ប្រធានាធិបតី​ទុយនីស៊ី​​ បាន​តែង​តាំង​ អ្នក​ស្រី​ Najla Bouden Romdhane ​​ជា​វិស្វករ​នៅ​សាកលវិទ្យា ល័យ​ហើយ​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ​ធនាគារ​ពិភពលោក​ជា​នាយករដ្ឋមន្រ្តី​ស្រី​ដំបូង​គេ​របស់​ប្រទេស​នេះ​។

លោក​ Kais Saied ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «នេះ​ជា​លើក​ដំបូង​នៅក្នុ​ង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទុយនីស៊ី​ ដែល​មាន​ស្ត្រី​នឹង​ដឹក​នាំ​រដ្ឋាភិបាល​»។​នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera។

តាម​ការស្រង់​សម្តី​របស់​ប្រភព​ដដែល​ លោក​​ Saied​ បាន​និយាយ​ថា​ លោក​នឹង​ធ្វើ​ការ​ជា​មួយ Romdhane ដោយ​ឆន្ទៈ​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ភាព​វឹក​វរ​ដែល​មាន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​។

អ្នក​ស្រី​ Najla Bouden​ Romdhane មាន​វ័យ​ ៦២ ឆ្នាំ​ ជា​បុគ្គល​ឯករាជ្យ​មិន​ធ្លាប់​ចំណុះ​បក្ស​នយោបាយណា​មួយ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ Kairouan ​ភាគ​កណ្តាល​ប្រទេស​ទុយនីស៊ី​ ហើយ​អ្នក​ស្រី​ក៏​ជា​​គ្រូ​បង្រៀន​មុខ​វិជ្ជា​ភូមិ​វិទ្យា​នៅ​សាលា​ជាតិ​វិស្វករ​នៅ​រដ្ឋ​ធានី​ទុយនីស៊ី​ផង​ដែរ​។

មុន​ពេល​អ្នក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ អ្នក​ស្រី​ក៏​ត្រូវ​បាន​ក្រសួង​អប់រំ​ឧត្តមសិក្សា​ និង​ស្រាវ ជ្រាវ​វិទ្យាសាស្ត្រ​ចាត់​តាំង​ឱ្យ​​បម្រើ​ការ​ជា​មួយ​ធនាគារ​ពិភព​លោក​។ កាល​ពី​ឆ្នាំ​ ២០១១​ អ្នក​ស្រី​ក៏​ត្រូវ​បាន​តែង​តាំង​ជា​អគ្គនាយក​ទទួល​បន្ទុក​ផ្នែក​គុណភាព​នៅ​ក្រសួង​ឧត្តមសិក្សា​ដែរ​។

ការ​តែង​តាំង​អ្នក​ស្រី​ Romdhane ជា​នាយករដ្ឋមន្ត្រី​នេះ​ហាក់​ដូ​ច​ជា​មិន​ទាន់​មាន​ប្រតិកម្ម​ពី​សំណាក់​សម្ព័ន្ធ​សហជីព​ការងារ​ ឬ​គណបក្ស​នយោបាយ​​ណា​មួយ​នៅ​ឡើយ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ សមាជិក​សភា​អាច​ជំទាស់​នឹង​ភាព​ស្រប​ច្បាប់​នៃ​ការ​តែង​តាំង​រដ្ឋាភិបាល​ណា​មួយ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អង្គ​ជំនុំ​ជម្រះ​ដែល​​បច្ចុប្បន្ន​ត្រូវ​បាន​ប្រធានាធិបតី​ប្រទេស​នេះ ​ផ្អាក​ជា​បណ្តោះ​អាសន្ន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រធានាធិបតី​ទុយនីស៊ីបានព្យួរសភា​ និង​បាន​បណ្តេញ​នាយករដ្ឋមន្រ្តី​លោក ​Hichem Mechichi​ ចេញ។ លោក​ត្រូវ​បាន​សមាជិក​សភា​មួយ​ចំនួន​​​ថ្កោល​​ទោស​​ថា​ សកម្មភាព​របស់​លោក​ជា​ការ​វាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​។

លោក​ក៏​បាន​ព្យួរ​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ផង​ដែរ​ ដោយ​លោក​បញ្ជាក់​ថា​ សកម្មភាព​របស់​លោក​គឺ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​។

ប្រធាន​សភា​ទុយនីស៊ី​ លោក​ Rached Ghannouchi បាន​ចោទ​ប្រកាន់​លោក​ Saied​ ថា​ បាន​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​បដិវត្តន៍​រដ្ឋ​ធម្មនុញ្ញ​។

លោក​ Ghannouchi​ ដែល​ជា​ប្រធាន​គណបក្ស​ Ennahdha បាន​​និយាយ​ថា លោក​ជឿ​ថា​ ប្រជាជន​​ទុយនីស៊ី​​នឹង​​ប្រឆាំង​នឹង​បដិវត្តន៍​នេះ​ ​ហើយ​គណបក្ស​របស់​លោក​ក៏​បាន​ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​នេះ​ដោយ​លោក​ហៅ​ចំណាត់​ការ​នេះ​ថា​ រដ្ឋ​ប្រហារ​ប្រឆាំង​បដិវត្តន៍​៕