ម៉ាឡេស៊ី​រំពឹង​ទុក​ថា នាវា​របស់​ឆ្មាំ​សមុទ្រ​ចិន​របស់​ចិន​ទំនង​ជានឹង​ចូល​មកក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន​ ដែល​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ញឹកញាប់​ជាង​មុន ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី Petronas កំពុង​តែ​អភិវឌ្ឍ​តំបន់​ឧស្ម័ន​មួយ​ឈ្មោះ​ថា Kasawari ដែល​មាន​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ ​ពី​រដ្ឋ​សារ៉ាវ៉ាក់។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Saifuddin Abdullah រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ពុធ។

ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយដែល​រៀប​ចំ​ដោយ​សហគមន៍​គោលនយោបាយ​ការបរទេស​ឥណ្ឌូនេស៊ី (FPCI) លោក Abdullah បាន​លើកឡើង​ថា «ខ្ញុំ​គិត​ថាដរាប​ណា​ក្រុមហ៊ុន Petronas ប្រតិបត្តិការ​នៅ​តំបន់ Kasawari យើង​រំពឹង​ទុក​ថា ចិន​នឹង​មក​តំបន់​នោះ​រាង​ញឹកញាប់​ជាង​មុន​បន្តិច​ហើយ»។

តំបន់​ Kasawari ត្រូវ​បាន​រក​ឃើញ​ថា ​មាន​រ៉ែ​ឧស្ម័ន​កាល​ពី​ឆ្នាំ ២០១១ ហើយ​នៅ​តំបន់​នេះ​គេ​រក​ឃើញ​ថា ​មាន​ឧស្ម័ន​ប្រមាណ ៨៤ ប៊ីលាន​ម៉ែត្រ​គុប ហើយ​អាច​នឹង​បង្ហូរ​ចេញ​បាន​នៅ​ឆ្នាំ ២០២៣ ដែល​រំពឹង​ថា ​នឹង​ផលិត​បាន ២៥ លាន​ម៉ែត្រគុប ​ក្នុង​ ១ ​ថ្ងៃ។

«យើង​តែងតែ​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​ភាគី​ចិន ខ្ញុំ​ចាំ​លែង​អស់​ហើយ​ពី​ចំនួន​ដែល​យើង​បញ្ជូន​កំណត់ហេតុ​ការទូត​ទៅ​កាន់​ចិនយើង​នឹង​ត្រៀម​ខ្លួន​ជានិច្ចហើយ​បន្ត​ឆ្លើយតប​ទៅ​ពួក​គេ​ប្រកប​ដោយ​ភាព​ការទូត»។ នេះ​ជា​ការ​លើកឡើង​បន្ថែម​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី។

ពាក់ព័ន្ធ​នឹង​ភាព​ចម្រូង​ចម្រាស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ ម៉ាឡេស៊ី​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ខ្លួន​ចំនួន ២ ដងរួចមក​ហើយ​នៅ​ឆ្នាំ ២០២១ ​នេះ ដោយ​លើក​ទី១ នៅ​ខែ​មិថុនា និង​លើក​ទី២ នៅ​ខែ​តុលា។

ការ​កោះ​ហៅ​ទាំង​ ២ ​លើក​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ខាង​ម៉ាឡេស៊ី​ប្រទះ​ឃើញ​វត្តមាន​យន្តហោះ​ចម្បាំង​របស់​ចិន​ហោះ​ចូល​ដែន​អាកាស​ក៏​ដូច​ជា​វត្តមាន​នាវា ​និង​ទូក​ឆ្មាំ​សមុទ្រ​របស់​ចិន​ បើកឆ្លង​ចូល​ទៅ​ក្នុង​ដែន​សមុទ្រ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ខ្លួន។

នៅ​ពេល​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ចិនខាង​ស្ថានទូត​ចិន​នៅ​ម៉ាឡេស៊ី​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ណា​មួយ​ជា​សាធារណៈ​ទេ។

យ៉ាងណាមិញអំឡុង​ពេល​ដែល​មាន​យន្តហោះ​ចម្បាំង​របស់​ចិនត្រូវ​បាន​ចោទ​ថា​ហោះ​ចូល​ដែន​អាកាស​ម៉ាឡេស៊ី​កាល​ពី​ខែ​មិថុនា ខាង​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយតប​ថាយន្តហោះ​ទាំង​នោះ​គ្រាន់​តែ​ប្រតិបត្តិការ​បេសកកម្ម​ហ្វឹកហាត់​ជា​ទម្លាប់​ប៉ុណ្ណោះហើយ​មិន​បាន​ចូល​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណា​ទេ។

ទោះ​បី​ជា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​រំពឹង​ថា ​នឹង​មាន​វត្តមាន​របស់​នាវា​ឆ្មាំ​សមុទ្រ​ចិន​ចូល​មក​ញឹកញាប់នោះ​អ្នក​នយោបាយ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​និយាយ​ថា លោក​ក៏​បាន​ប្រាប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Petronas ដែរថា ខាង​ក្រុមហ៊ុន​រដ្ឋ​នេះ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បន្ត​ជីក​កកាយ​រុករក​ឧស្ម័ន​នៅ​តំបន់​នោះ ខណៈ​គម្រោង Kasawari ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ម៉ាឡេស៊ី។

តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​តំបន់​ចម្រូងចម្រាស​ និង​ជា​ប្រធានបទ​ដ៏​រសើប​មួយ​សម្រាប់​កិច្ចពិភាក្សា​ថ្នាក់​តំបន់​នានា។ ប្រទេស​ចំនួន ៦ ដែល​រួម​មាន​ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ីម៉ាឡេស៊ី ហ្វីលីពីន វៀតណាម បាន​អះអាង​ថា ​ខ្លួន​មាន​ចំណែក​រៀងៗ​ខ្លួន​នៅ​លើតំបន់សមុទ្រ​នោះ។

ក្រៅ​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងលោក Abdullah យល់​ថា ទំនាក់ទំនង​រវាង​ចិន និង​ម៉ាឡេស៊ី​ក្នុង​ទិដ្ឋភាព​ទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។

ចិន​ជា​ប្រភព​វិនិយោគ​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចាប់​ពី​ឆ្នាំ ២០១៦ មក ខណៈ​នៅ​ឆ្នាំ ២០២០ ម៉ាឡេស៊ី​ទទួល​បាន​ការ​វិនិយោគ​ពី​ចិន​ប្រមាណ ៤,៤ ប៊ីលាន​ដុល្លារ។ បន្ថែម​ពី​លើទំហំ​នៃ​ការ​វិនិយោគនោះ ចិន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​លេខ ១ របស់​ម៉ាឡេស៊ី​ដែរ ​ចាប់​ពី​ឆ្នាំ ២០០៩ ដោយ​នៅ​ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ស្មើ​នឹង ​១៨,៦% នៃ​ពាណិជ្ជកម្ម​សរុប​របស់​ម៉ាឡេស៊ី៕

ហ៊ីម រដ្ឋា