តម្លៃ​ថាមពល​ធម្មជាតិ​នៅ​ទ្វីបអឺរ៉ុប​ ឬ​ចក្រភព​អង់គ្លេស នៅ​ខែតុលា​នេះ បាន​ឡើងថ្លៃ​យ៉ាងហោច ៥ ដង​ បើ​ធៀប​នឹង ​១ ​ឆ្នាំមុន ដែល​កត្តា​ចម្បង​បង្កឱ្យមាន​វិបត្តិ​នេះ​ មាន​ភាពខុស​ប្លែក​ពីគ្នា ក្នុងនោះ​រួមមាន​ការរញ្ជួយ​ដី​នៅ​ប្រទេស​ហូ​ឡង់ គោលការណ៍​សម្អាត​ខ្យល់អាកាស​របស់​ចិន និង​នយោបាយ​ពង្រីក​អំណាច​របស់​ប្រ​ធា​នា​ធិបតី​រុស្ស៊ី លោក ​Vladimir Putin​។​

​បម្រែបម្រួល​តម្លៃ​កំណត់ដោយ​អ្នកផ្គត់ផ្គង់​នៅ​អឺរ៉ុប និង​កង្វះខាត​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​នៅ​ទូទាំង​ទ្វីប បាន​បង្កឱ្យមាន​ការភ័យខ្លាច​ចំពោះ​វិបត្តិ​ថា​ម​ពល​ ប្រសិនបើ​អាកាសធាតុ​ត្រជាក់​ជាង​ធម្មតា​។ គ្រួសារ​នានា កំពុង​ប្រឈមមុខ​នឹង​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ថាមពល ខណៈ​ឧស្សាហកម្មដែល​ពឹង​ផ្អែកលើ​ថាមពល​មួយចំនួន បាន​ចាប់​​ផ្តើម​ផលិតកម្ម​យឺតយ៉ាវ ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​មាន​សុទិដ្ឋិនិយម ជុំវិញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត សង្ឃឹមថា ​ស្ថានភាព​នឹង​ប្រសើរឡើង​ជាង​មុន​។​

​អ្នកខ្លះ​នៅក្នុង​ឧស្សាហកម្ម​ឧស្ម័ន​ជឿថា ការឡើង​ថ្លៃ​គឺជា​បាតុភូត​ប​​ណ្តោះ​អាសន្ន ដែល​បណ្តាលមកពី​​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ដោយសារ​វីរុស​កូ​រ៉ូ​ណា ហើយ​អ្នក​ផ្សេងទៀត​ជាច្រើន​និយាយថា វា​បង្ហាញ​ពី​ភាពទន់ខ្សោយ​នៃ​រចនាសម្ព័ន្ធ​នៅក្នុង​ទ្វីបអឺរ៉ុប ដែល​ពឹង​ផ្អែកលើ​ឧស្ម័ន​នាំចូល​។​

​យ៉ាងណាមិញ កត្តា​សំខាន់បំផុត​នៃ​បញ្ហា​កង្វះ​ថាមពល​នេះ​ក៏ដោយ​សារ​ប្រទេស​រុស្ស៊ី​។ ទ្វីបអឺរ៉ុបទទួលបាន​ការផ្គត់ផ្គង់​ប្រមាណ​ជាង​ ១ ​ភាគ ​៣ ​នៃ​ការផ្គត់ផ្គង់​ហ្គាស​សរុប​របស់ខ្លួន​ពី​ក្រុមហ៊ុន​គាំទ្រ​ដោយ​រដ្ឋ​រុស្ស៊ី Gazprom​ ដែលជា​អ្នកផ្គត់ផ្គង់​បំពង់​បង្ហូរ​ប្រេង​ផ្តាច់មុខ​។ ចង្វាក់​ផ្គត់ផ្គង់​នេះ កើតឡើង​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​ ប៉ុន្តែ​បាន​បែកបាក់​កាលពីពេល​ថ្មីៗ ដោយសារ​ការដាក់បញ្ចូល​ឧបទ្វីប​គ្រី​មា​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ​២០១៤​។​

