រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ភ្ញៀវ​ទេសច​រអន្តរជាតិ​នឹង​ត្រូវ​បានអនុញ្ញាតឱ្យ​ចូល​ទៅ​កោះ​បាលី​ និង​កោះ​រីអៅ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ​១៤​ ​ខែតុលា ​ខណៈខេ​ត្តទាំង ​២ ​នេះ​កំពុង​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្តើរៗហើយ។

រដ្ឋ​មន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ ​និង​វិនិយោគ​លោក​ Luhut Pandjaitan បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖​ «ស្រ​បតាម​ការ​ណែនាំរ​បស់​ប្រធានាធិប​តី​នៃ​សាធា​រណរ​ដ្ឋឥណ្ឌូនេ​ស៊ី យើង​បាន​ផ្តល់​ការ​អនុញ្ញាត​ដល់​ប្រទេស​ចំនួន ១៩​ ដើម្បី​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ Bali និង​កោះ Riau ​បាន​។»

អ្នក​ទេសចរ​មក​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​កោះ​បាលី​ រួម​មាន​អ្នកទេសចរ​មក​ពី​ប្រទេស​អ៊ីតាលី​ បារាំង​ អេស្ប៉ាញ​ ព័រទុយហ្កាល់ ​ន័រវែស​ ស៊ុយ​អែត​ ប៉ូឡូញ​ ហុងគ្រី​និងលីកថេនស្ទេន។​

អ្នក​ទេសចរ​មក​ពី​បណ្តា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ ដូច​ជា​ អារ៉ាប៊ី សា​អ៊ូឌីត​ អេមីរ៉ាត​ អារ៉ាប់​រួម​ កាតា​ បារ៉ែន​ និង​គុយវ៉ែត​ ក៏​ត្រូវ​បាន​ស្វា​គមន៍​ផង​ដែរ​ខណៈឥ​ណ្ឌា​ ចិន​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​នូ​វែល​សេឡង់​ ត្រូវ​បាន​បញ្ចូ​លក្នុង​បញ្ជី​នេះ​ផងដែរ​។ លោក​ Pandjaitan បាន​បន្ថែម​ថា​៖ «បញ្ជីឈ្មោះ​ប្រទេស​ទាំង​ ១៩​ ដែល​ចូល​មក​ឥណ្ឌូនេស៊ី​ នឹងចូល​តាម​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​កោះ​បាលីនិង​កោះ​រីអៅ​តែម្តង​»។

ការ​បើក​ដំណើរ​ការ​ឡើង​វិ​ញ​​ នៅ​ពេល​ដែល​កោះ​បាលី​ ទទួល​រង​កា​រធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃករណី​ឆ្លង​កូវីដ ១៩ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​កម្រិត​ខ្ពស់​បំផុត​នៃ​រលក​ឆ្លង​ទី២​ របស់​ប្រទេស​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​។ ៣ ខែ​មុន ​កោះ​បាលី​បាន​កត់​ត្រា​ករណី​ថ្មី​ជាង​ ១ ០០០​ ករណី​ជា​រៀង​រាល់​ថ្ងៃ។​ គិតត្រឹម​ខែ​នេះ​ តួ​លេខ​នេះ​បាន​ធ្លាក់​ចុះ​មក​ក្រោម​ ១០០​។ កោះ​បាលី​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យទេសចរណ៍​ ហើយ​ជំងឺ​រាត​ត្បាត​កូវីដ ១៩​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដល់​សេដ្ឋ​កិច្ច​របស់​ខ្លួន​។ អាជ្ញាធរ​សង្ឃឹមថា ​តាម​រយៈ​ការ​បើក​កោះ​នេះ​ឡើង​វិញ​ ជីវ​ភាព​រស់​នៅ​របស់​ប្រជាជន​ចំនួន​ ៤,៣ ​លាននាក់​អាច​នឹង​ប្រសើរ​ឡើង​៕

មឹង ច័ន្ទសុម៉ានីតា