អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ ថ្នាំលេប​ប្រឆាំង​ប៉ារ៉ាស៊ីត​ ivermectin ចំណុះ ៥០០ មិ​ល្លី​លីត្រ ត្រូវគេ​ប្រើ​ដើម្បី​សម្លាប់​ប៉ារ៉ាស៊ីត​នៅក្នុង​សត្វ ឆ្កែ មាន់ ​និង​អ្នកជំងឺ​ដទៃទៀត ត្រូវបាន​លក់ដាច់​នៅ​ទូទាំងប្រទេស​អាមេរិក ដោយសារ​មានការ​ជឿជាក់ថា ថ្នាំ​ប្រភេទ​នេះ ជួយ​សម្លាប់​មេរោគ​កូ​វីដ ​១៩​។ នេះ​បើ​យោងតាម​កាសែត​ញូវយ៉ក​ថា​ម​ស៍​។

​ការ​ជឿជាក់ថា​ថ្នាំ​នេះ អាច​ព្យាបាល​ជំងឺ​កូ​វីដ មិន​ត្រឹមតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់មនុស្ស​តែម្នាក់ឯង​ទេ វា​ថែមទាំង​អាច​បង្ក​គ្រោះថ្នាក់​សត្វ​ងាយ​រងគ្រោះ ដោយ​គ្មាន​ថ្នាំ​ការពារ និង​ព្យាបាល​ត្រឹមត្រូវ​ ខណៈ​ពេទ្យសត្វ និង​កសិករ​កំពុង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ថ្នាំ​នេះ ដើម្បី​មក​ព្យាបាល​សត្វ​។​

​វេជ្ជបណ្ឌិត Karen Emerson នៅ​មជ្ឈមណ្ឌល​បសុពេទ្យ​នៅ​ទីក្រុង West Point បានឱ្យដឹងថា ប្រជាជន​សម្រុក​ទិញ​ថ្នាំ​នេះ​អស់ពី​មន្ទីរពេទ្យ​របស់លោក​ស្រី ហើយ​បើ​ទោះ​បុគ្គលិក​របស់លោក​ស្រី​បាន​ព្យាយាម​ស្វែងរក​ប្រភេទ​ថ្នាំ​នេះ​ដដែល​ក៏ដោយ ក៏​បុគ្គលិក​លោកស្រី​រកបាន​តែ​ថ្នាំ ដែលមាន​ចំណុះ ៥០ មិ​ល្លី​​លីត្រ​ប៉ុណ្ណោះ​។​

​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ត្រូវបាន​រីកដុះដាល​នៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Reddit និង Facebook នៅក្នុង​ក្រុម​ហ្វេ​ស​ប៊ុ​ក​មួយក្រុម Ivermectin Covid-19 Testimonials ដែលមាន​សមាជិក ក្រុម ៤ ២០០ ​នាក់​។

​ក្រុមហ៊ុន Facebook​ បាន​និយាយថា​ខ្លួន​បាន​លុប​ខ្លឹមសារ​លើ​ប្រតិបត្តិការ​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ​ពី​ប្រ​សិទ្ធ​ភាព​ថ្នាំ​ ivermectin ក៏ដូចជា​ការ​​អះអាង​ណាមួយ​ដែលថា ថ្នាំ​នេះ​ជួយ​ព្យាបាល​ជំងឺ​កូ​វីដ​។

ដោយឡែក​ក្រុមហ៊ុន Reddit បាន​និយាយថា ខ្លួន​បាន​លើក​​ទឹកចិត្ត​ឱ្យមាន​ការពិភាក្សា​បើកចំហ​លើ​មាតិកា ឬការពិភាក្សា​ណាមួយ ដែល​មិន​រំលោភ​គោលនយោបាយ​របស់ខ្លួន​។​

​វេជ្ជបណ្ឌិត​ Emerson បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ការ​ផ្អើល​ទិញ​ថ្នាំ​នេះ​ជា​មូលហេតុ ដែល​ធ្វើឱ្យ​យើង​ខ្វះខាត​ថ្នាំ​នេះ សម្រាប់​អ្នក​ដែល​ត្រូវការ​វា​ពិតប្រាកដ​។ ថ្នាំ ​ivermectin អាច​សម្លាប់សត្វ​ដង្កូវ​ស៊ី​សត្វ​ធម្មតា ហើយ​អាច​នឹង​ការពារ ឬ​ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ បើ​ប្រើ​នៅលើ​មនុស្ស​។ រូបមន្ត​មួយចំនួន​ផ្សេងទៀត​អាច​ត្រូវបាន​គេ​រាយការណ៍​ថា ថ្នាំ​នេះ​អាច​ព្យាបាល​ចៃ​លើ​ក្បាល និង​ជំងឺ ផ្សេងៗ​លើ​មនុស្ស ប៉ុន្តែ​រដ្ឋបាល​ចំណី​អា​ហារ​អាមេរិក FDA បាន​ព្រមាន​ជនជាតិ​អាមេរិក​ថា​គួរតែ​ឈប់​ប្រើ​ថ្នាំ​នេះ​ទៅ​»​។​

