មណ្ឌល​សុខភាព​មួយ​ចំនួន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ផ្អាក​ដំណើរការ​ ចាប់​តាំង​ពី​ប្រាក់​ជំនួយ​មនុស្ស​ធម៌ ​ត្រូវ​បាន​ផ្អាក ក្រោយ​ពី​ក្រុម​តាលីបង់​បាន​ចូល​គ្រប់​គ្រង​ប្រទេស​នេះ​។

បុគ្គលិក​សុខាភិបាល​ទាំង​វិស័យ​សាធារណៈ​ និង​ឯកជន​ដែល​នៅ​បន្ត​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​​កង្វះ​ធនធាន​ផ្នែក​វិស័យ​សុខាភិបាល ​ដោយ​មាន​បុគ្គលិក​ និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ថយ​ចុះ​។

អ្នក​ស្រី​ Tankred Stöbe អ្នក​សម្រប​សម្រួល​ផ្នែក​វេជ្ជសាស្ត្រ​នៅ ​Médecins Sans Frontières (MSF) បាន​និយាយ​ថា​ ក្មេង​ម្នាក់​បាន​ចូល​មក​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​មាន​អាការ​ស្ទើរ​តែ​ជិត​ស្លាប់​ទៅ​ហើយ​។ អ្នក​ស្រី​បាន​បន្ត​និយាយ​ថា​៖ «ក្មេង​ម្នាក់​នោះ​ មិន​អាច​​​និយាយ​បាន​ទេ​ ភ្នែក​របស់​ក្មេង​នោះ​ បើក​ស្ទើរ​តែ​មិន​បាន​ ហើយ​ក្មេង​នោះ​ក៏​មិន​អាច​ញ៉ាំ​ ឬ​ផឹក​ទឹក​ដោយ​ខ្លួន​ឯង​បាន​ទេ​»។

ទីភ្នាក់ងារ​ជំនួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​ បាន​និយាយ​ថា​ ប្រជាជន​អាហ្វហ្គានីស្ថាន​ម្នាក់​ក្នុង​ចំណោម ​៣ នាក់ ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មិន​មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​ដោយ​សារ​តែ​តម្លៃ​ស្បៀង​អាហារ​ឡើង​ថ្លៃ​។

ខណៈ​តម្រូវ​ការ​កំពុង​កើន​ឡើង​ គ្រឹះស្ថាន​សុខាភិបាល​ដែល​ទទួល​មូល​និធិ​ពី​ជំនួយ​អន្តរជាតិ​ប្រមាណ​២​ពាន់​កន្លែង​បាន​បិទ​ ឬផ្អាក​ដំណើរការ​បន្ទាប់​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​បាន​បញ្ឈប់​ប្រាក់​ជំនួយ​ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​តាលីបង់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ចំណោម​គ្រឹះស្ថាន​សុខាភិបាល​សរុប​ចំនួន​ ២ ៣០៩ កន្លែង​ មាន​គ្រឹះស្ថាន​ចំនួន​ ៣៩៣​ កន្លែង​នៅ​ដំណើរការ​ប៉ុណ្ណោះ​។

បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​វាយ​ចូល​ទី​ក្រុង​កាប៊ុល​បាន​សម្រេច​ សហរដ្ឋអាមេរិក​ បាន​បង្កក​ទ្រព្យសម្បត្តិ​ជិត​ ៩ ប៊ីលាន​ដុល្លារ​ ដែល​ជា​របស់​ធនាគារ​កណ្តាល​អាហ្វហ្គានីស្ថាន​។ លើស​ពី​នេះ​ ប្រទេស​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ជា​លទ្ធផល​ធ្វើ​អោយ​ប្រទេស​នេះ ​ជួប​​វិបត្តិ​​សាច់​ប្រាក់​ដែល​បង្ខំ​អោយ​ធនាគារ​ក្នុង​ស្រុក​កំណត់​ការ​ដក​ប្រាក់​ត្រឹម​ចំនួន​ ២០០ ដុល្លារ​សហរដ្ឋអាមេរិក ​ប៉ុណ្ណោះ​ក្នុង​ ១ សប្តាហ៍​។

អ្នក​ស្រី​ Andrea Gacki ​នាយិកា​​ការិយាល័យ​គ្រប់​គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​ក្រសួង​រតនាគារ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ក្រសួង​រតនាគារ​អាមេរិក​ប្តេជ្ញា​ជួយ​សម្រួល​លំហូរ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​គាំទ្រ​តម្រូវ​ការ​មូលដ្ឋាន​របស់​ប្រជាជន​ប្រទេស​នេះ​ ។

អ្នក​ស្រី​បាន​និយាយ​បន្ថែម​ថា​ ទី​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​​អង្គការ​អន្តរជាតិ​ ដើម្បី​បន្ធូរ​បន្ថយ​លំហូរ​នៃ​ទំនិញ​កសិកម្ម​ ថ្នាំ​ពេទ្យ​និង​ធនធាន​ផ្សេង​ទៀត​ ខណៈ​ដែល​​សហរដ្ឋ​អាមេរិក​​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​តាលីបង់​ដែល​មាន​បណ្តាញ​ជាមួយ

​Haqqani៕