​សហភាព​អឺរ៉ុប​ជារឿយៗ​ត្រូវបាន​​កំណត់ដោយ​អ្នក​រិះគន់ថា ងាយ​រង​​គ្រោះដោយសារ​ការពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​។ ប៉ុន្តែ​ទំ​​នាក់​ទំនង មាន​លក្ខណៈ​ស្មុគស្មាញជាង​នេះ​។ ដំបូង​សហភាព​អឺរ៉ុប​បាន​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​រុស្ស៊ី​ឱ្យ​ឆ្ងាយ​ពី​កិច្ចសន្យា​រយៈពេល​វែង​ដែល​ទាក់​ទង​នឹង​តម្លៃ​ប្រេង​ដែលជា​ការផ្លាស់ប្តូរ​មួយ បង្កើត​ប្រព័ន្ធ​កំណត់​តម្លៃ​ដោយ​ប្រយោល​ដែល​ឆ្លុះបញ្ចាំង​ពី​សក្ដានុពល​ទីផ្សារ​ឧស្ម័ន​។​

​ទោះយ៉ាងណា​ក៏ដោយ​ភាពជឿជាក់​របស់​ក្រុមហ៊ុន Gazprom ត្រូវបាន​ចោទសួរ​នៅ​ឆ្នាំនេះ ពោលគឺ​រដូវរងា​ឆ្នាំ ២០២០-២១ កន្លែង​ផ្ទុក​ទាំង​ឧស្ម័ន​នៅក្នុង​ប្រទេស​រុស្ស៊ី​ និង​ទ្វីបអឺរ៉ុប​ត្រូវបាន​បង្ហូរ​ទៅ​កម្រិត​ទាប​។ ក្រុមហ៊ុន Gazprom មិនបាន​ជួយ​បំពេញបន្ថែម​តម្រូវការ​អឺរ៉ុប​ប៉ុន្មាន​ទេ ដោយ​បដិសេធ​មិន​បញ្ជូន​ការផ្គត់ផ្គង់​បន្ថែម​តាមរយៈ​អ៊ុយ​ក្រែ​ន​លើសពី​អ្វីដែល​ត្រូវបាន​ធានា​ក្រោម​កិច្ចសន្យា​រយៈពេល​វែង​។​

​លោក Tom MarzecManser នៅ ICIS ដែលជា​អ្នកពិគ្រោះ​យោបល់ បាន​ប្រាប់​សារព័ត៌មាន​ The Financial Times ថា​៖ «​អឺរ៉ុប​មាន​ជម្រើស ២ ​សម្រាប់​ផ្គត់ផ្គង់​ហ្គាស​បន្ថែម ព្រោះ​វា​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំ​ចូល​ពី​រុស្ស៊ី ឬ​ការដឹក​​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​រាវ ប៉ុន្តែ​វិធី​ទាំង ​២ ​នេះ​មិន​ដំណើរការ​ទេ​»​។

​ការផ្លាស់ប្តូរ​ទៅជា​ការប្រើប្រាស់​ថា​ម​ពល​ស្អាត ដូចជា​ថាមពល ខ្យល់ និង​ពន្លឺព្រះអាទិត្យ​មាន​ឥទ្ធិពល​ជំរុញឱ្យមាន​តម្រូវការ​ប្រើប្រាស់​ឧស្ម័ន​កាន់តែច្រើន​ដែល​ការផ្លាស់ប្ដូរ​នេះ ​ត្រូវបាន​គេ​មើលឃើញថា​ ជា ​«​ការតភ្ជាប់​ឥន្ធនៈ​» ​រយៈពេល​មធ្យម​រវាង​យុគសម័យអ៊ីដ្រូ​កាបូន​ និង​ថាមពល​កកើត​ឡើងវិញ​។

