​មន្ទីរ​សុខាភិបាល​សាធារណៈ​ និង​មូលដ្ឋាន​ទូទាំង​សហរដ្ឋ​អា​មេ​​រិ​ក មិន​ត្រឹមតែ​ត្រូវ​ប្រឈម​នឹង​ការ​ជះ​កំហឹង​ពី​សាធារណជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​ប្រឈម​នឹង​ការរីក​រាលដាល​ក្នុងចំណោម​បុគ្គលិក ភាព​ហត់នឿយ ការបញ្ឈប់​បុគ្គលិក ការផ្តល់​មូល​និ​ធិ​មិន​ទៀងទាត់ និង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​សិទ្ធិអំណាច​របស់​មន្ត្រី​សុខាភិបាល​ក្នុង​ការដាក់​បញ្ហា​សុខភាព ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​តាំងពី​ដំណាក់​​កាល​ដំបូង​។

​ខណៈពេលដែល​មេរោគ​នេះ​បានសម្លាប់​មនុស្ស​ជាង ៧០​ ម៉ឺន​នាក់​ នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​នោះ គ្រោះ​​ថ្នាក់ ​១ ​ទៀត ​ដែល​មើលមិនឃើញ គឺ​ការធ្លាក់ចុះ​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស​នេះ​។

​បញ្ហា​កង្វះខាត​ថវិកា​គឺជា​រឿង​ម្យ៉ាង ប៉ុន្តែ​ការមិន​អើពើ​លើ​គ្រោះ​​ថ្នាក់​នៃ​ជំងឺ​កូ​វីដ សូម្បីតែ​មុនពេល​មាន​ជំងឺ​រាតត្បាត​នោះ បានធ្វើឱ្យ​សុខភាព​សាធារណៈ​នៅក្នុង​ប្រ​ទេស​នេះ​កាន់តែ​ដុនដាប​បន្ថែមទៀត តាមរបៀប​មួយ ដែល​អាច​នឹង​បន្សល់​រហូតដល់​រាប់​ទស​​វត្សរ៍​ខាងមុខ​ទៀត​។

​ការពិនិត្យ​ឡើងវិញរ​ប​ស់កា​សែត The New York Times ​លើ​នាយកដ្ឋាន​សុខាភិបាល​រាប់​​រយ​នៅក្នុង​រដ្ឋ​ទាំង ​៥០ បាន​បង្ហាញថា សុខភាព​សាធារណៈ​ក្នុង​តំបន់​ទូទាំងប្រទេស​មិនសូវមាន​ឧ​ប​ករ​ណ៍​គ្រប់គ្រាន់ ដើម្បី​ប្រឈម​​មុខ​នឹង​ជំងឺ​រាតត្បាត​សម្រាប់​ពេល​ឥឡូវនេះ​ទេ បើ​ធៀប​ទៅនឹង​ដើមឆ្នាំ​ ២០២០​។​

​លោកស្រី Adriane Casalotti ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​រដ្ឋាភិបាល​នៃ​សមាគមជាតិ និង​មន្ត្រី​សុខភាព​ទីក្រុង បាន​និ​យាយ​ថា​៖ «​យើង​បាន​រៀន​អំពី​មេរៀន​ខុស​ទាំង​អស់ពី​ជំងឺ​រា​ត​ត្បា​ត យើង​កំពុង​វាយប្រហារ ​និង​ដកហូត​សិទ្ធិអំណាច​ពី​ប្រជា​​ជន ដែល​កំពុង​ព្យាយាម​ការពារ​យើង​»​។​

​កាសែត​ដដែល​នេះ​ បាន​សម្ភាស​មន្ត្រី​សុខភាព​ក្នុងស្រុក​ជាង ១៤០ ​នាក់ អ្នកជំនាញ​សុខភាព​សាធារណៈ និង​អ្នកតាក់តែង​ច្បាប់ ហើយ​បាន​ពិនិត្យ​ច្បាប់​រដ្ឋ​ថ្មី វិភាគ​ឯកសារ​រដ្ឋាភិបាល​ក្នុង​តំបន់ និង​បញ្ជូន​ការស្ទង់មតិ​ទៅគ្រប់​មន្ទីរ​សុខាភិបាល​ស្រុក​នៅក្នុង​ប្រទេស​។ ក្នុងនោះ​នាយកដ្ឋាន​ស្ទើរ​ ៣០០ បាន​ឆ្លើយតប ដោយ​ពិភាក្សា​អំពី​កង្វល់​របស់​ពួកគេ​ចំពោះ​ការផ្តល់​មូលនិធិ​រយៈពេល​វែង​បុគ្គលិក​សិទ្ធិអំណាច និង​ការគាំទ្រ​សហគមន៍​។​

​លទ្ធផលបាន​បង្ហាញថា ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ បានឃើញ​ការបណ្តេញ​បុគ្គលិក​ចេញ​យ៉ាងច្រើន ដែល​ភាគច្រើន​ហត់នឿយ និង​ខូចចិត្ត ១ ​ផ្នែក​ដោយសារ​ការរំលោភ​បំពាន និង​ការគំរាមកំហែង​ផ្សេងៗ​។ នាយកដ្ឋាន​រាប់សិប​បាន​រាយ​ការណ៍​ថា ពួកគេ​មិនមាន​បុគ្គលិក​ទាល់តែសោះ ប៉ុន្តែ​បែរជា​បាត់​បង់​បុគ្គលិក​ថែម​ទៅវិញ​។ បុគ្គលិក​ប្រហែល ១៣០​ នាក់ បាន​និ​យាយ​ថា ពួកគេ​មិនមាន​មនុស្ស​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​តាមដាន​ទំនាក់ទំនង​ដែលជា​ឧបករណ៍​សំខាន់បំផុត​មួយ​សម្រាប់​កំណត់​ការរីក​រាលដាល​នៃ​មេរោគ​។

