រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ​ខ្លួន​នឹង​ដោះ​លែង​អ្នក​ទោស​ជាង ៥ ០០០ នាក់​ ដែលបានជាប់​គុក​ដោយ​សារ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​កាលពី​ខែ​កុម្ភៈ​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេលធ្វើ​បាតុកម្ម​បង្ហូរ​ឈាម​ បន្ទាប់​ពី​មេ​ដឹក​នាំ​យោធា​ដណ្តើម​អំណាច​។ មេ​ដឹក​នាំ​ធ្វើ​រដ្ឋ​ប្រហារ​ លោក ​មីន​ អ៊ុង​ឡាំង​ បាន​និយាយ​ថា ​អ្នក​ទោស​ចំនួន ៥ ៦៣៦ នាក់ នឹង​ត្រូវ​ដោះ​លែង​ដោយ​ហេតុ​ផល​មនុស្ស​ធម៌​។

វាបាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ឧត្តម​សេនីយ៍​ លោក​ មីន​ អ៊ុង​ឡាំង ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ របស់​មេ​ដឹក​នាំ​តំបន់​ដែល​បាន​និយាយ​ថា​ យោធាមិ​ន​បាន​ធ្វើ ​និង​បំពេញ​កាតព្វកិច្ច​គ្រប់​គ្រាន់ ដើម្បី​បញ្ចប់​ភាព​ចលាចល​ក្នុង​ប្រទេស​នោះ​ទេ​។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន) បាន​យល់ព្រម​អញ្ជើញ​អ្នក​តំណាង​​ដែល​មិន​មែន​ជា​អ្នក​នយោបាយ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ មក​ជំនួស​លោកឧត្តម​សេនីយ៍​ អ៊ុងឡាំង។ មនុស្ស​យ៉ាង​តិច​ ១ ១៧៨ នាក់ ​ត្រូវ​បាន​គេ​សម្លាប់​ និង​មានជាង​ ៧​ ៣៥៥ នាក់​ ត្រូវ​បាន​ចាប់​ខ្លួនដោយ​សារ​បទ​ចោទ​ប្រកាន់ ​ឬ​ផ្តន្ទាទោស​ក្នុង​អំឡុង​ពេល​បង្រ្កាប​ការ​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​លោកស្រី​ អ៊ុង​សាន​ ស៊ូជី ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច។ ​នេះ​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោសនយោបាយ​។

ឧត្តមសេនីយ៍​រូប​នេះ​បាន​និយាយ​ថា​ អ្នក​ទោស​នឹង​ត្រូវ​បាន​ដោះ​លែង​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។ ​នេះ​ គឺ​ជា​សម្បទាន​ដ៏​សំខាន់​បំផុត​ដែលធ្វើ​ឡើង​ដោយ​ឧត្តមសេនីយ៍​មីយ៉ាន់ម៉ា​រូបនេះ ​ចាប់​តាំង​ពី​ពួក​គេ​បាន​ដណ្តើម​អំណាច​កាល​ពី​ ៨ ខែមុន​។ ហើយវា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ការ​បន្ធូរ​បន្ថយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​មាន​ភាព​អាម៉ាស់ផ្នែ​កការទូត ​​គឺ​លោកត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដ៏​ធំ​បំផុត​របស់​តំបន់​ដោយ​អាស៊ាន​មិន​ធ្លាប់មាន​ វិធាន​ការ​ខ្លាំង​ក្លា​បែប​នេះ​ឡើយ ​ចំពោះ​ប្រទេស​ជា​សមាជិ​ក៕

មឹង ច័ន្ទសុម៉ានីតា