កាលពីថ្ងៃអង្គារ ទី ១៨ តុលា ប្រធានសហភាពអ៊ឺរ៉ុប បានប្រកាសថាវ៉ាក់សាំងកាពារកូវីដ ១៩ ចំនួនជាង ១ ពាន់លានដូស ត្រូវបាននាំចេញក្នុងរយៈពេល ១០ ខែចុងក្រោយនេះ។ បណ្តាប្រទេស G20 បានសន្យាថា ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងប្រព្រឹត្តទៅដោយភាពត្រឹមត្រូវជាងមុន បន្ទាប់ពីប្រធានអង្គការពាណិជ្ជកម្មពិភពលោកលោក Ngozi Okonjo-Iweala បានចង្អុលបង្ហាញកាលពីដើមខែនេះថា វ៉ាក់សាំងការពារកូវីដ ១៩ ជាង ៦ ពាន់លានដូស ដែលត្រូវបាននាំចេញទៅទូទាំងពិភពលោកមានតែ ១,៤ ភាគរយប៉ុណ្ណោះ បានទៅដល់ប្រទេសក្រីក្រ។
សហភាពអឺរ៉ុបបានដាក់ចេញនូវយន្តការត្រួតពិនិត្យការនាំចេញវ៉ាក់សាំង ដែលត្រូវបញ្ជូនទៅក្រៅប្រទេសត្រូវមានការយល់ព្រមជាមុនពីទីក្រុងប្រ៊ុចសែល និងរដ្ឋជាសមាជិក។
គួរបញ្ជាក់ផងដែរថា ចំពោះការនាំចេញវ៉ាក់សាំងនេះមានតែការដឹកជញ្ជូនមួយប៉ុណ្ណោះ ដែលមានផ្ទុកវ៉ាក់សាំងការពារកូវីដ ១៩ ប្រភេទ Astrazeneca ចំនួន ២៥ ម៉ឺនដូសសម្រាប់ប្រទេសអូស្ត្រាលី ត្រូវបានរារាំងកាលពីខែមេសា។
លោកស្រី Von der Leyen បាននិយាយថា៖ «យើងតែងតែចែករំលែកវ៉ាក់សាំងការពារកូវីដ ១៩ របស់យើងដោយយុត្តិធម៌ជាមួយពិភពលោកទាំងមូល។ យើងបាននាំចេញវ៉ាក់សាំងការពារកូវីដ ១៩ ស្មើនឹងបរិមាណដែលយើងផ្តល់ទៅប្រជាពលរដ្ឋក្នុងសហភាពអឺរ៉ុប»។
លោកស្រីបាននិយាយបន្ថែមថា សហភាពអឺរ៉ុប និងប្រធានាធិបតីអាមេរិក លោក Joe Biden មានបំណងកំណត់ការចែកចាយវ៉ាក់សាំងជាសកលប្រមាណ ៧០ភាគរយនៅត្រឹមឆ្នាំក្រោយ។
លោកស្រី Von der Leyen ប្រធានសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបជាអ្នកនាំចេញវ៉ាក់សាំងការពារកូវីដ ១៩ ធំជាងគេ។ វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៨៧ លានដូស ត្រូវបាននាំចេញតាមរយៈគម្រោង COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកទៅកាន់ប្រទេសដែលមានចំណូលមធ្យម និងទាប។
ការនាំចេញភាគច្រើន គឺជាការបញ្ជាទិញដែលបង់ប្រាក់ដោយប្រទេសផ្សេងទៀតចំពោះវ៉ាក់សាំងការពារកូវីដ ១៩ ដែលផលិតនៅសហភាពអឺរ៉ុប៕