​ការកើនឡើង​នៃ​តម្រូវការ​នេះ បានធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន អ្នក​ចិញ្ចឹមសត្វ​និង​ពេទ្យសត្វ​មួយចំនួន ត្រូវបាន​បង្ខំចិត្ត​ឱ្យប្រើ​ប្រាស់​ប្រភេទ​ថ្នាំ​ផ្សេង ដែលមាន​តម្លៃ​ថ្លៃ​ជាង​មុន ខណៈដែល​អ្នក​ផ្សេងទៀត​ត្រូវ​បង្ខំចិត្ត​ប្រើ​ថ្នាំ ivermectin ​ដែល​ផុត​កំ​ណ​ត់ ​ឬ​ទុក​ថ្នាំ​ប្រើតែ​ពេល​ចាំបាច់​ប៉ុណ្ណោះ​។​

​លោក Marc Fillion​ ជា​កសិករ​ម្នាក់​មកពី​រដ្ឋ South Carolina ដែល​ប្រើ​ថ្នាំ ivermectin ​សម្រាប់​បសុសត្វ​របស់​គាត់បាន​ប្រាប់​កាសែត The Times ថា គាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ លោក​បាន​និយាយថា​៖ «​ឧទាហរណ៍​ការមិន​ព្យាបាល​ជ្រូក​វ័យក្មេង​មិន​ត្រឹមត្រូវ ឬខ្វះ​ថ្នាំ ឬមិន ត្រូវ​ថ្នាំ​អាច​បណ្ដាលឱ្យ​ជ្រូក​ស្លាប់​។ ចំណែក​ហាង​លក់​ថ្នាំ​សត្វ​មួយ​នៅ Las Vegas តម្រូវឱ្យ​អតិថិជន​បង្ហាញ​រូបថត​ពួកគេ​ជាមួយ​សត្វ​សេះ ឬ​សត្វ​របស់ខ្លួន​ ដើម្បី​ទិញ​ថ្នាំ​នេះ​»​។​

​លោក Kolina Koltai ​អ្នកស្រាវជ្រាវ​ទ្រឹស្តី​សង្គមនៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​ប្រាប់​កាសែត The Times ​ថា​៖ «​បទពិសោធ​បែបនេះ​គូសបញ្ជាក់​ពី​ឥទ្ធិពល​នៃ​ប្រភពព័ត៌មាន​មិន​ពិត ដែល​អាច​ផ្ដល់​អន្តរាយ​ដល់​ពិភពលោក​ប៉ុនណា​»​។​

​កាលពី​ខែ​មុន​វេជ្ជបញ្ជា​សម្រាប់​ការបង្កើត​ថ្នាំ​ivermectin បាន​កើន​ឡើងដល់​ជាង​ ៨៨ ០០០ ក្នុង​ ១ ​សប្តាហ៍ ពោលគឺ​កើនឡើង​ពី​កម្រិត​មូលដ្ឋាន​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត ដែល​កើន​ចំនួន ៣ ៦០០​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC)​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋបាល FDA​ បាន​និយាយថា ខ្លួន​មិន​បានទទួល​របាយការណ៍​អំពី​កង្វះ​ការផលិត ivermectin ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ថ្នាំ ivermectin មាន​សារៈសំខាន់​សម្រាប់​អ្នក​ចិញ្ចឹមសត្វ កសិករ និង​ម្ចាស់​សេះ​ដើម្បី​ថែរក្សា​ហ្វូង​និង​សុខភាព​សត្វ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ព័ត៌មាន​មិន​ពិត​អំពី​ថ្នាំ​ ivermectin រីក​រាលដាល​តែ​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​ម្ល៉េះ​។ កាលពី​ខែមេសា ឆ្នាំ​ ២០២០ អ្នកវិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Monash ក្នុង​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី ​បាន​បោះពុម្ពផ្សាយ​ការរកឃើញ​បឋម​ដែល​បង្ហាញថា ថ្នាំ​នេះ​ត្រូវបាន​ប្រើ​ក្នុង​បន្ទប់ពិសោធន៍​អាច​សម្លាប់​មេរោគ​កូ​រ៉ូ​ណា​ក្នុង​រយៈពេល ​៤៨ ម៉ោង​។ សាកលវិទ្យាល័យ​ដដែល​នេះ បាន​ព្រមាន​ថា លទ្ធផល​អាច​នឹង​ឆាប់ ប៉ុន្តែ​ការស្រាវជ្រាវ​នៅ​កំពុង​បន្ត​នៅ​​ឡើយ​៕​