​ភាពភ័យខ្លាច​បាន​កើនឡើង សម្រាប់​ពលករ​ចំណាកស្រុក​នៅ​តំបន់​កា​ស្មៀ​រដែ​ល​គ្រប់គ្រង​ដោយ​ឥណ្ឌា បន្ទាប់ពី​មនុស្ស ៤ ​នាក់ ត្រូវបាន​បាញ់សម្លាប់​ក្នុង​រយៈពេល ២ ​ថ្ងៃ ខណៈ​ក្រុម​ឧទ្ទាម​ប្រឆាំង​ឥណ្ឌា​គំរាម​​កំហែង​វាយប្រហារ​បន្ថែមទៀត ​ដែល​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់ ត្រូវ​ភៀសខ្លួន​ចេញពី​តំបន់​នេះ​។​

​ក្រុម​ឧទ្ទាម​កា​ស្មៀ​របា​ន​ប្រយុទ្ធ​គ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ដោយ​ទាមទារ​ឱ្យមាន​រដ្ឋ​ឯករាជ្យ​មួយ ឬ​ការរួមបញ្ចូល​គ្នា​ជា​មួយ​ប្រទេសជិតខាង​ប៉ា​គី​ស្ថាន ដែល​ទាម​​ទារ​គ្រប់គ្រង​តំបន់​មានទំនាស់​នេះ​ទាំងមូល​ដូចគ្នា​។​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ពលករ​ចំណាកស្រុក​ចំនួន ២​ នាក់ ត្រូវបាន​ក្រុម​ឧទ្ទាម​បាញ់សម្លាប់​ដោយ​មិន​រើសមុខ ក្រោយពី​ក្រុម​ប្រដាប់អាវុធ​នេះ បាន​រារាំង​ពលករ​មិនឱ្យ​ចូលទៅក្នុង​បន្ទប់​ជួល​របស់​ពួកគេ​នៅ​ជិត​ភូមិ​ Ganjipora ក្នុងស្រុក ​Kulgam ភាគខាងត្បូង​។ ១​ ថ្ងៃមុន​ហេតុការណ៍​នេះ​ កើតឡើង អ្នកលក់ដូរ​តាមផ្លូវ​ហិណ្ឌូ​ម្នាក់​នៅក្នុង​តំបន់ ​Eidgah នៃ​ក្រុង Srinagar និង​ជាងឈើ​មូស្លីម​ម្នាក់ទៀត​នៅក្នុង​ស្រុក​ Pulwama ត្រូវបាន​សម្លាប់​តាមរបៀប​ស្រដៀង​គ្នា​។​

​ត្រឹមតែ​ខែតុលា​នេះ ជន​ស៊ីវិល​យ៉ាងតិច ១១ ​នាក់ រួមទាំង​ពលករ​ចំណាកស្រុក ៥​ នាក់ ត្រូវបាន​ក្រុម​ឧទ្ទាម​បាញ់សម្លាប់​ក្នុង​តំបន់​កា​ស្មៀ​រ​។ ការសម្លាប់​នេះ គឺជា​ផ្នែក​មួយ​នៃ​ការកើនឡើង​នៃ​អំពើហិង្សា​នាពេល​ថ្មីៗ​ក្នុង​តំបន់ ដែលមាន​មនុស្ស​យ៉ាងតិច ៣៣​ នាក់​ស្លាប់ ចាប់តាំងពី​ដើមខែ​តុលា​មក ក្នុងនោះ​រួមបញ្ចូល​ទាំង​ក្រុម​ឧទ្ទាម ១៣ ​នាក់ និង​សមាជិក​កងកម្លាំង​សន្តិសុខ​ឥណ្ឌា ៩​ នាក់​ផង​។​

