កោះ​តៃវ៉ាន់​នឹង​ចាត់​វិធានការ​កាន់​តែ​ក្ដៅ ប្រសិន​បើ​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ចូល​មក​កាន់​តែ​ជិត។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ដាក់​ជូន​សភា​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យ៉ាងណាមិញបើ​តាម​របាយការណ៍​ខាង​លើខាង​ក្រសួង​ការពារ​ជាតិ​ មិន​បាន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​ជាក់លាក់​ណា​មួយ​ទៅ​កាន់​សភា​នោះ​ទេ។

កងទ័ព​ចិន​ដី​គោក​កន្លង​មក ជាពិសេស​កាល​ពី​ដើម​ខែ​តុលា​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​ចូល​ដែន​អាកាស​របស់​តៃវ៉ាន់ដោយ​ភាគ​ច្រើន​ហោះ​ចូល​ក្នុង​តំបន់​ដែល​ក្បែរ​នឹង​ឆ្នេរ​សមុទ្រ​របស់​ចិន​ដី​គោក។ លុះ​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ចិន​បានហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន​ហាក់​ដូច​ជា​​ខ្លាំង​ជាង​រាល់​ដង។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​ប្រាប់​សភា​បន្ថែម​ថា ខ្លួន​មាន​ក្ដី​ព្រួយបារម្ភ​ខណៈ​ពេល​ដែល​ចិន​ដី​គោក​មាន​អានុភាព​យោធា​កាន់​តែ​ខ្លាំងដោយ​មាន​នាវា​ចម្បាំង​ផ្ទុក​យន្តហោះ​ថ្មីៗ និង​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផង​ដែរ។លើស​ពី​នេះ​ទៀត សមត្ថភាព​របស់​យោធា​ចិន​អាចធ្វើ​ការ​រាំង​ខ្ទប់​ដល់​ច្រក​សមុទ្រ​តៃវ៉ាន់​ទាំង​មូល។

ចិន​ដី​គោក​តែងតែ​ប្រកាស​ថា កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួនហើយ​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ​នេះ​ គឺដើម្បី​តែ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៕

ហ៊ីម រដ្ឋា