក្រុមហ៊ុន​នៅតែ​មិនអាច​ផលិត​ទៅតាម​ចំនួន​ដែល​ខ្លួន​បាន​សន្យា​។​

​អ្នកស្រី Malini Aisola​ អ្នករៀបចំ​បណ្តាញ​សកម្មភាព​ឱសថ​នៅ​ឥណ្ឌា​ទាំង​អស់នៃ​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយថា​៖ «​រដ្ឋាភិបាល​បាន​និយាយ​ពន្លើស​អំពី​បរិ​​មាណនៃ​ការផលិត​វ៉ាក់សាំង Covaxin ខណៈ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​អះអាង​យ៉ាង​ខ្លាំង​អំពី​សមត្ថភាព​នៃ​ការផលិត និង​ការ​​ត្រៀមខ្លួន​សម្រាប់​បន្ថែម​កន្លែង​ផលិត​ថ្មី​។ យ៉ាងណាមិញ​បើ​មើល​តាម​ការអះអាង និង​ចំនួន​ផលិត បច្ចុប្បន្ន​នៅតែ​មិន​ស៊ីចង្វាក់​គ្នា​»​។​

​នៅក្នុង​បទ​សម្ភាស​ជាមួយ​ស្ថានីយទូរទស្សន៍ CNBC-TV18 វេជ្ជបណ្ឌិត​ Ella នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​នេះ​បាន​និយាយថា​៖ «​វ៉ាក់សាំង​អសកម្ម គឺជា​វ៉ាក់សាំង​មួយ ដែល​ពិបាក​ផលិត​បំផុត​នៅលើ​ពិភពលោក​»​។

អ្នកជំនាញ​ចំនួន​ ៦ នាក់​ផ្សេងទៀត នៅ​សារព័ត៌មាន News18 ក៏បាន​យល់ស្រប​នឹង​លោក​ដូចគ្នា​។​

​លោក​បាន​បន្តថា​៖ «​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​។ ប្រសិនបើ​ពួក​​គេ​ទាំងអស់​ផ្តល់ជូន​ដូចដែល​យើង​បាន​រំពឹងទុក​យើង​អាច​នឹង​ផលិត​វ៉ាក់សាំង​ដល់​តួលេខ​១០០​លាន​ដូ​ស​នៅ​ចុងឆ្នាំ​នេះ​»​។​

​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​តាម​វិស័យ​សាធារណៈ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Bharat Biotech ដើម្បី​ផលិត​វ៉ាក់សាំង​ Covaxin ​បាន​ព្យាយាម​នាំចូល​ឧបករណ៍​ដែល​ប្រើ​ក្នុង​ជំហាន​បន្សុទ្ធ​វ៉ា​ក់​សាំង​។ លោក​បាន​បន្តថា​៖ «៦ ​ខែ​មុន ​យើង​បាន​បញ្ជា​ទិញ​ឧបករណ៍​ទាំងនេះ ដែល​ត្រូវបាន​ដឹកជញ្ជូន​ក្នុង​រយៈពេល​ ៤៥​ ថ្ងៃ​។ ឥឡូវនេះ​សម្រាប់​ការបញ្ជូន​ឧបករណ៍​ដូចគ្នា​ដដែល​នេះ អ្នកលក់​ត្រូវការ​ពេល​យ៉ាងតិច​ពី ៦ ទៅ​ ៨ ​ខែ​ឯណោះ​»​។​

​ម្យ៉ាងវិញទៀត​បញ្ហា​កង្វះ​ធនធានមនុស្ស​ក៏​សំខាន់​ដែរ​។ ឧទាហរណ៍ ឧស្សាហកម្ម​វ៉ា​ក់​សាំង​បែបនេះ ត្រូវការ​បុគ្គលិក​សំខាន់ៗ​តែ​ ៧-៨ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវតែ​ជា​អ្នក ដែលមាន​ទេពកោសល្យ និង​ជំនាញ​ក្នុង​ការងារ​នេះ​។ ឥឡូវនេះ​មនុស្ស​គ្រប់គ្នា​កំពុង​ចែក​ជើង​គ្នា ដោយសារ​មនុស្ស​តិច ព្រមទាំង​ប្រាក់ខែ​មិន​សមរម្យ​។ នេះ​បើតាម​ការ​ឱ្យដឹងពី មន្ត្រី​មកពី​អង្គភាព​ផ្គត់ផ្គង់​សម្ភារ​។

