កាលពី​ថ្ងៃទី ​១៩ ​តុលា ភ្នាក់ងារ​នៃ​ការិយាល័យ​ស៊ើបអង្កេត​របស់​អាមេរិក​ (FBI) បាន​ចុះ​ឆែក​​ឆេរ​គេហដ្ឋាន​ចំនួន​ ២ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ញូវយ៉ក មាន​ទំនាក់ទំនង​ជាមួយ​មហា​សេដ្ឋី​រុស្ស៊ី​លោក ​អូ​ឡេ​ក ឌឺ​រី​ប៉ា​ស្កា ដែល​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក និង​អតីត​និ​យោ​​ជក​របស់លោក ​ផល​ម៉ា​ណា​ហ្វ​ត ប្រធាន​យុទ្ធនា​ការបោះឆ្នោត ២០១៦ របស់លោក​ ដូ​ណា​ល់ ​ត្រាំ​។​

​អ្នកនាំពាក្យ FBI ថា ការ​ឆែកឆេរ​នេះ​ គឺ​ធ្វើតាម​ដីកា​តុលាការ ប៉ុន្តែ​បដិសេធ​បញ្ជាក់​ពី​ហេតុផល​។​

​ប្រភព​ដែល​ដឹង​អំពី​ការ​ស៊ើប​អង្កេត​នេះ​ឱ្យដឹងថា ការិយាល័យ​រដ្ឋអាជ្ញា​អាមេរិក​ប្រចាំ​ភាគ​ខាង​​ត្បូង​រដ្ឋ​ញូវយ៉ក ​គឺ​កំពុងតែ​ដឹកនាំ​ការស៊ើបអង្កេត​ទៅលើ​លោក​ ឌឺ​រី​ប៉ា​ស្កា ដែលជា​មហាសេដ្ឋី​ក្នុង​វិស័យ​ផលិត​លោហធាតុ ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​រុស្ស៊ី​។ មានការ​រាយការណ៍​ថា លោក​បាន​ស្ថិតក្រោម​ការស៊ើបអង្កេត​ជុំវិញ​ការ​​ចោទប្រកាន់​ជាច្រើន​ ដូចជា​ការលាងលុយកខ្វក់ ការគំរាមកំហែង​គូប្រជែង ការ​លួច​ស្ដាប់​ទូរស័ព្ទ​ដោយ​ខុសច្បាប់ ការ​ជំរិត​ទារប្រាក់ និង​ការធ្វើ​អាជីវកម្ម​ខុសច្បាប់​។​

​អ្នកតំណាង​លោក​ ឌឺ​រី​ប៉ា​ស្កា ​១ ​រូបបាន​និយាយថា គេហដ្ឋាន​ដែល​ត្រូវបាន​ឆែកឆេរ​ទាំងនេះ គឺជា​កម្មសិទ្ធិ​របស់​សាច់ញាតិ​លោក​ ឌឺ​រី​ប៉ា​ស្កា មិនមែនជា​កម្មសិទ្ធិរ​បស់​លោក​ផ្ទាល់​ទេ​។ គេ​មិនដឹងថា លោក​ ឌឺ​រី​ប៉ា​ស្កា ​ឥឡូវ​មាន​ទីតាំង​នៅឯណា​ទេ​។​

​កាលពី​ឆ្នាំ ​២០១៨ អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​លោក ​ឌឺ​រី​ប៉ា​ស្កា ជាមួយនឹង​មហាសេដ្ឋី​រុស្ស៊ី​មួយចំនួន​ផ្សេងទៀត ដោយ​​សារ​ទំនាក់ទំនង​ពួកគេ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី បន្ទាប់ពី​មានការ​​ចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​ចូល​ការបោះឆ្នោត​ឆ្នាំ​ ២០១៦ របស់​អាមេរិក​។ រុស្ស៊ី​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​៕