​ទន្ទឹមនឹងនេះ គោលដៅ​រយៈពេល​វែង​នៃ​ការបង្កើត​សេដ្ឋកិច្ច​មិន​ប៉ះពាល់​បរិស្ថាន នៅ​ចក្រភព​អង់គ្លេស​និង​អឺរ៉ុប​ក៏បាន​កាត់បន្ថយ​នូវ​ឆន្ទៈ​របស់​វិ​និ​យោ​​គិ​ន​ក្នុងការ​វិនិយោគ​លើ​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​ដែល​ពួកគេ​ជឿថា អាច​នឹង​លែង​ប្រើ​បាន​ក្នុង​រយៈពេល ៣០​ ឆ្នាំ​។ ជាមួយគ្នានេះ ការផ្គត់ផ្គង់​ឧស្ម័ន​ក្នុងស្រុក​របស់​អឺរ៉ុប បាន​ធ្លាក់ចុះ​ក្នុង​កម្រិត​ទាប ដោយសារ​អភិវឌ្ឍ​យ៉ាងឆាប់រហ័ស​ជាច្រើន​ទសវត្សរ៍​ដែល​ទើប​ធ្លាក់ចុះ ៣០ ភាគរយ​ក្នុង​រយៈ​ពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ម្យ៉ាងវិញទៀត ការប៉ុនប៉ង​របស់​អឺ​​រ៉ុ​ប​ក្នុងការ​ធ្វើជា​មេដឹកនាំ​ពិភពលោក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​​ធាតុ​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​កាន់តែ​ទូលំទូលាយ​នៅក្នុង​ទីផ្សារ​។ ទ្វីប​នេះ បាន​រុញច្រាន​សេដ្ឋកិច្ច​ដែល​កំពុង​លូត​លាស់​យ៉ាង​ឆាប់រហ័ស​នៅ​អាស៊ី​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​។ ក្រោយមក​ប្រទេស​ចិន និង​​ឥណ្ឌា បាន​ក្លាយជា​គូប្រជែង​សហភាព​អឺរ៉ុប​សម្រាប់​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ខណៈ​អឺរ៉ុប​ពឹងផ្អែក​ការនាំ​ចូល​ពី​ប្រទេស​ដូចជា​អាមេរិក​និង​កាតា​វិញ​។​

​ឧស្សាហកម្ម​ឧស្ម័នធ្លាប់​ដំណើរការ​ស្ទើរតែ​ទាំងស្រុង​លើ​បំពង់​បង្ហូរ​ប្រេង​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ ដែល​ធ្វើឱ្យ​ការ​ប្រ​កួត​ប្រជែង​ក្នុង​តំបន់​អឹ​រ៉ុ​ប​មាន​កម្រិត​ទាប​បំផុត​។ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​

​ឧស្សាហកម្ម​ឧស្ម័ន LNG មានន័យថា ការ​ដឹកទំនិញ​តាម​សមុទ្រ​ឥឡូវ នេះ​បាន​បង្កើត​នូវ​អ្វីដែល​ស្រដៀង​នឹង​ទីផ្សារ​ពិភពលោក​របស់​ប្រេង​ដែរ​។​

​លោក Henning Gloystein​ ជា​អ្នក​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន Eurasia Group លើកឡើងថា​៖ «​ជា​រៀងរាល់ឆ្នាំ​ប្រទេស​ចិន​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ផ្ទះ​រហូតដល់ ​១៥ ​លាន ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​របស់ខ្លួន​ទៅនឹង​បណ្តាញ​ឧស្ម័ន​ដែល​បន្ថែម​​តម្រូវការ​ហូ​ឡង់​និង​បែលហ្ស៊ិក​ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​នៅពេលដែល​អាកាសធាតុ​ត្រជាក់​នៅ​ប្រទេស​ចិន ​តម្លៃ​ឧស្ម័ន​ឡើងថ្លៃ​នៅ​ចក្រភព​អង់គ្លេស​និង​អាល្លឺម៉ង់​»​។​

​ទោះយ៉ាងណា រដ្ឋាភិបាល​អឺរ៉ុប​អះ​អាង​ថា ការកើនឡើង​តម្លៃ​ឧស្ម័ន អាចជា​ការពង្រឹង​កំណើន​ការប្រើប្រាស់​ថា​ម​​ពល​កកើត​ឡើងវិញ​។ ​ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា​បញ្ហា​នេះ ​អាច​បង្កឱ្យមាន​ប្រតិកម្ម​ប្រឆាំងនឹង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ ប្រសិនបើ​អ្នកប្រើប្រាស់​ចាប់ផ្តើម​ជឿជាក់ថា តម្លៃ​នៃ​ការផ្លាស់ប្តូរ​ថាមពល​ឡើងថ្លៃ​ខ្ពស់​ពេក​៕