​ចំពេល​មានការ​វាយប្រហារ​កើនឡើង ពលករ​ចំណាកស្រុក​រាប់រយ​នាក់ ត្រូវបាន​ផ្លាស់​ទៅ​ជំរំ​យោធា​ឥណ្ឌា ឬ​អគារ​ការពារ​ផ្សេងទៀត​។ កម្មករសំណង់​ម្នាក់ ឈ្មោះ​ Ram អាយុ ៤៥ ​ឆ្នាំ ដែល​ធ្វើការ​នៅ​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា អស់​រយៈពេល ១៥​ ឆ្នាំ​មកហើយ​នោះ បាន​និយាយថា លោក​ត្រូវបាន​ប៉ូលិស​ទូរស័ព្ទ​ហៅ​ឱ្យទៅ​ស្នាក់​នៅឯ​អគារ​ដែលមាន​ការការពា​រ​។​

​ពលករ​ដែល​មកពី ​West Bengal រូបនេះ​បាន​បន្ថែមថា ខណៈដែល​កម្មករ​ចំណាកស្រុក​កំពុង​ភ័យខ្លាច លោក​មានការ​-​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​។ លោក​និយាយថា​៖ «​មនុស្ស​ជំពាក់​លុយ​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​ចេញទៅ​ក្រៅ​ហើយ​សុំ​លុយ​គេ ព្រោះ​ត្រូវ​បង់ថ្លៃ​សាលា​ឱ្យ​កូន តែ​វា​អាចធ្វើ​ទៅបាន លុះត្រាតែ​ខ្ញុំ​ទទួលបាន​ប្រាក់​ដែល​ខ្ញុំ​រកបាន​ទាំងអស់​»​។​

​ការសម្លាប់​ពលករ​ចំណាកស្រុក​តាម​គោលដៅ បង្ខំ​ឱ្យ​ពលករ​រាប់ពាន់នាក់ វេច​​បង្វេច ហើយ​ចាក​ចេញទៅ​រដ្ឋ​ទី​កំណើត​របស់ខ្លួន​វិញ​។ កម្មករ​ធ្វើការ​នៅ​ចម្ការ​ផ្លែ​ប៉ោម​មួយ​នៅក្នុង​ស្រុក​Shopian ក្នុង​តំបន់បាន​និយាយ​ជា​អនាមិក​ពេល​កំពុង​ជិះឡាន​ក្រុង​ទៅ​ស្រុក​វិញ​ថា​៖ «​យើង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ យើង​គ្រាន់តែ​មក​ទីនេះ​ដើម្បី​រកប្រាក់​ប៉ុណ្ណោះ យើង​មិនដឹងថា ហេតុអ្វី​បានជា​យើង​ក្លាយជា​គោលដៅ​ឡើយ​»​។​

​តាម​ការប៉ាន់ប្រមាណរ​បស់​រដ្ឋាភិបាល ពលករ​ចំណាកស្រុក​ប្រហែល ៤០០ ០០០ ​នាក់ បាន​ចូលមក​កា​ស្មៀ​រ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​ការងារ​ជាជាង​ដេរ ជាងឈើ ជាងកាត់ដេរ និង​ជាងដែក​ជាដើម​។ មន្ត្រី​ក្នុង​តំបន់​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន​ Al Jazeera ថា ពលករ​កំពុង​ត្រូវ​ប្តូរ​ទៅកាន់​ទីតាំង ដែល​ការពារ​ដោយ​កងកម្លាំង​ពិសេស ដោយសារតែ​ការមិន​ធានាបាន​នូវ​បញ្ហា​សុវត្ថិភាព​។​

​ពួក​មន្ត្រី​កា​ស្មៀ​រ​និយាយថា ក្រុម​ឧទ្ទាម​ដែល​មិនសូវមាន​គេ​ស្គាល់ឈ្មោះ «​រណសិរ្ស​តស៊ូ​ (TRF)» ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​ត្រូវបាន​គេ​ជឿថា នៅ​ពីក្រោយ​ការ​​សម្លាប់​ជន​ស៊ីវិល​នាពេល​ថ្មីៗ​នេះ​។ ក្រុម​ TRF បាន​គំរាមកំហែង​វាយប្រហារ​បន្ថែមទៀត ទៅលើ​ជន​ចំណាកស្រុក​ក្នុង​តំបន់ ដោយបាន​និយាយថា ពួកគេ​គឺជា​ផ្នែក​មួយ​នៃ «​ការ​រចនា​របស់​ទីក្រុង​ញូវដែលី ​ដើម្បី​ផ្លាស់ប្តូរ​ប្រជាសាស្ត្រ​នៃ​តំបន់​ដែល​មាន​ប្រជាជន​មូស្លីម​ភាគច្រើន​»​។​