​កាសែត​ដដែល​ក៏បាន​រកឃើញថា មន្ត្រី​សុខាភិបាល​កំពូល​ជាង ៥០០​ នាក់​ បាន​ចាក​ចេញពី​ការងារ​ក្នុង​រយៈពេល ១៩ ​ខែ​ចុងក្រោយ​នេះ​។​

​បន្ថែម​ពីនេះ រដ្ឋាភិបាល​សហ​​ព័ន្ធត្រូវ​ផ្ដល់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ដល់​សុខភាព​សាធារណៈ ប៉ុន្តែ​ភាគច្រើន​នៃ​ថវិកា​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ទប់​ទល់នឹង​គ្រាអាសន្ន​ជាជាង​ជួល​បុគ្គ​លិ​ក​អចិ​ន្រៃ្ត​យ៍ ឬ​បង្កើន​សមត្ថ​​ភាព​ទប់ទល់​ការរីក​រាលដាល​រយៈពេល​វែង​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងអំឡុង​​ពេល​មាន​ជំងឺ​រាតត្បាត រដ្ឋា​ភិ​​បាល​សហព័ន្ធ​បាន​រកលុយ​បាន​រាប់សិប​ពាន់​លាន​ដុល្លារ ​ដើម្បី​ជំរុញ​ការធ្វើ​តេស្ត​ការតាមដាន​វីរុស និង​ការចាក់​វ៉ាក់សាំង​។ កាលពី​ខែឧសភា កន្លងទៅ រដ្ឋ​​បាល​លោក​ បៃ​ដិ​ន ​បានប្រកាសថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន​ ៧,៤​ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ពី​កញ្ចប់​ជំរុញ​សេដ្ឋ​​កិច្ច​កូ​វីដ ​១៩ ដើម្បី​បណ្តុះបណ្តាល​និង​ជ្រើសរើស​បុគ្គលិក​សុខា​ភិ​​បាល​សាធារណៈ​។​

​ប៉ុន្តែ​នាយកដ្ឋាន​ភាគច្រើន​ដែល​ឆ្លើយតប​ទៅនឹង​ការ​ស្ទង់​​មតិ​របស់ The Times បាន​និយាយថា ពួកគេ​ព្រួយបារម្ភ​អំពី​កម្រិត​ថវិកា​នេះ ដោយសារ​ចំនួន​ថវិកា​មានការ​ថយចុះ​ ឬ​ស្មើនឹង​មុនពេល​មាន​ជំងឺ​រា​ត​​ត្បា​ត​។ មន្ត្រី​នាយកដ្ឋាន ១២​ នាក់ ​បាន​និយាយថា ថវិកា​របស់​ពួកគេ គឺ​ដូចគ្នា​ ឬ​តិចជាង​ពេល​ទើប​ចាប់ផ្ដើម​មាន​ជំងឺ​ទៅទៀត​។

​ការធ្លាក់ចុះ​នូវ​ប្រព័ន្ធ​សុខភាព​សាធារណៈ​នេះ អាចមាន​ផល​​ប៉ះពាល់​យូរអង្វែង បើទោះបី​​ជា​ជំងឺ​រាតត្បាត​ចប់​ក៏ដោយ​។ ​នាយកដ្ឋាន​ជាង ​២២០ បាន​ប្រាប់ The Times ថា ​ពួកគេ​ត្រូវ​បោះបង់ចោល​មុខងារ​សុខភាព​សាធារណៈ​ក្នុង​ផ្នែក​ផ្សេង​ជា​​បណ្តោះអាសន្ន​ ឬ​ជា​អចិ​ន្រៃ្ត​យ៍​ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​។

​លោក David Rosner អ្នក​​ប្រវត្តិវិទូ​នៅ​សាកលវិទ្យាល័យ​កូ​ឡុំ​បៀ​បាន​និយាយថា​៖ «​មនុស្ស​ជាច្រើន ជាពិសេស​នៅក្នុង​រង្វង់​អភិរក្សនិយម បាន​ប្រកាន់យក​សិទ្ធិ​បុគ្គល​កាន់តែ​ច្រើនឡើង​ជាជាង​ការការពារ​សង្គម​ទាំងមូល ដែលជា​និន្នាការ​មួយ ធ្វើឱ្យ​ខូច​សញ្ញាណ​នៃ​កិច្ចសន្យា​សង្គម ដែល​មនុស្ស​ធ្វើការ​ជាមួយគ្នា ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​មួយ​»​។​

​លោកបាន​និយាយថា​៖ «​វា​ជា​ពេល​ដ៏​គួរឱ្យ​សោកសៅ​មួយ​។ តើ​យើង​រស់នៅ​ក្នុងសង្គម​មួយ​ម្ដេចនឹងបាន ប្រសិនបើ​យើង​មិនអាច​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជា​ជន​របស់​យើង​បាន​?»៕