កាលពីថ្ងៃអង្គារ កន្លងទៅ រដ្ឋាភិបាលអេស្ប៉ាញបានចាត់ថ្នាក់កោះឡាប៉ាម៉ា ដែលត្រូវបានវាយប្រហារ ដោយការផ្ទុះភ្នំភ្លើង ជាតំបន់គ្រោះមហន្តរាយដែលត្រូវការឧបត្ថម្ភធនបន្ទាន់ និងវិធានការគាំទ្រផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានCNA។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Isabel Rodriguez បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានប្រកាសកញ្ចប់ដំបូងចំនួន ១២,៣០ លានដុល្លារ ដោយក្នុងនោះ ទឹកប្រាក់ជាង ៦លានដុល្លារនឹងប្រើប្រាស់ដើម្បីទិញផ្ទះ និងទឹកប្រាក់សេសសល់ត្រូវទិញគ្រឿងសង្ហារិម និងរបស់របរប្រើប្រាស់ក្នុងផ្ទះចាំបាច់។

កម្អែភ្នំភ្លើង ហូរយឺតៗតាមបណ្ដោយភាគខាងលិចនៃភ្នំភ្លើងឆ្ពោះទៅសមុទ្រចាប់តាំងពីថ្ងៃទី ១៩ ខែកញ្ញា ដោយបំផ្លាញផ្ទះជិត ៦០០ ខ្នង ព្រមទាំងព្រះវិហារនិងចម្ការចេកនៅឡាប៉ាម៉ាដែលនៅជិតតំបន់ Tenerife ក្នុងប្រជុំកោះកាណារីនៅអាហ្វ្រិកខាងជើង។

មនុស្សរាប់រយនាក់នៅតាមភូមិ នៅតាមឆ្នេរសមុទ្រនៅតែមានភាពតក់ស្លុតក្នុងការប្រមើលមើលថា មានកម្អែរភ្នំភ្លើង ប៉ុនណាទៀត ដែលហូរមក ហើយចូលទៅដល់សមុទ្រ និងបញ្ចេញឧស្ម័នពុល៕