ល្បឿន​នៃ​កំណើន​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់​អាមេរិក​ កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ខែ​កញ្ញា​ ដោយ​រក្សា​បាន​នៅ​កម្រិត​ខ្ពស់​បំផុត​រយៈ​ពេល​ ១៣​ ឆ្នាំ ​ដោយ​សារ​សម្ពាធ​អតិផរណា​នៅ​តែប​ន្ត​កើត​មាន​​ចំ​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ ទោះ​បីជា​​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាត​ត្បាត​មួយ​ចំនួន​បាន​ធូរ​ស្បើយ​ខ្លះ​ក៏​ដោយ​។​

​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ការងារ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់ ​(CPI) ​​កើន​ឡើង​ ៥,៤​ ភាគ​រយ​នៅ​ក្នុង​ខែ​កញ្ញា​ ធៀប​នឹង​ឆ្នាំ​មុន​ ​ដោយ​ខ្ពស់​ជាង​ការ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ដែល​​រាយការណ៍​ពី​ខែ​សីហា​បន្តិច​ ហើយ​ខ្ពស់​ជាង​ការ​ព្យាករ​របស់​អ្នក​វិភាគ​ ០,១​ ភាគ​រយ​។​

ជា​រៀង​រាល់​ខែ​តម្លៃ​​កើន​ឡើង​ ០,៤​ ភាគ​រយ​ ដោយ​កើន​​​ពី​កំណើន​ ០,៣ ​ភាគ​រយ​នៅក្នុ​ង​រយៈ​ពេល​មុន​។​ CPI​ ស្នូល​​ដែល​​មិន​​រាប់​បញ្ចូល​​តម្លៃ​​អាហារ​ និង​​ថាមពល​​ កើន​ឡើង​ ០,២​ ភាគ​រយ​ចាប់​ពី​ខែ​សីហា​។​ តួ​​លេខ​នេះ​ប្រៀប​ធៀប​ទៅ​នឹង​ការ​កើនឡើ​ង​ពី​ ១ ខែ​ទៅ​ ១ ​ខែ​ ចំនួន​ ០,១​ ភាគ​រយ​ និង​រក្សា​បាន​នូវ​ល្បឿន​ប្រចាំ​ឆ្នាំ​ ៤ ​ភាគ​រយ​។​

ចំណែក​ឯ​តម្លៃ​ម្ហូប​អាហារ​វិញ​កើន​ឡើង​ ០,៩​ ភាគ​រយ​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​ខែ​កញ្ញា ​ខណៈ​​ដែល​តម្លៃ​ថាមពល​​កើន​ឡើង​ ១,៣​ ភាគ​រយ​​សម្រាប់​ខែ​ដូច​គ្នា ​និង​កើន​ឡើង​ ២៤,៨​ ភាគ​រយ​សម្រាប់​ឆ្នាំ​នេះ​។​

​លោក​ Peter ​Tchir​ អ្នក​យុទ្ធសាស្រ្ត​ម៉ាក្រូ​សកល​នៅ ​Academy ​Securities ​និយាយ​ថា​៖ ​«​អតិផរណា​ គឺ​នៅ​ទីនេះ​ហើយ​ ដោយ​វា​នឹង​មិន​ថយ​ចុះ​ទេ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»​។​

​​អ្នក​សេដ្ឋកិច្ច​ និង​អ្នក​តាក់​តែង​គោល​នយោបាយ​​ជជែក​វែកញែក​គ្នា​អំពី​វិសាល​ភាព​ដែល​ការ​ដំឡើង​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​បន្ត​នឹង​ផ្លាស់​ប្តូរ​ទៅ​ជា​អតិផរណា​បន្ត​​ ដែល​​រាល​ដាល​លើស​ពី​វិស័យ​ដូច​ជា​រថយន្ត​ប្រើ​ប្រាស់​​ និង​ការ​ធ្វើដំ​ណើរ​ជា​ដើម​​​។ ​

​ខណៈ​​ដែល​ប្រធាន​ធនាគារ​កណ្តាល​លោក ​Jay Powell ​ប្រកាន់​ទស្សនៈ​របស់​លោក​ថា ​សម្ពាធ​អតិផរណា​នឹង​ថយ​ចុះ​តាម​ពេល​វេលា ​លោក​ក៏​បាន​ទទួល​ស្គាល់​កាល​ពី​ខែ​មុន​ថា​ ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ជាប់​គាំង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ដែល​​​ធ្វើ​ឱ្យ​សម្ពាធ​តម្លៃ​បន្ត​កើន​ឡើង​ បាន​ធ្វើ​ឱ្យ​ធនាគារ​កណ្តាល​អាមេរិក​ភ្ញាក់​ផ្អើល​។​

លោក​ក៏​បាន​សារភាព​ថា​ វា​ហាក់​ដូច​ជា​កាន់​តែ​​អាក្រក់​ទៅ​ៗហើយ​។​

​ការ​ព្រមាន​របស់​លោក​ត្រូវ​បាន​លោក​ស្រី​ Gita Gopinath​ ប្រធាន​សេដ្ឋវិទូ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​ បន្លឺ​​ឡើង​ដែរ​ថា​ ធនាគារ​កណ្តាល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នៅ​ពេល​មាន​ហានិភ័យ​អតិផរណា​៕

ហួន​​ ឌីណា​