
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង។ រូបថត AFP
ពិភពមួយដែលបែកខ្ញែកជា ២ ផ្នែក គឺកំពុងលេចចេញជារូបរាង ខណៈពេលដែលការប្រកួតប្រជែងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានគ្របដណ្ដប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃនយោបាយអន្តរជាតិ។ គេសង្កេតឃើញភាពបែកខ្ញែកបែបនេះ តែងតែបង្កឱ្យមានអរិភាពរវាងក្រុមមនោគមន៍វិជ្ជាខុសគ្នា និងជំរុញឱ្យមានការបង្កើតសម្ព័ន្ធភាព ឬប្លុកដើម្បីប្រជែងគ្នាបន្ថែមទៀត ហើយធ្វើឱ្យមានការប្រៀបធៀបទៅនឹងសង្គ្រាមត្រជាក់រាប់ទសវត្សរ៍ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។
សេតវិមាន បានព្យាយាមបំបាត់ការប្រៀបធៀបនេះ ប៉ុន្តែពួកគេបានទទួលស្គាល់ថា ប្រទេសចិន កំពុងលេចចេញជាសត្រូវយុទ្ធសាស្ត្រ ធំជាងសហភាពសូវៀតទៅទៀត ជាការគំរាមកំហែងបច្ចេកវិទ្យា និងយោធា និងជាគូប្រជែងខាងសេដ្ឋកិច្ច។ ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងនៅអង្គការសហប្រជាជាតិថា «យើងមិនស្វែងរកសង្គ្រាមត្រជាក់ថ្មី ឬពិភពលោកដែលបែងចែកជាប្លុកទេ» លោកនៅតែបន្តនិយាយថា ការប្រកួតប្រជែងជាមួយរវាងអាមេរិក និងចិន គឺជាការតស៊ូរវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្ដាច់ការ ហើយបានបង្កើនការរិះគន់ជាសាធារណៈចំពោះការរំលោភសិទ្ធិមនុស្សរបស់ចិន និងប្រឆាំងគ្រប់សកម្មភាពរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋាភិបាលដែលធ្លាក់ចូលក្នុងផ្នត់គំនិតសង្គ្រាមត្រជាក់ អាចនិយាយបំផ្លើសរាល់ជម្លោះ ហើយតែងតែជឿជាក់ថា ពួកគេ គឺជាផ្នែកមួយនៃការតស៊ូដ៏ធំ។ ពួកគេអាចខកខានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ ដូចដែលសហរដ្ឋអាមេរិក និងចិន មិនបានធ្វើក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយឥឡូវនេះ អាចមិនចូលរួមសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ។
ចម្លើយសម្រាប់សំណួរដែលថា តើសង្គ្រាមត្រជាក់បានចាប់ផ្ដើមហើយឬនៅនោះ គឺវាកំពុងលាក់ខ្លួនក្នុងភាពតានតឹង ដែលកំពុងកើនឡើងរវាងប្រទេសទាំង ២ ជុំវិញសេដ្ឋកិច្ច ការប្រកួតប្រជែងបច្ចេកវិទ្យា និងសកម្មភាពយោធានៅក្រោមសមុទ្រ នៅលើអវកាស និងនៅក្នុងបណ្ដាញុអ៊ីនធឺណិត។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺពោរពេញទៅដោយសកម្មភាពស្រដៀងទៅនឹងឥរិយាបថចាស់ៗនៃសង្គ្រាមត្រជាក់។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសសម្ព័ន្ធភាព AUKUS ដើម្បីចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ជាមួយប្រទេសអូស្ត្រាលី ដែលបង្កើនការគំរាមកំហែងដល់ឆ្នេរសមុទ្រចិន ពីនាវាមួយដែលពិបាកតាមដាន។ ពេលវេលាចុងក្រោយដែលសហរដ្ឋអាមេរិក បានចែករំលែកបច្ចេកវិទ្យាប្រភេទនោះ គឺនៅឆ្នាំ ១៩៥៨ ដោយកាលនោះ អង់គ្លេសបានទទួលបច្ចេកវិទ្យា នេះដើម្បីប្រឆាំងសហភាពសូវៀត។
រីឯប្រទេសចិនវិញ បានបង្កើនបេសកកម្មយោធា ហោះចូលដែនអាកាសរបស់កោះតៃវ៉ាន់ ពង្រីកកម្មវិធីអវកាស ដើម្បីប្រជែងជាមួយអាមេរិក ហើយបានពន្លឿនកម្មវិធីមីស៊ីលជំនាន់ថ្មីដែលមានសមត្ថភាពវាយប្រហារប្រព័ន្ធការពាររបស់អាមេរិក។
រូបភាពថតពីផ្កាយរណបបង្ហាញឱ្យឃើញពីការដ្ឋានរាប់រយកន្លែង ដែលមានរូបរាងជារណ្ដៅមូលនៅលើវាលខ្សាច់នៃតំបន់ស៊ីនជាំង ប្រទេសចិន។ អ្នកវិភាគជាច្រើនបាននិយាយថា ការដ្ឋានទាំងនេះ គឺជារណ្ដៅសម្រាប់ស្តុក និងបាញ់មីស៊ីលបាញ់ផ្លោងចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ។ ក្រុងប៉េកាំងមិនបានបញ្ជាក់ ឬច្រានចោលការចោទប្រកាន់នេះទេ។ ប្រសិនរណ្ដៅទាំងនេះ ពិតជាសម្រាប់មីស៊ីលនុយក្លេអ៊ែរមែន នេះមានន័យថា ប្រទេសចិន បានផ្លាស់ប្ដូរគោលនយោបាយ ហើយបានបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ស្របពេលជាមួយគ្នានេះ ប្រទេសកាណាដា បានដោះលែងនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ហើយប្រទេសចិន បានដោះលែងជនជាតិកាណាដា ២ រូប និងអាមេរិក ២ រូប ដែលត្រូវបានគេមើលឃើញថា មានលក្ខណៈ ស្រដៀងនឹងការដោះដូរអ្នកទោស កាលពីសម័យសង្គ្រាមត្រជាក់។
តែបើទោះជាយ៉ាងនេះក៏ដោយ ក៏ពិភពលោករបស់យើង នៅមិនទាន់បែកខ្ញែកជា ២ ដូចកាលពីសង្គ្រាមត្រជាក់ទេ។ ទំនាក់ទំនងដ៏ស្មុគស្មាញរវាងប្រទេសទាំង ២ គឺនៅតភ្ជាប់ដោយការធ្វើពាណិជ្ជកម្មដ៏ធំ រវាងសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក។ អំណាចទាំង២ មិនទំនងនឹងបង្កសង្គ្រាមដោយខ្លួនឯងទេ ប៉ុន្តែការដើរខុសជំហាន ដោយភាគីណាមួយ អាចបង្កឱ្យមានភាពតានតឹងកើនឡើង និងជម្លោះដោយហិង្សា៕