កង្វះ​ការ​ផ្គត់​ផ្គង់​ និង​តម្រូវ​ការ​អគ្គិសនី​នៅ​ប្រទេស​នីហ្សេរីយ៉ា​ បានបង្ខំឱ្យ​ប្រជាជន​នៅ​ទី​នោះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ បង្កើត​អគ្គិសនីដើម្បី​ប្រើ​ប្រាស់​។

លោក​ Mathew Bello​ ដែល​ជា​ម្ចាស់​ហាង​មួយ​​នៅ​រដ្ឋ​ Kwara​​ ប្រទេស​​នីហ្សេរីយ៉ា​ត្រូវ​ប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ ដើម្បី​បំពេញ​តម្រូវ​ការ​ផ្គត់​ផ្គង់​របស់​ហាង​លោក​បាន​។ លោក​ Bell​o បាន​និយាយ​ថា​ ម៉ាស៊ីន​ភ្លើង​ដែល​លោក​ប្រើ​នោះ​ត្រូវ​ចំណាយ​ថ្លៃ​សាំង​ចន្លោះ​ពី​ ១៧​ ទៅ​ ២៧​ លីត្រ​ ជា​រៀង​រាល់​ថ្ងៃ​។

ការ​​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​ជា​រៀង​រាល់​ថ្លៃ​លោក​ត្រូវ​ចំណាយ​ប្រាក់​ពី​ចន្លោះ​ ៦​ ទៅ ៩​ ដុល្លារ​សហរដ្ឋ​អាមេរិក​។ បន្ថែម​ពី​ការ​ចំណាយ​លើ​ថ្លៃ​សាំង​ លោក​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ ៣,៦៥ ដុល្លារក្នុង១​សប្តាហ៍​ដើម្បី​ពិនិត្យ​និង​ប្តូរ​ប្រេង​ម៉ាស៊ីន​។ ជា​រៀង​រាល់​ខែ​ ជាង​មេកានិច​​​ត្រូវ​ពិនិត្យ​ និង​ជួស​ជុល​ម៉ាស៊ីន​ភ្លើង​នោះ​៣ ដង​ក្នុង១ខែ​ដោយ​ចំណាយ​ប្រាក់​យ៉ាង​តិច​ ២,៤៣ ដុល្លារ​ ក្នុង ​១​ លើក​។

ប្រជាជន​នីហ្សេរីយ៉ា​ភាគ​ច្រើន​ដឹង​ពី​បញ្ហា​សុខភាព និង​បរិស្ថាន​ដូច​ជាការ​ប្រើ​ប្រាស់​​ថាមពល​ពន្លឺ​ព្រះអាទិត្យ ​ដើម្បី​ផលិត​ជា​ថាមពល​ប្រើ​ប្រាស់​។ បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​ជា​មូលហេតុ​ដែល​ប្រទេស​នេះ​ត្រូវ​ការ​ការ​វិនិយោគ​បន្ថែម​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។

លោក ​​Segun Adaju ​ប្រធាន​សមាគម​ថាមពល​​នីហ្សេរីយ៉ា ​បាន​ប្រាប់​សារព័ត៌មាន​ Al Jazeera​ថា​៖«ប្រសិន​បើ​មាន​ការ​វិនិយោគ​ជា​ទឹក​ប្រាក់​ ២ ​ប៊ី​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​លើ​វិស័យ​ប្រព័ន្ធ​សូឡា​ ដោយ​ប្រើ​ប្រាស់​ថាមពល​ព្រះអាទិត្យ​ អាជីវកម្ម​ភាគ​ច្រើន​អាច​ដំណើរការ​ប្រកប​ដោយ​ផា​សុកភាព​ដោយ​មាន​ថាមពល​អគ្គិសនី​ពី​ ៨​ ទៅ​ ១២​ ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​។

របាយការណ៍​ឆ្នាំ​ ២០១៩​ ដោយ​អគ្គនាយក​នៃ​គណៈកម្មការ​ថាមពល​នីហ្សេរីយ៉ា​ បាន​ប៉ាន់​ប្រមាណ​ថា​ ប្រសិន​បើ​មួយ​ភាគ​រយ​នៃ​ផ្ទៃ​ដី​ប្រទេស​នីហ្សេរីយ៉ា​ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​បច្ចេក​វិជ្ជា​បង្កើត​ថាមពល​អគ្គិសនី​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ​ប្រទេស​នេះ​នឹង​អាច​ផ្គត់​ផ្គង់​ថាមពល​បាន​ប្រហែល​ ៣៣៣,៤៨០ មេហ្គាវ៉ាត់។

ប្រទេស​នីហ្សេរីយ៉ា​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​ពី​ ៥​ ទៅ​ ៧​ ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​អាស្រ័យ​ទៅ​តាម​តំបន់​៕