សកម្មជន​សិទ្ធិ​មនុស្ស​ បានលើក​បដា​ដែល​សរសេរ​ថា ​«​គ្មាន​ល្បែង​ប្រល័យ​ពូជ​សាសន៍​»​គ្រវី​ទង់​ជាតិ​ទីបេ​ និង​អំពាវ​នាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិកហ្គេម​រដូវ​រងា​ក្រុង​ប៉េកាំង​ ឆ្នាំ​២០២២ ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​ដុត​ចន្លុះ​កាល​ពី​ថ្ងៃ​ចន្ទ​​​។​

​ស្ត្រី​ ២ ​នាក់​ និង​បុរស​ម្នាក់ បាន​​លួច​រត់​ឆ្លង​កាត់​របាំង​ប៉ូលិស​ដ៏​តឹងតែង​ ហើយ​សម្រុក​ចូល​ទៅ​ក្នុង​តំបន់​បុរាណ​វិទ្យា​នៃ​ពហុកីឡដ្ឋាន​ និង​វិមាន​ក្រិក​បុរាណ​ ដែល​ជា​កន្លែង​អណ្តាត​ភ្លើង​អូឡាំពិកហ្គេម ​ត្រូវបាន​ដុត​តាម​ប្រពៃណី​ ហើយ​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ចូល​ជា​ច្រើន​ថ្ងៃ។​ អ្នក​ទាំង ៣ បាន​លើក​ទង់​ជាតិ​ទីបេ​ ២-៣ ​វិនាទី​ បន្ទាប់​ពី​ចន្លុះ​ត្រូវ​បាន​ដុតរួច​។​

ក្រុម​បាតុករ​ទាំង​ ៣ ​នាក់ បាន​​ស្រែក​ទាមទារ​ឱ្យ​​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​ ខណៈ​មន្ត្រី​ដែល​ត្រូវ​បាន​អញ្ជើញ​រួម​ទាំង​ប្រធានាធិបតី​ក្រិក ​លោក​ស្រី​Katerina Sakellaropoulou និ​ង​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លោក​ Thomas Bach កំពុង​សម្លឹង​មើល​។​

​​ពិធី​នេះ​មិន​ត្រូវ​បាន​រំខាន​ដូចក​រណី​នៅក្នុងការ​ប្រកួត​កីឡា​រដូវ​ក្តៅ​ប៉េកាំង ​ឆ្នាំ ​២០០៨ ​ទេ​ ហើយ​សកម្មជន​ដែល​មិន​បាន​ទៅ​ដល់​ពហុកីឡដ្ឋាន​ ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ភ្លាម​ៗ​ ប៉ុន្តែ​មិន​បានរង​ការ​ចោទ​ប្រកាន់​អ្វី​ឡើយ​។​

​គណៈកម្មាធិការ​អូឡាំពិក​ក្រិក ​(HOC) ​​ទទួល​បន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ បាន​និយាយ​ថា​ ខ្លួន​ខក​ចិត្ត​ដែលពិ​ធី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោល​បំណង​នយោបាយ​។​​

HOC​ បាននិយាយ​ក្នុងសេ​ចក្ដី​ថ្លែងការណ៍​ថា​៖​ ​«​អណ្តាត​ភ្លើង​អូឡាំពិក​តំណាង​ឱ្យ​ប្រវត្តិសាស្ត្រ​ក្រិក​ ៣ ០០០ ​ឆ្នាំ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​សន្តិភាព​ និង​ការ​សន្ទនា​។​ ខណៈ​​ដែល ​HOC ​គោរព​សិទ្ធិ​បុគ្គល​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ វា​គឺជា​​ការ​ខកចិ​ត្តដែ​លព្រឹ​ត្តិការណ៍​វប្បធម៌​ប្រពៃណីនេះ​​ត្រូវ​បាន​ប្រើ​ប្រាស់ដោ​យ​បុគ្គល​មួយ​ចំនួន ​ដើម្បី​គោល​បំណង​ផ្សេង​ទៀត​»​។​

អាជ្ញាធរ​ចិន​បានរង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួយ​សម្រួល​ការងារដោយ​បង្ខំ​ដោយបាន​ឃុំ​ខ្លួន​ជន​ជាតិ​អ៊ុយហ្គួរ​ប្រហែល​ ១ ​លាន​នាក់ ​និង​ជន​ជាតិ​ភាគ​តិច​មូស្លីម​ដទៃ​ទៀត​នៅ​ក្នុង​ជំរំ​តាំង​ពី​ឆ្នាំ​ ២០១៦​។​​ ក្រុម​សិទ្ធិ​មនុស្ស​​បានអំពាវ​នាវ​ឱ្យ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​ពន្យារ​ពេល​ការ​ប្រកួត​ដែល​នឹង​ប្រារព្ធឡើងនៅ​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​ក្រោយ​ និង​ផ្លាស់​ប្តូរ​ទី​តាំង​ព្រឹត្តិការណ៍​នេះ​លុះ​ត្រា​តែ​ប្រទេស​ចិន​ បញ្ចប់​នូវ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា ​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កំពុង​កើត​មាន​លើជ​ន​ជាតិ​អ៊ុយហ្គួរ ​និង​ក្រុម​ជន​ជាតិ​ភាគ​តិចមូ​ស្លីម​ដទៃ​ទៀត​។​

យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​ចិនបាន​បដិសេធ​ការ​ធ្វើ​ខុសដោ​យ​និយាយ​ថា ​ខ្លួន​​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ដើម្បី​ប្រយុទ្ធប្រ​ឆាំង​នឹង​អំពើ​ជ្រុល​និយម​៕

ហួន​ ​ឌីណា​