
លោក Dereck Chollet (កណ្តាល) ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ១៥ កញ្ញា។ រូបថត AFP
សិង្ហបុរីមាន «ឥទ្ធិពលហិរញ្ញវត្ថុ» យ៉ាងច្រើនទៅលើរដ្ឋាភិបាលដឹកនាំដោយយោធាមីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើងរបស់លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អំឡុងពេលដែលលោក និងប្រតិភូនៃអន្តរស្ថាប័ននៃរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
លោក Chollet ដឹកនាំមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមកពីក្រសួងការបរទេសក្រុមប្រឹក្សាសន្តិសុខជាតិ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងអង្គភាពសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ទៅកាន់ប្រទេសថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែតុលាកន្លងទៅ។
យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រតិភូនៃឧត្ដមមន្ត្រីទាំងនេះ នឹងធ្វើការពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសទាំង ៣ អំពីបញ្ហាមីយ៉ាន់ម៉ា ក៏ដូចជជែកអំពីការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ។
នៅសិង្ហបុរី ក្រៅពីជួបមន្ត្រីនៃក្រសួងការបរទេស លោក Chollet ក៏បានជួបពិភាក្សាជាមួយនឹងមន្ត្រីនៃអាជ្ញាធររូបិយប័ណ្ណសិង្ហបុរី (MAS) ផងដែរ។
បើតាមការបណ្ដាញសង្គម Twitter របស់លោក Chollet លោកបានសរសេរថា លោកបានជួបជាមួយនឹងអនុប្រធាននៃ MAS លោកស្រី Ho HernShin។ លោកបានបន្ថែមថា លោកបានជួបជាមួយលោកស្រី Ho ដើម្បី «ស្វែងរកវិធីក្នុងការទប់ស្កាត់មិនឱ្យរបបយោធាភូមាប្រើប្រាស់ប្រាក់តម្កល់នៅក្រៅប្រទេស»។
លោកបានប្រាប់សន្និសីទកាសែតតាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា «សិង្ហបុរីមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងចំពោះរបបយោធាភូមា។ សិង្ហបុរីមានតួនាទីដ៏សំខាន់ខ្លាំងណាស់ក្នុងរឿងនេះ។ យើងមានការជជែកពិភាក្សាយ៉ាងល្អអំពីវិធីសាស្ត្រនាពេលខាងមុខ»។
យ៉ាងណាមិញ លោកមិនបានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធថា សហរដ្ឋអាមេរិក និងសិង្ហបុរីនឹងសហការគ្នាបែបណានោះទេ ក្នុងការដាក់សម្ពាធ លើយោធាមីយ៉ាន់ម៉ា។
សិង្ហបុរីវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា សរុបប្រមាណ ២៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
យោងតាមការអះអាងរបស់ក្រុមយុទ្ធនាការស្វែងរកយុត្តិធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ា (Justice for Myanmar) អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានទឹកប្រាក់នៅសិង្ហបុរីសរុបប្រមាណ ៥,៧ ប៊ីលានដុល្លារអាមេរិក នៅក្នុងធនាគារសិង្ហបុរី។ តែយ៉ាងណាមិញធនាគារកណ្ដាលសិង្ហបុរីបានចេញសេចក្ដីថ្លែងការណ៍បដិសេធលើការលើកឡើងនេះ។
កាលពីខែសីហាកន្លងទៅ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងថា សិង្ហបុរីមិនមានឥទ្ធិពលលើមីយ៉ាន់ម៉ាដូចការរំពឹងទុកនោះទេ។
ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាមក សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួន បានដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ និងស្ថាប័នជាច្រើនដែលជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា។
ចំណែកឯប្រទេសសិង្ហបុរី និងប្រទេសសមាជិកអាស៊ានវិញ ជារឿយៗតែងតែអំពាវនាវឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា និងចូលរួមអង្គុយដោះស្រាយទល់មុខគ្នាតាមរយៈតុចរចាឡើងវិញ។
អាស៊ាន ស្ថាប័នតំបន់មានសមាជិក ១០ ប្រទេសបានព្រមព្រៀងឱ្យមានចំណុចមូលមតិទាំង ៥ ដោយក្នុងនោះមានដូចជា ការតែងតាំងឱ្យមានប្រេសិតពិសេសរបស់អាស៊ានទៅកាន់មីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលឱ្យមានកិច្ចចរចានៅក្នុងមីយ៉ាន់ម៉ា និងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ។
ស្ថានការណ៍ចុងក្រោយនៅក្នុងអង្គការនេះ គឺប្រទេសអាស៊ានបានសម្រេចមិនអញ្ជើញថ្នាក់ដឹកនាំនយោបាយតំណាងមីយ៉ាន់ម៉ាឱ្យចូលប្រជុំក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតដែលនឹងធ្វើឡើងនៅចុងខែតុលានេះ។ នេះបានសេចក្ដីថា ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំដ៏ធំរបស់តំបន់អាស៊ីអាគ្នេយ៍នោះឡើយ។
យ៉ាងណាមិញអាស៊ានបានសម្រេចអញ្ជើញតំណាងមិនមែនមកពីជួរថ្នាក់ដឹកនាំនយោបាយតែរហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា បុគ្គលរូបណានឹងធ្វើជាតំណាងប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ាននោះទេ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អាស៊ាននេះដែរ សហរដ្ឋអាមេរិកសាទរជាខ្លាំងជូនចំពោះអាស៊ានក្នុងការចាត់ចែងដោះស្រាយលើវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមអត្ថបទរបស់ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកចុះផ្សាយតាមរយៈសារព័ត៌មានឥណ្ឌូនេស៊ី The Jakarta Post៕
ហ៊ីម រដ្ឋា