​យ៉ាងណាមិញ វេជ្ជបណ្ឌិត​ Ella បានបញ្ជាក់​នៅក្នុង​បទ​សម្ភាស​របស់​ស្ថានីយទូរទស្សន៍​ CNBC-TV18 ថា​៖ «​ធនធានមនុស្ស​ពិតជា​ពិបាក​រក​មែន ដោយសារ​ដំណើរ​ការផលិត​ Covaxin ត្រូវការ​អ្នកជំនាញ​ខ្ពស់ ដើម្បី​ធ្វើតេស្ត​ចំនួន ២០០ ​ដង លើ​ការត្រួតពិនិត្យ​គុណភាព​វ៉ាក់សាំងដែល​ផលិត​បាន​»​។​

​ក្រៅពីនេះ​ការចិញ្ចឹម​កោសិកា​វ៉េ​រ៉ូ​ឱ្យ​លូតលាស់ គឺជា​បញ្ហា​ប្រឈម​មួយទៀត អ្នកជំនាញ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​បានលើកឡើង​។ អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​បច្ចុប្បន្ន​ជា​អ្នក​ប្រឹក្សា​ឱសថ​បាន​និយាយថា​៖ «​ចំពោះ​វ៉ាក់សាំង ដែលមាន​មូលដ្ឋាន​លើ​វ៉ិ​ច​ទ័​រ adenovirus ដំណើរការ​នេះ​មាន​លក្ខណៈសាមញ្ញ​ហើយ​មេរោគ​ត្រូវតែ​លូតលាស់​ប្រមូល​ផល​បន្សុទ្ធ និង​បង្កើត​រូបមន្ត​។ មិនចាំបាច់​ធ្វើឱ្យ​អសកម្ម​ទេ ហើយ​ជំហាន​ផ្សេងទៀត​ក៏​ងាយស្រួល​ជាង ការផលិត​វ៉ា​ក់​សាំង​អសកម្ម​ដែរ​»​។​

​បញ្ហា​មួយទៀត​ គឺអង្គភាព​ផលិតកម្ម​ច្រើនពេក​។ បើ​យោងតាម​អ្នកជំនាញ​ឧស្សាហ​​កម្ម​ក្រុមហ៊ុន Bharat Biotech បាន​បំបែក​អង្គភាព​ផលិតកម្ម​របស់ខ្លួន​ទៅជា​យូ​នី​ត​ច្រើន ដែលមាន​មូលដ្ឋាន​នៅ​ឆ្ងាយ​ពី​ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​នៅ​ទីក្រុង​ Hyderabad​។​

​ប្រភព​ដដែល​បានឱ្យដឹងថា​ការធ្វើ​ដូចនេះ​ធ្វើឱ្យ​បាត់បង់​ការ​ផ្តោតអារម្មណ៍​នៅពេលដែល​ការផលិត​របស់​អ្នក​ត្រូវបាន​បែងចែក​ជា​អង្គភាព​ច្រើនពេក​ដែលមាន​ទីតាំងនៅ​ទូទាំង​រដ្ឋ​ហើយ​ត្រូវ​ពិសោធ​ក្នុងពេល​តែមួយ​ដែល​បង្កឱ្យមាន​ការ​លំបាក​ខ្លាំង​ទាំង​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ការត្រួតពិនិត្យ​ការផលិត​ការធ្វើ​តេស្ត និង​ការដឹកជញ្ជូន​។​

​បន្ថែម​ពីនេះ អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ចំពោះ​ការគាំទ្រ​ក្រុមហ៊ុន Bharat Biotech ហួសហេតុ​។ អ្នកជំនាញ​សុខភាព​សាធារណៈ​អ្នកស្រី​ Malini Aisola ​បាន​និយាយថា​៖ «​ការគាំទ្រ​លើ​ការអភិវឌ្ឍ និង​ការសាកល្បង​ព្យា​​បាល​កា​រព​ន្លឿ​ន​ការអនុម័ត​បទ​ប្បញ្ញត្តិ ដែល​ការធ្វើ​ដូចនេះ​គឺ​ដើម្បី​រក្សា​ភាព​​ផ្តាច់មុខ​លើ​វ៉ាក់សាំង​ដែល​ត្រូវបាន​បង្កើត​រួមគ្នា​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​»៕​