បងប្អូនបង្កើត​​ជន​ជាតិ​អាមេរិក​ ២​ នាក់​ ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​​ចាក​ចេញ​ពី​ប្រទេស​ចិន ​​ក្នុង​រយៈ​ពេល ​៣ ឆ្នាំ​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ត្រឡប់​ទៅ​​សហរដ្ឋ​អាមេរិក​វិញ​។

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២៧ កញ្ញា​ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​លោក​ Edward Markey​ និង​អ្នក​ស្រី ​Elizabeth Warren​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ លោក​ស្រី​ Cynthia​ និង​លោក ​Victor Liu​ បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ​បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​នៅ​ប្រទេស​ចិន​ អស់​​រយៈ​ពេល ​៣ ​ឆ្នាំ​។

កាល​ពី​ឆ្នាំ ​២០១៨ ​ក្រុម​គ្រួសារ​ដែល​មាន​បងប្អូន​២នាក់​ និង​ម្តាយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ​ដើម្បី​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​។ លោក​ស្រី​ Liu ជា​អ្នក​ប្រឹក្សា​​ឯករាជ្យ​មាន​វ័យ​​ ២៧ ​ឆ្នាំ​ ហើយ​លោក​ Liu ជា​និស្សិត​សាកល​វិទ្យាល័យ​អាយុ​ ១៩ ​ឆ្នាំ​នៅ​ពេល​នោះ​។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ម្តាយ​របស់​អ្នក​ទាំង ២ ​ត្រូវ​បាន​មន្ត្រី​ចិន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ឃុំឃាំង​សម្ងាត់​មួយ​នេះ នៅ​ពេល​នោះ​អ្នក​ទាំង​៣​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​ចិន​បាន​ឡើយ​។នៅ​ពេល​នោះ​ ក្រសួង​ការ​បរទេស​ចិន​បាន​បង្ហាញ​​ថា​ អ្នក​ទាំង ​៣ មាន​ផ្ទុក​ឯកសារ​ដែល​បង្ហាញ​ថា ​ពួក​គេ​ជា​ពលរដ្ឋ​ចិន​ហើយ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​សេដ្ឋកិច្ច​។

របាយការណ៍​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំង​ ៣ ​​ចាក​ចេញ​ពី​ប្រទេស​ចិន​នៅ​ចុង​សប្តាហ៍​ដូច​គ្នា​ដែល​អាជ្ញាធរ​អនុញ្ញាត​ដោះ​លែង​​​ជន​ជាតិ​កាណាដា​២ រូប ​គឺ​លោក ​Michael Spavor​និង ​Michael Kovrig​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​ ២០១៨​ និង​ជាប់​ការ​ចោទ​ពី​បទ​ចារកម្ម​។

ជនជាតិ​កាណាដា​ ២ រូប​នេះ ​​ត្រូវ​បាន​ដោះ​លែង​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ចិន​ លោក​​ស្រី​ Meng Wanzhou ត្រូវ​​បាន​ដោះ​លែង ​ក្រោយ​ពី​បាន​ត្រូវ​ឃុំ​ខ្លួន​នៅ​កាណាដា​ដោយ​សហរដ្ឋ​អាមេរិក ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​៕ ​