​ប្រធានាធិបតី​ចិន លោក​ ស៊ី ជីន​ភីង ​កំពុងធ្វើដំណើរ​ឆ្លងកាត់​ព្យុះភ្លៀង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ខណៈពេលដែល​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​ក្នុងប្រទេស​នេះ កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល និង​អាច​ឈានដល់​ការ​ក្ស័យធន ហើយ​រោងចក្រ​ធំៗ​កំពុង​ជួប​ឧបសគ្គ​ជាច្រើន ​ខណៈពេល​ងើប​ពី​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ដោយ​រួមមាន​ទាំង​កង្វះ​អគ្គិសនី​ទូទាំងប្រទេស​ទៀតផង​។​

​ក្រៅពី​ការខិតខំ​តម្រូវ​ដំណើរ​តូចតាច​ខ្លះ អ្នកវិភាគ និង​ទីប្រឹក្សា​រដ្ឋាភិបាល​មួយចំនួន​បានគិត​ថា ​លោក ​ស៊ី​ អាច​នឹង​ទាញ​ប្រយោជន៍​ពី​ស្ថានភាព​បច្ចុប្បន្ន ដែល​លោក​ហៅថា «​បង្អួច​ឱកាស​» ដើម្បី​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​ដ៏​លំបាក​។​

​ប្រសិនបើ​បាន​ជោគជ័យ កំណែទម្រង់​ទាំងនេះ​គឺជា​ចំណុច​ចុងក្រោយ​នៃ​សកម្មភាព​នយោបាយ​រប​ស់លោក​ ស៊ី ដែល​រួមមាន​ការលុបបំបាត់​ដែន​កំណត់​អាណត្តិ​ប្រធានាធិបតី រហូតដល់​ការ​ស្វែងរក «​វិបុលភាព​រួម​» សម្រាប់​ប្រជាជន​ចិន ដែល​បានធ្វើឱ្យ​លោក​ក្លាយជា​មេដឹកនាំ​ចិន​មានអំណាច​បំផុត​ចាប់តាំងពី​លោក​ ម៉ៅ សេទុង មក​។​

​ការលុបបំបាត់​ដែន​កំណត់​អាណត្តិ​ប្រធានាធិបតី បានអនុញ្ញាត​ឱ្យ​លោក​ស៊ី​បន្ត​កាន់អំណាច​ដល់​អាណត្តិ​ទី​៣ ដែល​មេដឹកនាំ​មុនៗ​មិនអាច​ធ្វើបាន​។ គោលដៅ «​វិបុលភាព​រួម​» ពោល គឺ​ការកាត់បន្ថយ​តម្លៃ​អចលនទ្រព្យ និង​ការកាត់បន្ថយ​វិសមភាព​ប្រាក់ចំណូល គឺអាច​ផ្ដល់​ប្រជាប្រិយភាព​បន្ថែមទៀត​សម្រាប់​លោក ​ស៊ី ខណៈដែល​លោក​កំពុង​ត្រៀមខ្លួន​សម្រាប់​សមាជ​ប្រជាជន​ចិន​នៅ​ឆ្នាំក្រោយ​។​

​ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បានគិត​ថា «​វិបុលភាព​រួម​» គឺមាន​ហានិភ័យ​​ជាពិសេស ខណៈពេលដែល​គោលនយោបាយ​កាត់បន្ថយ​តម្លៃ​អចលនទ្រព្យ និង​កាត់បន្ថយ​វិសមភាព​ប្រាក់ចំណូល​របស់​ក្រុង​ប៉េកាំង អាច​បង្ក​ផល​អវិជ្ជមាន​ច្រើនជាង​ផល​វិជ្ជមាន​ចំពោះ​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី​២ ក្នុង​ពិភពលោក​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ការិយាល័យ​នយោបាយ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ កាលពី​ខែមេសា លោក​ ស៊ី បាន​កត់​​សម្គាល់ថា ការ​ងើប​ឡើងវិញ​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​ចិន​ពី​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ បានផ្ដល់​នូវ «​បង្អួច​ឱកាស​» ដើម្បី​កាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ជាពិសេស​នៅក្នុង​វិស័យ​ដែល​ជំពាក់​បំណុល​ច្រើន​ដូចជា​វិស័យ​អចលនទ្រព្យ​។ វា​ក៏​ជា​ឱកាស​ដើម្បី​បន្ត​គោលដៅ​បរិស្ថាន​ប្រកបដោយ​មហិច្ឆតា​ដូចជា​ការសម្រេចបាន​នូវ​ការបញ្ចេញ​កាបូន​ខ្ពស់បំផុត​ត្រឹម​ឆ្នាំ ​២០៣០ និង​អព្យាក្រឹតភាព​កាបូន​ត្រឹម​ឆ្នាំ ​២០៦០​។​