TRF បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​កាលពីដើម​ខែតុលា​ថា​៖ «​ជាថ្មី​ម្តងទៀត យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា អ្នក​កាន់​លំនៅឋាន​ជនអន្តោប្រវេសន៍ និង​អ្នក​សហការ មិន​ថា​កាន់សាសនា​ណាក៏ដោយ គឺជា​សត្រូវ​នៃ​ការតស៊ូ​នៅ​កា​ស្មៀ​រ ហើយ​និង​មិនត្រូវ​រួច​ជីវិត​ឡើយ​»​។​

​ស្ថានការណ៍​នៅ​តំបន់​កា​ស្មៀ​រ ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌាកាន់តែ​អាក្រក់​ទៅៗ កាលពី​ ២ ​ឆ្នាំមុន នៅពេលដែល​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី (Narendra Modi) លុបចោល​ស្វ័យភាព ដែលមាន​កំណត់​របស់​តំបន់ ដាក់​ការ​រឹត​បន្តឹង​សន្តិសុខ​រយៈពេល ១​ ខែ និង​ចាប់ខ្លួន​ជនជាតិ​កា​ស្មៀ​រ​រាប់រយ​នាក់ រួមទាំង​បង្កើត​ច្បាប់ ដែលជា​ការគំរាមកំហែង​ដល់​ការផ្លាស់​ប្តូរ​ប្រជាសាស្ត្រ​របស់​តំបន់​ទៀតផង​។

​ការលុបចោល​មាត្រា​ ៣៧០ និង​មាត្រា ​៣៥-A នៃ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ដែល​ហាមឃាត់​ជន​មិនមែន​នៅក្នុង​ស្រុក​មកពី​រដ្ឋ​ដទៃទៀត មិនឱ្យ​តាំង​លំនៅ ឬ​ទិញ​ដី​ជា​អចិ​ន្រៃ្ត​យ៍​នៅ​តំបន់​កា​ស្មៀ​រ​នោះ បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ថា រដ្ឋាភិបាល​អាច​នឹង​ដកហូត​ដីធ្លី និង​មុខរបរ​របស់​ពួកគេ​។​

​រដ្ឋាភិបាល​សហព័ន្ធ បានបង្ហាញ​ពី​ភាព​​ត្រឹមត្រូវ​នៃ​ការផ្លាស់ប្តូរ​ដ៏​វែងឆ្ងាយ​របស់ខ្លួន ដោយ​និយាយថា វា​ចាំបាច់​ដើម្បី​ប្រយុទ្ធ​​ប្រឆាំងនឹង​ការបះបោរ​ប្រដាប់អាវុធ បង្កើត​ការងារ និង​វិបុលភាព​សេដ្ឋកិច្ច​បន្ថែមទៀត​នៅក្នុង​តំបន់ ប៉ុន្តែ​អ្នកស្រុក​និយាយថា ការផ្លាស់ប្តូរ​នេះ គ្រាន់តែ​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​នៅក្នុង​តំបន់​កាន់តែ​អាក្រក់​ទៅៗ​ប៉ុណ្ណោះ​។​

​ឆ្នាំ ​២០២១ គឺជា​ឆ្នាំ​មួយ ដែលមាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បំផុត សម្រាប់​ក្រុម​ជន​ចំណាកស្រុក និង​ជនជាតិភាគតិច​នៅ​តំបន់​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ចាប់​​តាំងពី​ខែមករា​មក ជន​ស៊ីវិល​យ៉ាងតិច ៣២ នាក់​ រួមទាំង​សកម្មជន​របស់​គណបក្ស​ន​យោ​បាយ​គាំទ្រ​ឥណ្ឌា ត្រូវបាន​សម្លាប់​នៅក្នុង​តំបន់​នេះ ហើយ​មនុស្ស ៦​ នាក់ ដែល​ស្លាប់​នៅ​ឆ្នាំនេះ ជា​ជនជាតិភាគតិច​៕

​ហួន ឌី​ណា​