សមាជិក​ម្នាក់​នៃ​ក្រុម​ជំនុំ​សាក្សី​ព្រះ​យេហូវ៉ា​ គឺលោក Yeo Zheng Ye បាន​ប្រកាន់ខ្ជាប់​យ៉ាងហ្មត់ចត់លើ​ការប្រាសចាក​ពី​អំពើហិង្សា​ហើយការប្រកាន់​ជំនឿ​នេះ​ហាមឃាត់​មិន​ឱ្យ​​កាន់​អាវុធ​ និង​ពី​ការ​ចូល​រួម​ជា​មួយ​អង្គការ​ណា​មួយ​ដែល​មានបំណង​ធ្វើ​សង្គ្រាម​។ នៅ​អាយុ ​២០ ​ឆ្នាំ ​រូបលោក ​Yeo ​បាន​បដិសេធ​មិន​ចូល​រួម​ក្នុង​សេវាកម្ម​យោធាដែល​​ជាកាតព្វកិច្ច​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ ​ហើយរូប​លោក​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​​។ លោក ​Yeo ​បាន​ជាប់​ពន្ធនាគារ​ជិត​ ៣ ឆ្នាំ​ គឺ​វែង​ជាង​កម្មវិធី​បណ្តុះ​បណ្តាល​កាតព្វកិច្ច​យោធា​​ជាតិ​ដែលមានរយៈពេល​​ត្រឹមតែ ២ ឆ្នាំតែ​ប៉ុណ្ណោះ​​។

ថ្វីដ្បិត​តែប្រទេស​​សិង្ហបុរី​ មិន​មាន​សង្រ្គាម​ជាមួយ​ប្រទេស​ណា​ក៏​ដោយ​ ប៉ុន្តែ​ការ​ចូលហ្វឹក​ហ្វឺន​ផ្នែក​​យោធា ​គឺ​ជា​កាតព្វកិច្ច​នៅ​ក្នុង​រដ្ឋ​សម្រាប់​ប្រជាពលរដ្ឋ​​បុរស​​ ដែល​មាន​រាង​កាយ​ និងសុខភាពល្អ​និង​អ្នក​រស់​នៅ​អចិន្ត្រៃយ៍​ជំនាន់​ទី២ នៅ​ពេល​ពួក​គេ​មាន​អាយុ ​១៨ ឆ្នាំ​។

ចាប់​តាំង​ពី​ឆ្នាំ ១៩៧០​ មក​ អ្នក​មកពី​ក្រុមសាសនា​ព្រះយេហូវ៉ា​​ ៦ នាក់ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅពន្ធនាគារ​យោធា​ជា​រៀង​រាល់​ឆ្នាំ​រួចមកហើយ។ សំណួរ​ជុំ​វិញ​តម្រូវ​ការ​ក្នុង​ការ​បញ្ជូន​អ្នក​ប្រឆាំង​ទៅពន្ធនាគារ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សភា​សិង្ហបុរី​ ក្នុង​ឱកាស​មួយ​ចំនួន​ផងដែរ​។ ប៉ុន្តែ​រដ្ឋ​មន្រ្តី​បាន​ទទូច​លើ​តម្រូវ​ការ​ សម្រាប់​គោល​នយោបាយ​ធ្វើ​ទាហាន​យ៉ាង​តឹង​រ៉ឹង​ដោយ​និយាយ​ថា៖ ​«សេវាកម្ម​ជាតិ​មានសារៈ​សំខាន់​ណាស់ ​ចំពោះ​សន្តិសុខ​ប្រទេស​តូច​មួយ​ដូច​ជា​សិង្ហបុរី​»។

លោក Matthias Yao Chih បាន​ប្រាប់​សភា​ក្នុង​ឆ្នាំ ១៩៩៨ ​កាល​លោក​នៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា៖​ «​គ្មាន​ជន​ជាតិ​សិង្ហបុរីមួយ​ណា​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លើក​យក​ហេតុ​ផល​ណា​មួយ​ ដើម្បី​លើកលែង​ខ្លួន​ឯង​ពី​ការ​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពា​រជាតិ​ឡើយ​ ព្រោះ​រាល់​ជន​ជាតិ​សិង្ហ​បុរី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សន្តិភាព ​និង​សន្តិសុខ​ដែល​សេវាកម្ម​ជាតិ​បាន​ជួយ​ធានា​»។

ក្រុម​សាក្សី​ព្រះយេហូវ៉ា​បាន​ស្នើសុំ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​នេះ​ ដោយ​ចង្អុល​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ឧទាហរណ៍​។ នៅ​ក្នុង​របត់​ដ៏​សំខាន់​មួយ​ នៅ​​ខែ​តុលានេះ​​ទីក្រុង​សេអ៊ូល​បាន​បញ្ឈប់​ការ​បញ្ជូន​សាក្សី​ព្រះ​យេហូវ៉ា​ ទៅ​ពន្ធនាគារ​ហើយ​បាន​ណែនាំ​គ្រោង​ការថ្មី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដែលប្រឆាំង​នឹង​ការចូល​បម្រើ​យោធា​ ដោយ​ផ្អែក​លើ​ជំនឿ​ ឬ​ហេតុ​ផល​ផ្ទាល់​ខ្លួន​ អាច​បម្រើ​ការ​ងារ​នៅ​ពន្ធ​នាគារ​ ៣ ​ឆ្នាំ​សង​ជំនួស​វិញ​៕

មឹង ច័ន្ទសុម៉ានីតា