មន្រ្តី​ឥណ្ឌា​ និង​នេប៉ាល់​បាននិយាយ​ថា​ មនុស្ស​ជាង​ ១៥០ ​នាក់បាន​​ស្លាប់​ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​ និង​ការ​រអិល​បាក់​ដី​​ដែល​​បោក​បក់​ផ្ដាច់​ផ្លូវ​ និង​ផ្ទះ​សំបែង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នៅក្នុង​ប្រទេស​ទាំង ​២​ ខណៈ​មនុស្ស​រាប់​សិប​នាក់​ទៀត​​កំពុងបាត់ខ្លួ​ន​។​

​មន្រ្តី​ឥណ្ឌា​បាននិយាយ​ថា​ ​មនុស្ស ​៤៦​ នាក់​​ស្លាប់ នៅ​ក្នុង​រដ្ឋ ​Uttarakhand ​ភាគ​ខាង​ជើង​ប្រទេស​និង​ ១១ ​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​ ខណៈ​នៅ​រដ្ឋ​ Kerala ​​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ៣៩​ នាក់​​​។ ​មន្រ្តី​ដដែល បន្ត​ទៀតថា​ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​រដ្ឋ​​ Uttarakhand ​​រហូត​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​​ និង​បំផ្លាញ​សំណង់​អស់​ជា​ច្រើន​ខ្នង​។​

​​​នាយកដ្ឋាន​ឧតុ​និយម​ឥណ្ឌា​ បានព្រមានកាល​​​​​ពី​ថ្ងៃ​អង្គារ​ដោយ​​ព្យាករ​​​ថា​ ​ភ្លៀង​ធ្លាក់​ពីខ្លាំង​ទៅ​ជោគ​ជាំ​នៅ​តំបន់​ភាគ​ខាង​ជើង​។​ ការិយាល័យ​អាកាសធាតុ​​និយាយ​ថា​ តំបន់​ជា​ច្រើន​​ទទួល​បាន​​កំណក​អាកាស​ជាង​ ៤០០ ​មីល្លីម៉ែត្ រ​កាល​ពី​ថ្ងៃ​ចន្ទ​ រហូត​បណ្តាល​ឱ្យ​មាន​ការ​បាក់ដី​ និង​ទឹក​ជំនន់​។​ ជាមួយ​គ្នា​នោះ​ អាជ្ញាធរ​ក៏​បានបញ្ជា​ឱ្យ​បិទ​សាលារៀន​ និង​ហាម​ឃាត់​រាល់​សកម្មភាព​សាសនា​ និង​ទេសចរណ៍​នៅ​ក្នុង​រដ្ឋ​។​

​នៅ​ឯ​ប្រទេស​នេប៉ាល់​វិញ​ មន្ត្រី​បាននិយាយ​ថា​ ចំនួន​អ្នក​ស្លាប់​បន្ទាប់​ពី​មានភ្លៀង​ធ្លាក់​ខ្លាំង​ ៣​ ថ្ងៃ​ជាប់​គ្នា បាន​បង្ក​ឱ្យមានការ​រអិល​បាក់​ដី​ និង​ទឹក​ជំនន់​ភ្លាម​ៗ​​នៅ​តំបន់​ភាគ​ខាង​កើត​ និង​ខាង​លិច​ក្បែរ​ព្រំដែន​ឥណ្ឌា​មានអ្នកស្លាប់កើន​ឡើង​ដល់​ ៧៧​ នាក់​នៅ​ថ្ងៃ​ពុធ​​ បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​ ៣៤​ នាក់​បន្ថែម​ទៀត​។​

​ការ​រអិល​បាក់​ដី​តែង​កើត​មាន​នៅ​ក្នុង​តំបន់​ហិមាល័យ​ ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា​ គ្រោះ​ធម្មជាតិ​នេះ​នឹង​កើត​មាន​ញឹក​ញាប់​ដោយ​សារតែមាន​​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា​ និង​ការ​រលាយ​ផ្ទាំង​ទឹកកក​។​ អ្នក​ជំនាញ​ក៏បានបន្ទោស​លើ​ការ​សាង​សង់​​ទំនប់​វារី​អគ្គិសនី ​និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ផង​ដែរ​។​

កាល​ពី​ខែ​កុម្ភៈ​ ទឹក​ជំនន់​ដ៏​សាហាវ​​​នៅ​ជ្រលង​ភ្នំ​ដាច់​ស្រយាល​មួយ​ក្នុង​រដ្ឋ​ Uttarakhand ​​បានសម្លាប់​មនុស្ស​ប្រហែល​ ២០០ ​នាក់​ ហើយ​ក្នុង​ឆ្នាំ​ ២០១៣ ​​មានមនុស្ស​យ៉ាង​ហោច​ណាស់ ​៥ ៧០០ ​នាក់​ បាន​ស្លាប់​នៅ​ទីនោះ​ ដោយ​សារ​ទឹក​ជំនន់​ដ៏មហា​ប្រល័យ​ដូច​គ្នា​នេះ៕​​

ហួន​ ឌីណា​