​ប៉ុន្តែ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន ក៏បាន​បង្ក​ឱ្យ​តម្លៃ​អចលនទ្រព្យ​ផងដែរ ដែលជា​ការគំរាមកំហែង​ដល់​គោលដៅ «​វិបុលភាព​រួម​»​។ កត្តា​ទាំង​នេះ​​បានធ្វើឱ្យ​មន្ត្រី​កាន់តែ​មាន​ឆន្ទៈ​ធ្វើកំណែទម្រង់​និយតកម្ម​លើ​ក្រុមហ៊ុន​អចលនទ្រព្យ​។​

​កំណែទម្រង់​និយតកម្ម​នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន Evergrande ​ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​ទី​២ របស់​ចិន ប្រឈម​នឹង​វិបត្តិ​មិនអាច​សងបំណុល​បាន​។ រដ្ឋបាល​លោក​ស៊ី​មាន​ជំហរ​យ៉ាង​តឹងរ៉ឹង​ថា មិន​ដកថយ​ពី​ការអនុវត្ត​កំណែទម្រង់​ទាំងនេះ បើទោះបីជា​ក្រុមហ៊ុន Evergrande​ ដួល​​រលំ​ក៏ដោយ​។ អ្នកវិភាគ​ជាច្រើន​ព្រមាន​ថា ការដួលរលំ​របស់​ក្រុមហ៊ុន Evergrande ​ដែល​ជំពាក់​បំណុល​ជាង ៣០០ ​ពាន់​លាន​ដុល្លារ នឹងមាន​ផល​​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ចិន​ទាំងមូល​។​

​វិបត្តិ​កង្វះ​អគ្គិសនី​នៅ​ទូទាំងប្រទេស​ចិន ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ក៏​ជា​ឧទាហរណ៍​មួយទៀត​នៃ​ផល​អវិជ្ជមាន​បានមក​ពី​គោលនយោបាយ​មានបំណង​ល្អ​។ ដើម្បី​បំពេញ​គោលដៅ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កាត់បន្ថយ​ផលិតកម្ម​អគ្គិសនី​នៅ​ខេត្ត​ដែល​មិនបាន​ឈានដល់​គោលដៅ​ទិន្ន​ភាព​ខ្ពស់​។ រោងចក្រ​អគ្គិសនី​ជាច្រើន​កំពុង​ប្រឈម​កង្វះ​ធ្យូងថ្ម ការឡើង​តម្លៃ​ធ្យូងថ្ម និង​ដែន​កំណត់​តម្លៃ​អគ្គិសនី​ទាប មានន័យថា​ពួកគេ​ធ្វើការ​ផ្គត់ផ្គង់​ដោយ​ខាតបង់​។ បន្ថែម​ពីលើ​នេះ​ទៀត តំបន់​ផលិត​ធ្យូងថ្ម​សំខាន់ៗ ក្នុងប្រទេស​ចិន គឺ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​ធ្វើឱ្យ​បញ្ហា​ទាំងនេះ​កាន់តែ​លំបាក​។​

​នៅ​សប្ដាហ៍​ក្រោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​ នឹង​ចេញផ្សាយ​ការប៉ាន់ស្មាន​របស់ខ្លួន​សម្រាប់​កំណើនសេដ្ឋកិច្ច​ត្រីមាស​ទី​៣ ឆ្នាំនេះ និង​សូចនាករ​សេដ្ឋកិច្ច​សំខាន់ៗ​ដទៃ​

​ទៀត​។ ទិន្នន័យ​នេះ​នឹង​ផ្ដល់នូវ​ការ​​ចង្អុលបង្ហាញ​ដ៏​ល្អ​បំផុត​អំពី​ផលប៉ះពាល់​ពី​វិបត្តិ​នៅ Evergrande ​និង​វិបត្តិ​កង្វះ​ថាមពល​។​

​ជា​លទ្ធផល​អ្នក​ព្យាករ​ជាច្រើន​កំពុង​ពិនិត្យឡើងវិញ​នូវ​ការ​ព្យាករ​សេដ្ឋកិច្ច​ពេញ ១ ​ឆ្នាំ​របស់​ពួកគេ​ចំពោះ​សេដ្ឋកិច្ច​ចិន​។ ប៉ុន្តែ​ភាគច្រើន​នៅតែ​ប៉ាន់​ស្មានថា​ ទិន្នផល​សេដ្ឋកិច្ច​ពេញ ១ ​ឆ្នាំ ​នឹង​ធំ​ជាង​គោលដៅ​កំណើន ៦ ​ភាគរយ​របស់​រដ្ឋាភិបាល​ចិន​ផងដែរ​៕