កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន លោក Lee Jae-myung បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កំពុងកាន់​អំណាច​បាន​ប្តេជ្ញា​ថា នឹង​កំណត់​ប្រាក់ចំណូល​មូលដ្ឋាន​ជា​សកល​ដល់​ប្រជាជន ប្រសិនបើ​លោក​ជាប់​ការបោះឆ្នោត​នាពេលខាងមុខ​។

​លោក Lee បាន​និយាយថា សេរីភាព​ពិតប្រាកដ​ គឺអាច​ធ្វើទៅបាន​លុះត្រាតែ​លក្ខខណ្ឌ​ជីវភាព​របស់​ប្រជាជន​ត្រូវបាន​ធានា​ទៅលើ​គ្រប់​វិស័យ​រួមទាំង​ប្រាក់​ចំណូល លំនៅឋាន និង​ហិរញ្ញប្បទាន​។​

​គម្រោងការ​ប្រាក់ចំណូល​ជាស​កល​ក្រោម​ការដឹកនាំ​របស់លោក​នឹង​ផ្តល់​ការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ប្រចាំឆ្នាំ​ដល់​ប្រ​ជា​ជន​កូរ៉េខាងត្បូង​យ៉ាងតិច ២០៩,១៦ ​ដុល្លារ​សហរដ្ឋអាមេរិក ​ចាប់ពី​ឆ្នាំ​២០២៣​។ ចំពោះ​ប្រជាជន​កូរ៉េខាងត្បូង​ដែលមាន​អាយុ​ចន្លោះ​ពី ១៩ ទៅ ២៩ ​ឆ្នាំ ​នឹង​ទទួល​បាន​ប្រាក់​ប្រចាំឆ្នាំ​ប្រមាណ ៨០០ ​ដុល្លារ​សហរដ្ឋអាមេរិក ​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ​២០២៣​។​

​លោក ​Kim Dong-yeon អតីត​រដ្ឋ​​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង ​ហាក់បីដូចជា​យល់ស្រប​ហើយ​លោក​និយាយថា ការរុះរើ​ច្បាប់​ឡើងវិញ​ គឺជា​ការចាំបាច់​ដើម្បី​ជំរុញ​ការធ្វើ​និយតកម្ម​

​នេះ​។ លោក​បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ច្បាប់​របស់ខ្លួន​។​

​លោក Kim បាន​និយាយថា​៖ «​ច្បាប់​កូរ៉េ​ចែង​តែ​អ្វីដែល​ស្របច្បាប់ ដូច្នេះ​កន្លែង​ដែល​នៅសល់​ត្រូវ​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់​។ យើង​គួរតែមាន​វិធី​ផ្សេង​ដូច​នៅ​ប្រទេស​ជឿនលឿន​ដែរ​»​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន Financial Times​។

​ប៉ុន្តែ​ផែនការ​ប្រាក់ចំណូល​ជា​សកល​បានទទួល​ការរិះគន់​ពី​អ្នកជំនាញ និង​​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដោយ​ពួកគេ​សួរថា ​តើ​ប្រាក់​របស់​អ្នក​បង់ពន្ធ​ប៉ុន្មាន ​ដែល​ត្រូវការ​ដើម្បី​សម្រេចបាន​គោល​នយោបាយ​មួយ​នេះ​។​

​លោក Paul Choi សេដ្ឋវិទូ​នៅ​ក្រុម​វិនិយោគ​ CLSA ​បាន​និយាយថា ការអនុវត្ត​គោលការណ៍​នេះ​ អាច​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ប្រថុយ​នឹង​លំនឹង​នៃ​សេដ្ឋកិច្ច​ប្រទេស​ដែល​ត្រូវបាន​ចាត់ទុកជា​សេដ្ឋកិច្ច​ធំ​ទី​៤ របស់​អាស៊ី​។​

​លោក Sung Tae-yoon ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​យ៉ុ​ន​ស៊ី​បាន​និយាយថា ​គោលការណ៍​នៃ​ប្រាក់ចំណូល​មូលដ្ឋាន​ជា​សកល​តម្រូវឱ្យ​រដ្ឋាភិបាល​ចំណាយ​ថវិកា​បន្ថែម​ច្រើន​ជា​រៀងរាល់ឆ្នាំ​។​

​លោក Sung បាន​និយាយ​បន្ថែមថា​៖ «​លុះត្រាតែ​ប្រទេស​កូរ៉េខាងត្បូង​មាន​មធ្យោបាយ​ប្រមូល​ផលចំណេញ​ប្រចាំឆ្នាំ​ដូចជា​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែលមាន​ប្រេង​ឆៅ ហើយ​មាន​គម្រោង​រកប្រាក់​តាម​រយៈ​អ្នក​បង់ពន្ធ​ដោយ​មិន​កាត់​បន្ថយ​ការចំណាយ​ទៅលើ​កម្មវិធី​សុខុមាលភាព​ដែលមាន​ស្រាប់​»​។​

​នៅក្នុង​អំឡុង​វិបត្តិ​កូ​វីដ ​១៩ សម្ទុះ​នៃ​ការនាំចេញ និង​ការឆ្លើយតប​ផ្នែក​សុខភាព​របស់​ប្រទេស​នេះ​បាន​ជួយ​កូរ៉េខាងត្បូង​សម្រេចបាន​នូវ​ការ​ងើប​ឡើងវិញ​លឿន​បំផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩​។ ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​បាន​បង្កើតឱ្យមាន​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​ខ្លាំង​ជាង​មុន​។​

​កន្លងមក ប្រទេស​កូរ៉េខាងត្បូង​ បាន​អនុវត្ត​ប្រាក់ចំណូល​មូលដ្ឋាន​សកល​អំឡុង​ពេលដែល​ប្រទេស​នេះ ​ជួប​វិបត្តិ​កូ​វីដ ​១៩​។ រដ្ឋាភិបាល​បានផ្តល់​ជា​សាច់ប្រាក់​ទៅ​ប្រជាជន​ខ្លួន​ប្រមាណ ២២០​ដុល្លារ​សហរដ្ឋអាមេរិក​៕