វិបត្តិ​កង្វះ​ថាមពល​អគ្គិសនី​នៅ​​ប្រទេស​ចិន​ ​ចាប់​ផ្ដើម​កាល​ពី​ខែ​មុន គឺ​កំពុង​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ចង្វាក់​ផលិត​កម្ម​តាម​រោងចក្រ និង​សិប្បកម្ម​នានា​ ហើយ​វា​កំពុង​សាកល្បង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ជា​អ្នក​ផលិត​​ផលិត​ផល​នានា​អាច​ជឿ​ទុក​ចិត្ត​បាន​ជាង​គេ​ក្នុង​ពិភពលោក​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​ តម្លៃ​ធ្យូង​ថ្ម​ខ្ពស់​ ការ​កើន​ឡើង​តម្រូវ​ការ​បន្ទាប់​ពី​ការ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​គោលនយោបាយ​ថាមពល​ដែល​​មាន​លក្ខណៈ​ផ្ទុយ​គ្នា បាន​រួម​ចំណែក​ដល់​ការ​ខ្វះ​ខាត​។

កាល​ពី​ថ្ងៃ​ពុធ​​ ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​នេះ​បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​ប្រកាស​វិធានការ​ប្រញាប់​ប្រញាល់​បង្កើន​ការ​ជីក និង​ដុត​រ៉ែ​ធ្យូង​ថ្ម​នៅ​ទូទាំង​ប្រទេស​ បើ​ទោះ​បី​ជា​មាន​ការ​សន្យា​កន្លងមក​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​ដោយ​។

អណ្ដូង​រ៉ែ​ដែល​ត្រូវ​បាន​បិទ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​បញ្ជា​ឱ្យ​បើក​ឡើង​វិញ​។ អណ្តូង​រ៉ែ​ផលិត​ធ្យូង​ថ្ម​ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម ដែល​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួសជុល​ក៏​នឹង​ត្រូវ​បើក​ឡើង​វិញ​ដែរ​។ ការ​លើក​ទឹក​ចិត្តខាង​​ពន្ធ​កំពុង​ត្រូវ​បាន​ព្រាង​សម្រាប់​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​។ និយតករ​បាន​បញ្ជា​ឱ្យ​ធនាគារ​ចិន​ផ្ដល់​ប្រាក់​កម្ចី​ច្រើន​ដល់​វិស័យ​ធ្យូង​ថ្ម។ រដ្ឋបាល​មូលដ្ឋាន​ត្រូវ​បាន​គេ​ព្រមាន​ឱ្យ​ប្រយ័ត្ន​ប្រយែង​បន្ថែម​ទៀត​អំពី​ដែន​កំណត់​នៃ​ការ​ប្រើប្រាស់​ថាមពល​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​។

ទិន្នន័យ​គយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បានបង្ហាញ​ថា ​ប្រទេស​ចិន​ បាន​នាំ​ចូល​ធ្យូង​ថ្ម​ចំនួន ៣២,៩ លាន​តោន​នៅ​ក្នុង​ខែ​កញ្ញា ពោល​គឺ​កើន​ជាង ៧៦ ភាគរយ ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​បាន​កើន​ដល់​​ ១០,៦ លាន​តោន​ ដែល​ជា​ការ​កើន​ឡើង ២៣ ភាគរយ​ក្នុង​អំឡុង​ពេល​ដដែល​។

«យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការ​ផលិត និង​ការ​ផ្គត់ផ្គង់​ធ្យូងថ្ម​» លោក ​ចាវ ចេនស៊ីន អគ្គលេខាធិការ​នៃ​គណៈកម្មការ​អភិវឌ្ឍ​ន៍ និង​កំណែ​ទម្រង់​ជាតិ ដែល​ជា​ទីភ្នាក់ងារ​រៀប​ចំ​ផែនការ​សេដ្ឋកិច្ច​កំពូល​របស់​ប្រទេស​ចិន បាន​និយាយ​បែប​នេះ​។

កង្វះ​អគ្គិសនី​របស់​ចិន​អាច​ចោទ​ជា​សំណួរ​ថា​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​តើ​ទីក្រុង​ប៉េកាំង​អាច​ផ្ដល់​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ដែល​ប្រជាជន​ចិន​រំពឹង​ទុក បានដែរឬទេ?​។

ការ​ដាច់​ចរន្ត​អគ្គិសនី ក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​យុទ្ធសាស្ត្រ​មួយ​របស់​ចិន​ផង​ដែរ។ ឥឡូវ​នេះ​ប្រទេស​ចិន​មាន​តម្រូវ​ការ​អគ្គិសនី​ដ៏​ធំ​ ដែល​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ​កាន់​តែ​ត្រូវ​ការ​ច្រើន​ជាង​មុន​។ បន្ថែម​ពី​លើ​នេះ​ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ ដោយ​សារ​ការ​រំពឹង​ទៅ​លើ​រ៉ែ​ធ្យូង​ថ្ម​។

ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច ប្រទេស​ចិន​បាន​រំពឹង​ឧស្សាហកម្ម​ចំណាយ​ថាមពល​ច្រើន​ ដូចជា​រោង​ចក្រ​ចម្រាញ់​ដែក រោងចក្រ​ស៊ីម៉ងត៍​ និង​រោងចក្រ​គីមី​។ ខណៈ​ពេល​ដែល​រោងចក្រ​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ឧស្សាហកម្ម​ទាំង​នេះ​បាន​កាត់​បន្ថយ​ភាព​ខ្ជះខ្ជាយ ​បើ​ប្រៀបធៀប​ទៅ​នឹង​រោង​ចក្រ​នៅ​អាមេរិក​ ការ​គ្រប់គ្រង​តម្លៃ​ជា​ច្រើន​ឆ្នាំ​ដោយ​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ដទៃ​ទៀត និង​ម្ចាស់​ផ្ទះ​ភាគ​ច្រើន​មិន​ធ្វើ​ការ​កែ​លម្អ​ដើម្បី​កាត់​បន្ថយ​ភាព​ខ្ជះខ្ជាយ​ថាមពល​ឡើយ។

ខណៈ​ពេល​ដែល​រដូវ​រងា​កាន់​តែ​ខិតមក​ជិត​ តម្រូវ​ការ​ថាមពល​តាម​គេហដ្ឋាន​នឹង​កើន​ឡើង​ ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង​ប្រឈម​នឹង​ជម្រើស​ដ៏​លំបាក​ ថាតើ​គួរ​អនុញ្ញាត​ឱ្យ​រោងចក្រ​ដំណើរ​ការ​ពេញលេញ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពិភព​លោក ដែល​កំពុង​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ ១៩ ឬយ៉ាងណា?​។

ការ​ដាក់​កំណត់​លើ​ការ​ប្រើប្រាស់​អគ្គិសនី​កាល​ពី​ចុង​ខែ​មុន​ ហាក់​បី​ដូចជា​បាន​ជួយ​បន្ធូរ​បន្ថយ​វិបត្តិ​នេះ​ ប៉ុន្តែ​គេ​រំពឹង​ថា​ តម្រូវ​ការ​ថាមពល​ដោយ​សារ​រដូវ​រងា​នឹង​ចាប់​ផ្ដើម​កើន​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ​សម្រាប់​តំបន់​ភាគ​ខាង​ជើង​ ហើយ​នៅ​ខែ​ក្រោយ​សម្រាប់​តំបន់​ភាគកណ្ដាល​។

ប្រទេស​ចិន​បាន​និង​កំពុង​ពង្រីក​យ៉ាង​ឆាប់​រហ័ស​ទៅ​លើការ​ប្រើប្រាស់​ប្រភព​ថាមពល​ដទៃ​ទៀត​ដូចជា​ឧស្ម័ន​ធម្មជាតិ​ បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ តួប៊ីន​ខ្យល់ និង​ទំនប់​វារី​អគ្គិសនី។ ប៉ុន្តែ​​ប្រទេស​ចិន​ នៅ​តែ​មិន​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ។ សូម្បី​តែ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ថាមពល​បៃតង​អាច​មាន​តម្រូវការ​ថាមពល​យ៉ាង​ច្រើន​ផង​ដែរ​ ពោល​គឺ​បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​របស់​ប្រទេស​នេះ ក៏​បាន​បង្កើន​ថ្លៃ​ដើម​ផលិត​បន្ទះ​សូឡា​ផងដែរ។

សម្រាប់​ពេល​នេះ​ប្រទេស​ចិន​ កំពុង​បង្កើន​ការ​ប្រើប្រាស់​ធ្យូង​ថ្ម ​តិច​ជាង​ ១ ​ខែ​ក្រោយ​ពី​មេដឹកនាំ​ពិភពលោក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង Glasgow ដើម្បី​ពិភាក្សា​អំពី​ការ​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។

រហូត​ដល់​ពេល​មាន​ថាមពល​គ្រប់គ្រាន់ រោងចក្រ​របស់​ចិន​ប្រឈម​នឹង​ការ​ឈប់​ដំណើរ​ការ​ដែល​មិន​អាច​រំពឹង​ទុក​ជា​មុនបាន ហើយ​អាច​បង្ក​អស្ថិរភាព​យ៉ាង​ខ្លាំង​។ រោងចក្រ​នៅក្នុង​ប្រទេស​ចិន​ប្រើប្រាស់​អគ្គិសនី​ច្រើន​ជាង​ទ្វេដង​នៃ​ផ្នែក​ដទៃ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស៕